Update: សមត្ថកិច្ចបានបញ្ជូនខ្លួនជនសង្ស័យជាឃាតករ ដែលជាអាវុធហត្ថផងដែរ ក្នុងការបាញ់សម្លាប់បុរសម្នាក់ ទៅតុលាការហើយ !

ចែករំលែក៖

ខេត្តព្រះសីហនុ : ជនសង្ស័យជាឃាតក និងជាមន្រ្តីកងរាជអាវុធហត្ថផងដែរនោះ ដែលត្រូវបានឃាត់ខ្លួនក្រោយ សង្ស័យថា ក្នុងចំណោមពួកគេទាំង២នាក់ មានម្នាក់បានប្រើកាំភ្លើងខ្លីបាញ់សម្លាប់បុរសម្នាក់នៅរង្វង់មូលតោ២ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ ហើយពេលនេះសមត្ថកិច្ចបានបញ្ជូនខ្លួនទៅអយ្យការចាត់ការបន្តតាមនីតិវិធីហើយ។

    អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី  ជាមួយអ្នកសារព័ត៌មាន លោកមិនបានធ្វើអត្ថាធិប្បាយអ្វីក្នុងរឿងនេះទេ អំពីហេតុការណ៍ដែលកើតឡើងនោះ ដោយលោកគ្រាន់តែបញ្ជាក់ថា ជនសង្ស័យទាំង២នាក់នោះបានប្រព្រឹត្តបទល្មើស ដូច្នេះត្រូវបានបញ្ចូនទៅតុលាការដើម្បីដំណើរការតាមនីតិវិធីច្បាប់។ 

   សូមបញ្ជាក់ថា មន្ត្រីកងរាជអាវុធហត្ថខេត្តព្រះសីហនុ ឈ្មោះ អំ ឆេកូ និងមនុស្សម្នាក់ទៀតត្រូវបាននគរបាលខេត្តព្រះសីហនុឃាត់ខ្លួន បន្ទាប់ពីសង្ស័យថាបានផ្ទុះអាវុធបាញ់សម្លាប់មនុស្សម្នាក់នៅចំណុចរង្វង់មូលតោ២ ក្នុងក្រុងព្រះសីហនុ ដោយសារការទាស់សម្តីគ្នា គិតខ្លី មានចរិតឈាមខ្លាផងនោះ ចុងក្រោយជាប់ខ្នោះទាល់តែបាន។ 

    ជនសង្ស័យជាឃាតកទាំងពីរនាក់ត្រូវឃាត់ខ្លួនបាននៅព្រឹកថ្ងៃទី១ ខែឧសភា ម្សិលមិញនេះ ក្រោយពីធ្វើសកម្មភាពបាញ់សម្លាប់ជនរងគ្រោះកាលពីវេលាម៉ោង១២និង៣០នាទីយប់ ឈានចូលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២។ 

    សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានឱ្យដឹងនៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ថា បច្ចុប្បន្នពួកគេទាំង២នាក់ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅឱ្យកងរាជអាវុធហត្ថខេត្តដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។

    យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញម៉ូតូ២គ្រឿងបើកលើដងផ្លូវហើយបានស៊ីផ្លេដាក់គ្នាទៅវិញទៅមកនៅតាមបណ្តោយផ្លូវ២ធ្នូ (ផ្លូវកន្ទុយនាគ) លុះមកដល់ចំណុចរង្វង់មូលតោពីរ ម៉ូតូទាំងពីរគ្រឿងឈប់នៅកន្លែងកើតហេតុ រួចក៏ទាស់សម្តីគ្នាដែលទំនងជាខឹងរឿងស៊ីផ្លេម៉ូតូឌឺដង។ រួចជនដៃដល់ឈ្មោះ អំ ឆេកូ បានវាយទៅលើជនរងគ្រោះ រួចក៏ដើរទៅបើកកែបម៉ូតូយកកាំភ្លើងខ្លីមកវាយទៅលើភាគីជនរងគ្រោះបែកក្បាលម្នាក់ មុននឹងបាញ់សម្លាប់ទៅលើជនរងគ្រោះ។

    ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលខេត្តព្រះសីហនុបាននាំយុវជនពីរនាក់ដែលធ្វើដំណើររួមជាមួយសាកសពជនរងគ្រោះទៅសាកសួរ។ចំណែកសពត្រូវបានក្រុមគ្រូពេទ្យដឹកយកទៅតម្កល់ទុកនៅមន្ទីរពេទ្យបង្អែកខេត្ត រង់ចាំធ្វើកោសល្យវិច័យរួចនឹងប្រគល់សពជូនសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយឡែកជនសង្ស័យជាឃាតក សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនខ្លួនទៅអយ្យការ ចាត់ការបន្តតាមនីតិវិធីហើយនៅរសៀលថ្ងៃទី២ ខែឧសភានេះ 

                                     ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print