ខេត្តក្រចេះ ៖ គោឈ្មោលធំៗចំនួន៤ក្បាលបានជួបហេតុការណ៍ដួលងាប់ជាបន្តបន្ទាប់នៅក្រោមបង្គោលភ្លើងក្បែរនឹងផ្លូវជាតិ ដោយម្ចាស់គោនិយាយថា ការងាប់គោនេះគឺបណ្តាលមកពីចរន្ត
អគ្គិសនីឆក់ ។ ចំណែកឯមន្រ្តីជំនាញអគ្គិសនីបញ្ជាក់ថា គោជាច្រើនក្បាលដែលងាប់នេះបណ្តាលមកពីរន្ទះបាញ់។
តាមការឡើងពីបុរសឈ្មោះ ស៊ាង សុធា អាយុ២៧ឆ្នាំ ជាអ្នកគង្វាលគោបានឱ្យដឹងថា កាលពីល្ងាចថ្ងៃកើតហេតុថ្ងៃទី១ ខែឧសភា រូបគេបានដេញគោពីក្រោលទៅស៊ីស្មៅនៅឯទីវាលដូចសព្វដង លុះដេញគោមកដល់ចំណុចបង្គោលM108 ត្រង់ស្វ័រP011 ស្ថិតនៅក្នុងភូមិច្រាប ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ស្រាប់តែគោរបស់ខ្លួនចំនួន៤ក្បាលត្រូវបានចរន្តអគ្គិសនីឆក់ដួលងាប់នៅក្រោមបង្គោលភ្លើងជាបន្តបន្ទាប់ក្នុងសភាពងាប់រឹងត្រង់ជើង និងមានស្នាមដាច់ត្រង់បំពង់ក។ ឃើញដូចនេះ រូបគេក៏រត់ចូលទៅមើលគោដែលដួលនោះ ហើយក៏ត្រូវបានភ្លើងឆក់ផងដែរ តែខ្លួនបានដកជើងចេញទាន់។
ប៉ុន្តែហេតុការណ៍នេះមន្រ្តីអគ្គិសនីដែលបានចុះទៅពិនិត្យមើលបានអះអាងថា ពុំមានការឆ្លងចរន្តអគ្គិសនីនៅចំណុចបង្គោលភ្លើងដែលគោងាប់នោះទេ។ មន្រ្តីអគ្គិសនីដដែលបានលើកឡើងថា សត្វគោ៤ក្បាលដែលងាប់នេះគឺអាចបណ្តាលមកពីរន្ទះបាញ់ ។
ពលរដ្ឋនៅតំបន់នោះនិយាយថា នៅវេលាកើតហេតុតំបន់របស់គាត់គឺអាកាសធាតុមានសភាពធម្មតា ពុំមានភ្លៀងផ្គររន្ទះអ្វីនោះទេ។ រីឯការងាប់របស់សត្វគោក្នុងសភាពបែបនេះ ត្រូវបានពលរដ្ឋអះអាងថា អាចបណ្តាលមកពីឆ្លងចរន្តអគ្គិសនីច្រើនជាង៕
ដោយ៖ សូរិយា