ភ្នំពេញ ៖ បើយោងតាមលិខិតរបស់ក្រសួងព័ត៌មានអញ្ជើញថ្នាក់ដឹកនាំអង្គភាពសារព័ត៌មាន គឺនៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ស្អែកនេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត នឹងអញ្ជើញជាតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជួបសំណេះសំណាលជាមួយក្រុមអ្នកសារព័ត៌មាន ក្នុងឱកាសអបអរសាទរ ទិវាសេរីភាពសារព័ត៌មានសកលលោកលើកទី២៩។
ជារៀងរាល់ឆ្នាំមិនវិបត្តិជំងឺកូវីដ-១៩ រាតត្បាត គឺសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា តែងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ជាមួយអ្នកសារព័ត៌មាន ក្នុងទិវាសេរីភាពសារព័ត៌មានសកលលោក ។
សូមបញ្ជាក់ថា, ទិវានេះរៀបចំឡើងដោយក្រសួងព័ត៌មាន ក្នុងន័យដើម្បីលើកស្ទួយសិទ្ធិ សេរីភាពនៃការបញ្ចេញមតិ សេរីភាពខាងសារព័ត៌មាន និងការលើកទឹកចិត្តដល់បងប្អូនអ្នកសារព័ត៌មានជាតិ-អន្តរជាតិ ដែលកំពុងតែបំពេញភារកិច្ចលើវិស័យព័ត៌មាននៅកម្ពុជា និងនៅលើសកលលោក ព្រមទាំងបង្កើនភាពស្និទ្ធស្នាល រវាងថ្នាក់ដឹកនាំក៏ដូចជាអ្នកនាំពាក្យ ជាមួយអ្នកសារព័ត៌មាន។
ទិវាសេរីភាពសារព័ត៌មាន សកលលោកលើកទី២៩ នឹងមានការចូលរួមពីលោក ខៀវ កញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន, តំណាងអង្គការយូណេស្កូ ប្រចាំកម្ពុជា, លោកស្រី Sarmen Moerno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា, តំណាងស្ថានទូតស៊ុយអែត ប្រចាំកម្ពុជា ព្រមទាំងអ្នកពាក់ព័ន្ធមួយចំនួន នៅសណ្ឋាគារសុខាភ្នំពេញ។
យោងតាមរបៀបវារៈ តំណាងក្រសួងព័ត៌មាននឹងអានសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអបអរទិវាសេរីភាពសារព័ត៌មាន សកលលោកលើកទី២៩ នាថ្ងៃទី៣ ខែឧសភា។
សូមជម្រាបផងដែរថា, សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ បានចេញសេចក្តីថ្លែងការណ៍ ក្នុងទិវាសេរីភាពសារព័ត៌មានសកលលោកលើកទី២៩ ដោយសូមលើកទឹកចិត្តដល់ថ្នាក់ដឹកនាំក្នុងវិស័យ ព័ត៌មាននិងអ្នកសារព័ត៌មាន សូមកុំបណ្ដោយខ្លួនឱ្យទៅអ្នកទន់ជ្រាយ រំអួយ ឬសម្ដែងធ្វើជាជនរងគ្រោះ ក៏ប៉ុន្តែ គប្បីខិតខំប្រឹងប្រែងយ៉ាងស្វាហាប់ប្រកបដោយប្រាជ្ញាញាណ ដើម្បីប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដោយភាពច្នៃប្រឌិត ក្នុងការបង្កើតបាននូវកាលានុវត្តភាព និងមានសារប្រយោជន៍ដល់សង្គមជាតិ។
សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា សូមគាំទ្រដល់ក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជា និង ដៃគូនានា ក្នុងការប្រឹងប្រែងរៀបចំគោលនយោបាយ បទដ្ឋានគតិយុត្ត និងរៀបចំថ្នាលបច្ចេកវិទ្យាឌីជីថល ដើម្បីបង្កភាពងាយស្រួល ដើម្បីចាប់យកឌីជីថលមកបង្កើនប្រសិទ្ធភាពសេវាសាធារណៈ និងជួយជំរុញ ល្បឿនសេដ្ឋកិច្ចសង្គម ហើយម្យ៉ាងទៀតក៏អាចការពារបាននូវសុវត្ថិភាពទិន្នន័យ ការក្លែងបន្លំ ការលួច ការប្រយុទ្ធប្រឆាំងសកម្មភាពអវិជ្ជមានក្នុងប្រព័ន្ធឌីជីថល និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែង។
សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា សូមទាញការចាប់អារម្មណ៍ផងដែរថា នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ប្រទេសកម្ពុជាយើង នឹងរៀបចំការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលមានសារៈសំខាន់ ដល់ដំណើរការប្រជាធិបតេយ្យនៅមូលដ្ឋាន ស.ស.ស.ក សូមលើកទឹកចិត្តដល់ថ្នាក់ដឹកនាំក្នុងវិស័យ ព័ត៌មាននិងអ្នកសារព័ត៌មាន ចូលរួមជា«កែវភ្នែកយុត្តិធម៌» តាមរយៈការផ្សព្វផ្សាយនូវ «ព័ត៌មានពិត” ដែលមានគុណតម្លៃដល់ដំណើរការបោះឆ្នោតឱ្យប្រព្រឹត្តទៅដោយ “សេរី ត្រឹមត្រូវ និង យុត្តិធម៌»។ ការចូលរួមជាវិជ្ជមានរបស់យើងគ្រប់ៗគ្នា គ្រប់ដំណើរការរបស់សង្គមជាតិ គឺមានតម្លៃពង្រឹងបាននូវ ស្មារតីភាពជាម្ចាស់ប្រទេស ដោយមិនចាំបាច់មានទស្សនៈខាងក្រៅណាផ្តួចផ្តើម វាយតម្លៃ ឬសម្រេច ជំនួសយើង។ យើងជាផ្នែកនៃការទទួលខុសត្រូវរួមលើសមិទ្ធផលសង្គម ហើយអ្វីៗទាំងឡាយនៅក្នុង សង្គមជាតិរបស់យើង គឺជាសូចនាករឆ្លុះបញ្ចាំងពីតម្លៃរួមរបស់យើងវិញផងដែរ។
សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ទទួលស្គាល់ថា នៅមានបញ្ហាប្រឈមក្នុងវិស័យសារព័ត៌មាន ដែលរួមមានទាំង បញ្ហាហិរញ្ញវត្ថុ សុវត្ថិភាពការងារ និងសិទ្ធិទទួលបានព័ត៌មាន។ ទោះបីជាយ៉ាងណាក៏ ដោយ ស.ស.ស.ក សូមលើកទឹកចិត្តដល់អ្នកសារព័ត៌មាន បន្តជម្នះការប្រឈមទាំងនេះ បន្តបំពេញ តួនាទីរបស់ខ្លួនដោយគ្មានការភ័យខ្លាច បន្តប្រកាន់ខ្ជាប់នូវគោលការណ៍ក្រមសីលធម៌វិជ្ជាជីវៈ សុជីវធម៌ និងសេចក្តីថ្លៃថ្នូរ ហើយរំលឹកជាប់ជាប្រចាំនូវប្រយោគមួយឃ្លាដ៏មានតម្លៃរបស់ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល៖ – កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លការពិត”។ តម្លៃដ៏ពិសិដ្ឋរបស់សារព័ត៌មាន គឺនៅ ត្រង់សមត្ថភាពបំពេញតួនាទីដែលអាចធ្វើជាកញ្ចក់សង្គម ជាអ្នកនាំចម្លើយ និងជាភ្លើងបំភ្លឺ រួមចំណែក ដល់សង្គមជាតិយើងឱ្យបន្តដំណើរឆ្ពោះទៅមុខលើផ្លូវសុខដុមរមនា សន្តិភាព និងការរីកចម្រើន៕
ដោយ : សុខ ខេមរា