មានពលរដ្ឋប្រមាណ២០០នាក់ភាគច្រើនជាស្ត្រីបាននាំគ្នាធ្វើបាតុកម្មនៅថ្ងៃទី២ និងទី៣ខែឧសភា ក្រោយពេលបែកធ្លាយព័ត៌មានថា តុលាការកំពូលអាមេរិកនឹងផ្លាស់ប្តូរច្បាប់ “Roe v Wade” នៅឆ្នាំ១៩៧៣ ស្តីពីការរំលូតកូនដោយស្របច្បាប់។
ក្រុមស្ត្រីដែលចូលរួមធ្វើបាតុកម្មបានលើកស្លាកបដាស្តីពីសិទ្ធិស្របច្បាប់ក្នុងការរំលូតកូន ទន្ទឹមនឹងនោះក៏មានមួយក្រុមតូចប្រឆាំងច្បាប់រំលូតកូនផងដែរ ។ ក្រុមបាតុករគាំទ្រការរំលូតកូនស្របច្បាប់បានលើកឡើងថា «សិទ្ធិរំលូតកូនគឺជាការថែទាំសុខភាព និងរាងកាយ យើងមានសិទ្ធិក្នុងការជ្រើសរើស»។ ចំណែកក្រុមអ្នកប្រឆាំងបានលើកឡើងថា សិទ្ធិរំលូតកូនចាំបាច់ត្រូវតែលុបចោល។
នាង Abby Korb អាយុ២៣ឆ្នាំបានលើកឡើងថា នាងពិតជាតក់ស្លុតពេលដឹងព័ត៌មានខាងលើក៏បាននាំគ្នាមកកាន់តុលាការកំពូលជាមួយនឹងមិត្តភក្តិ ។ នាងបាននិយាយថា «ខ្ញុំជាស្ត្រី ហើយសិទ្ធិរបស់ខ្ញុំត្រូវបានគេរំលោភបំពានជារៀងរាល់ថ្ងៃ»។
តាមឯកសារដែលបានបែកធ្លាយ ចៅក្រម Samuel Alito បានព្រាងច្បាប់ ដោយក្នុងនោះបានលើកឡើងថា ការរំលូតកូនស្របច្បាប់គឺបានអនុវត្តតាំងពីឆ្នាំ១៩៧៣ គឺជាកំហុសយ៉ាងធំធេងតាំងពីយូរណាស់មកហើយ គឺតាំងពីពេលដំបូង៕ ដោយធីរីណា
រូបថត : Reuters