ក្រុមហ៊ុនថាមពលរុស្ស៊ី Gazprom បានប្រកាសថា ជាមួយនឹងប្រព័ន្ធបំពង់បង្ហូរប្រេងថ្មីដែលកពុងតែសាងសង់អាចនឹងជួយដល់ចំនួនឧស្ម័នរបស់រុស្ស៊ីចូលទៅកាន់ប្រទេសចិនបន្តកើនឡើងខ្ពស់នាពេលខាងមុខ ។
សារព័ត៌មាន SCMP នៅថ្ងៃទី ២ខែឧសភា បានដកស្រង់ប្រភពព័ត៌មានពីក្រុមហ៊ុន Gazprom ដែលបានឱ្យដឹងថា ឧស្ម័នហ្គាសនាំចេញទៅកាន់ប្រទេសចិនបានកើនឡើងដល់ទៅ៦០%ក្នុងរយៈពេល៤ខែដើមឆ្នាំ២០២២ បើប្រៀបធៀបដំណាក់កាលដូចគ្នានៅក្នុងឆ្នាំ ២០២១ ។
ព័ត៌មានខាងលើបានប្រកាសជាសាធារណ កើតឡើងក្នុងពេលដែលទីក្រុងមូស្គូ កំពុងតែធ្វើសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន ធ្វើឲ្យអតិថិជនធំៗនៅតំបន់អឺរ៉ុប កាត់បន្ថយការទិញឧស្ម័នពីរុស្ស៊ី ។ តាមការលើកឡើងរបស់ក្រុមហ៊ុន Gazprom ការនាំចេញឧស្ម័នទៅកាន់ប្រទេសដែលមិនមែនជាប្រទេសសាធារណរដ្ឋឯករាជ្យចេញពីរុស្ស៊ីបានថយចុះ ៥០,១ពាន់លានម៉ែត្រគូបក្នុងរយៈពេល៤ខែដើមឆ្នាំ២០២២ គឺថយចុះ២៦,៩%បើប្រៀបធៀបនឹងដំណាក់កាលដូចគ្នានៅក្នុងឆ្នាំ ២០២១។
ឧស្ម័នហ្គាសរបស់រុស្ស៊ីនាំទៅកាន់ចិន តាមរយៈប្រព័ន្ធបំពង់បង្ហូរឧស្ម័ន Power of Siberia ដែលបានចាប់ផ្តើមដំណើរការនៅក្នុងឆ្នាំ២០១៩ មានឧស្ម័នហ្គាសប្រមាណ៤,១ពាន់លានម៉ែត្រគូបចូលទៅកាន់ប្រទេសចិននៅឆ្នាំ២០២០ គឺជាចំនួនយ៉ាងតិច ។ តាមគម្រោង ប្រទេសចិននឹងទិញឧស្ម័នហ្គាស យ៉ាងតិច៣៨ពាន់លានម៉ែត្រគូបក្នុងឆ្នាំ២០២៥។
កាលពីខែកុម្ភៈឆ្នាំ២០២២ ប្រធានាធិបតីរុស្ស៊ី លោកពូទីន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឧស្ម័នហ្គាស ប្រេង មានតម្លៃ ១១៧,៥ ពាន់លានដុល្លារពី ប្រធានាធិបតីចិន ស៊ី ជិនពីង ៕ ដោយធីរីណា