ខេត្តព្រះសីហនុ៖ ប្រទេសមានច្បាប់ អ្នកប្រព្រឹត្តបទល្មើសមិនងាយគេចផុតពីសំណាញ់ច្បាប់ឡើយ ។ ជាក់ស្តែងទីបំផុត ! មន្ត្រីកងរាជអាវុធហត្ថខេត្តព្រះសីហនុ ឈ្មោះ អំ ឆេកូ និងមនុស្សម្នាក់ទៀតត្រូវបាននគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួន បន្ទាប់ពីសង្ស័យផ្ទុះអាវុធបាញ់សម្លាប់មនុស្សម្នាក់នៅចំណុចរង្វង់មូលតោ២ ក្នុងក្រុងព្រះសីហនុ ដោយការការទាស់សំដីគ្នា គិតខ្លី ចរិកឈាមខ្លាផងនោះ ចុងក្រោយខ្នោះទាល់តែបាន។
សូមបញ្ជាក់ថា, ជនសង្ស័យជាឃាតករ ពួកគេទាំងពីរនាក់ត្រូវឃាត់ខ្លួនបាននៅព្រឹកថ្ងៃទី១ ខែឧសភា ម្សិលមិញម្លេះ ក្រោយធ្វើសកម្មភាពបាញ់សម្លាប់ជនរងគ្រោះកាលពីម៉ោង១២និង៣០នាទីយប់ ឈានចូលដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២។
សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានអោយដឹងនៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ថា, បច្ចុប្បន្នពួកគេទាំង២នាក់ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅឱ្យកងរាជអាវុធហត្ថខេត្តដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញម៉ូតូ ២គ្រឿង ជិះស៊ីភ្លេ តដាក់គ្នាទៅវិញទៅមក នៅតាមបណ្តោយផ្លូវ២ធ្នូ (ផ្លូវកន្ទុយនាគ) លុះមកដល់ចំណុចរង្វង់មូលតោពីរ ម៉ូតូទាំងពីគ្រឿងឈប់នៅក្លែងកើតហេតុ រួចទាស់សំដីគ្នាដែលទំនងជាខឹងរឿងស៊ីភ្លេម៉ូតូឌឺដង។ រួចជនដៃដល់ឈ្មោះ អំ ឆេកូ បានវាយលើជនរងគ្រោះរួចក៏ដើរទៅបើកកែបម៉ូតូយកកាំភ្លើងមកវាយទៅលើភាគីជនរងគ្រោះបែកក្បាលម្នាក់ មុននឹងបាញ់សម្លាប់ទៅលើជនរងគ្រោះ។
ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលខេត្តព្រះសីហនុបាននាំយុវជនពីរនាក់ដែលធ្វើដំណើររួមជាមួយសាកសពជនរងគ្រោះទៅសាកសួរចំណែកសពត្រូវបានក្រុមគ្រូពេទ្យដឹកយកទៅតម្កល់ទុកនៅមន្ទីរពេទ្យបង្អែកខេត្ត រង់ចាំធ្វើពិនិត្យកោសល្យវិច្ច័យរួច និងប្រគល់សពជូនសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយឡែកជនសង្ស័យជាឃាតករ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅអយ្យការ ចាត់ការបន្តតាមនីតិវិធី ៕.