ភ្នំពេញ៖ ស្រ្តីម្នាក់ ដែលជាម្ចាស់TOYOTA HiLux revo ចិត្តសឿង បានហែកលុយ១០០ដុល្លារចោលដែលជាសំណងភាគីបង្កហេតុ ខណៈរូបគាត់ទាមទារសំណងរហូតដល់៥មុឺនដុល្លារ ព្រោះតែយុវតីម្នាក់បេីកម៉ូតូទៅបុករថយន្តរបស់ខ្លួនដែលទេីបនឹងទិញថ្មីរងការខូចខាត។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២និង ១៥រសៀលថ្ងៃទី០៣ខែឧសភាឆ្នាំ ២០២២ស្ថិតនៅត្រង់ចំណុចផ្លូវបេតុងបំបែកជាបួនក្នុងសង្កាត់ដង្កោខណ្ឌ ដង្កោរាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីយុវតីបានឲ្យដឹងថា មុនកើតហេតុរូបនាងបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា Beat ពណ៌សលាយខៀវពាក់ស្លាកលេខភ្នំពេញ1HL-9890ធ្វើដំណើរតាម បណ្តោយផ្លូវបេតុងក្នុងទិសដៅពីលិចមកកើត។ ខណៈមកដល់ត្រង់ចំណុចកើតហេតុនាងក៏បានជ្រុលម៉ូតូបុករថយន្តម៉ាក TOYOTA HiLux revoពណ៌មាសគ្មានស្លាកលេខ បើកបរដោយបុរសវ័យចំណាស់ម្នាក់បើកតាមផ្លូវបេតុងទិសដៅពីជើងមកត្បូងបណ្ដាលអោយបែកកញ្ចក់មើលក្រោយនឹងខូចខាតទ្វាមុខខាងស្ដាំ ហើយម៉ូតូខូចខាតខាងមុខយ៉ាងដំណំ ។ ចំណែកយុវតីរបួសស្រាល។ ក្រោយមកដោយភាគីខាងរថយន្តបានទានសំណងពីយុវតីចំនួន៥ម៉ឺនដុល្លារដោយលើកហេតុផលថារថយន្តគាត់ទើបទិញមកថ្មីមិនទាន់បានចាប់ស្លាកលេខផង។
បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំងកន្លែងកើតហេតុហើយទុកពេលអោយតំណាងភាគីខាងម៉ូតូចរចាជាមួយភាគីរថយន្ត។ ម្ចាស់រថយន្តបានចុះមកនៅ៤ពាន់ដុល្លា តែភាគីខាងម៉ូតូមានលទ្ធភាពសំណងត្រឹមតែ១០០ដុល្លារ ។ ម្ចាស់រថយន្តក៏ព្រមទទួលសំណងត្រឹម១០០ដុល្លាររួចក៏ហែកលុយចោលភ្លាមនៅកន្លែងកើតហេតុបញ្ចប់រឿងទាំងមិនសប្បាយចិត្ត រួចក៏បេីករថយន្តចេញទៅបាត់៕ដោយ៖សហការី