ភ្នំពេញ៖ លោកប្រធាននាយកដ្ឋានវិទ្យុទាក់ទងនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានអោយដឹងនៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២នេះថា, ប្រតិបត្តិការណ៍ថ្ងៃទី១ កម្លាំងអាជ្ញាធរចំរុះបានធ្វើការរុះរើម៉ាស៊ីនផ្សាយខុសច្បាប់ប្រមាណ២០០គ្រឿង ( Repeater) ដែលផ្តល់ឱ្យវិទ្យុទាក់ទង(អាយឌីកាន់ដៃ)ប្រើប្រាស់បែបអាណាធិបតេយ្យបានប្រមាណ៥០០០គ្រឿងត្រូវបិទបញ្ចប់ ។
សូមបញ្ជាក់ថា, លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ប្រធានាយកដ្ឋានវិទ្យុទាក់ទង បានបន្ថែមអោយដឹងថាកម្លាំងចំរុះដឹកនាំដោយតំណាងអយ្យការ និយ័តករទូរគមនាគមន៍កម្ពុជា នាយកដ្ឋានវិទ្យុទាក់ទង បានសម្រេចគោលដៅប្រកបដោយផ្លែផ្កាដែលស្ថានីយ៍វិទ្យុទាក់ទងខុសច្បាប់ជាច្រើនបានស្ម័គ្រចិត្តរុះរើដោយខ្លួនឯង និងចំនួនតិចតួចត្រូវបានចាប់បង្ខំរុះរើទម្លាក់។ជាមួយគ្នានោះលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆនបានសន្យាថានិងបន្តធ្វើរហូតប្រាកដថា ស្ថានីយ៍ផ្សាយវិទ្យុទាក់ទងខុសច្បាប់ទាំងឡាយត្រូវបានសម្អាតស្អាតអស់ទូទាំងរាជធានីភ្នំពេញ និងជំហានបន្ទាប់ត្រូវបន្តសំអាតទូទាំងប្រទេសតែម្តង ។
លោកប្រធានាយកដ្ឋានវិទ្យុទាក់ទង ក៏បានសំណូមពរអោយម្ចាស់ដែល មានស្ថានីយ៍ផ្សាយវិទ្យុទាក់ទងខុសច្បាប់ទាំងឡាយ ត្រូវទម្លាក់ចុះដោយខ្លួនឯង ជាជាងការបង្ខិតបង្ខំ ដែលការអនុវត្តនាពេលក្រោយៗអាចនឹងបញ្ជូនសំណុំរឿងទៅតុលាការដោយមិនធ្វើការអប់រំដូចពេលនេះឡើយ។
សូមរម្លឹកថា, ៥ថ្ងៃមុន ! លោកប្រធានាយកដ្ឋានវិទ្យុទាក់ទង លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានបញ្ជាក់លើផេកផ្លូវការ របស់ខ្លួនថា, មុនពេលប្រជុំ និងក្រោយពេលប្រជុំ លទ្ធផលមានពលរដ្ឋមួយចំនួនតូចគាត់យល់ពីកិច្ចខិតខំរបស់នាយកដ្ឋានវិទ្យុទាក់ទង ។
លោកបន្តថា, ដល់ពេលវេលាដែលខ្ញុំត្រូវចូលរួមសហការជាមួយអាជ្ញាធរពាក់ព័ន្ធដោយគ្មានការលើកលែង ។ វិធានការអប់រំ វិធានការផ្សព្វផ្សាយ វិធានការពន្យល់ ខ្ញុំបានធ្វើអស់ហើយ នៅឡើយវិធានការចាប់បង្ខំ ។ បង្គោលស្ថានីយ៍តម្លើងអង់តែនវិទ្យុទាក់ទងខុសច្បាប់ទាំងឡាយទូទាំងប្រទេសនឹងចុះឆែកឆេរត្រួតពិនិត្យបញ្ជាក់ភាពត្រឹមត្រូវតាមផ្លូវច្បាប់ រួចរិបអូសកសាងសំណុំរឿងបញ្ជូនទៅតុលាការករណីគ្មានច្បាប់អនុញ្ញាត ។ ជាចុងក្រោយនៃសារ ខ្ញុំសូមប្រកាសជូនពលរដ្ឋម្ចាស់អគារ ម្ចាស់បង្គោលអង់តែន ម្ចាស់មាស៉ីនផ្សាយ (Repeater) ត្រូវអនុវត្តដោយខ្លួនឯងគ្មានការពន្យាគឺ “រុះរើសម្អាត” ៕
ដោយ : សុខ ខេមរា