ខេត្តកំពង់ឆ្នាំង÷ តូប១កន្លែងនិងផ្ទះល្វែង ១ល្វែង ក្នុងចំណោម៥កន្លែង នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិត នៅក្នុងភូមិពន្លៃ ឃុំពន្លៃ ស្រុកបរិបូណ៌ នៅល្ងាចថ្ងៃទី០២ ខែឧសភាឆ្នាំ២០២២នេះ ត្រូវបានសមត្ថកិច្ចចម្រុះថ្នាក់ស្រុកនិងខេត្តចុះអនុវត្តវិធានការរដ្ឋបាលវាយកំទេចចោល
ដើម្បីពង្រីកកសាងផ្លូវជាតិលេខ៥
ព្រោះតែម្ចាស់ផ្ទះខាងលើនេះមិនគោរពកិច្ចសន្យាជាមួយអន្តរក្រសួង។
សមត្ថកិច្ចចម្រុះដែលដឹកនាំដោយលោកសាន់ យូ អភិបាលរងខេត្តតំណាងលោកស៊ុន សុវណ្ណរិទ្ធិគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា ម្ចាស់ផ្ទះនិងម្ចាស់តូបទាំង ៤កន្លែងក្នុង ចំណោម៥ កន្លែងខាងលើនេះ កន្លងមកធ្លាប់បានទទួលថវិកាដោះស្រាយផលប៉ះពាល់ និងធ្វើកិច្ចសន្យាថានិងរុះរើផ្ទះចេញ ជាមួយអន្តរក្រសួងដោះស្រាយផលប៉ះពាល់ក្នុងការកសាងផ្លូវជាតិលេខ ៥រួច ហើយ។ដោយឡែកម្ចាស់តូប១កន្លែងនៅមុខផ្សារពន្លៃ មិនព្រមទទួលយកថវិកាដោះស្រាយផលប៉ះពាល់ពីអន្តរក្រសួងឡើយ ដោយបានទាមទារសំណងច្រើនហួសហេតុពេក។
ប៉ុន្តែក្រោយមក ម្ចាស់តូបនិងម្ចាស់ ផ្ទះ៤កន្លែងខាងលើនេះមិនព្រមរុះរើអីវ៉ាន់ និងរុះរើចេញពីផ្ទះឡើយ និងក្រោយពីអាជ្ញាធរស្រុកខេត្តបានណែនាំជាច្រើន លើកទៀតនៅ តែមិនព្រមចាកចេញ ទើបនៅរសៀលថ្ងៃទី០២ ខែឧសភានេះ សមត្ថកិច្ចចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋ បាលស្រុកបរិបូណ៌ និងរដ្ឋបាលខេត្តកំពង់ឆ្នាំង បានសម្រេចអនុវត្តវិធាន ការរដ្ឋបាល ដោយប្រើប្រាស់គ្រឿង ចក្រវាយកំទេចតូប១កន្លែង និងផ្ទះ ល្វែង១កន្លែងក្នុងចំណោម៥កន្លែង។ ចំណែកតូបចំនួន៣កន្លែងផ្សេងទៀតនិងបន្តវាយកំទេចចោលនៅថ្ងៃខាងមុខនេះជាបន្តបន្ទាប់ទៀត។
គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបរិបូណ៌ និងរដ្ឋបាលខេត្តកំពង់ឆ្នាំងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋជាម្ចាស់ផ្ទះដែលបានធ្វើកិច្ចសន្យាជាមួយអន្តរក្រសួងដោះស្រាយផលប៉ះពាល់រួចហើយនោះ សូមមេត្តាសហការរុះរើអីវ៉ាន់ និងផ្ទះចេញឲ្យបានរួចរាល់ បើពុំនោះទេសមត្ថកិច្ចចម្រុះ និងអនុវត្តវិធានការរដ្ឋបាលដោយមិនលើកលែង និងមិនទទួលខុសត្រូវ ចំពោះការបាត់បង់ឬខូចខាតសម្ភារៈនៅក្នុងផ្ទះឡើយ៕
ដោយ៖ សូរិយា