ខេត្តព្រះសីហនុ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅក្នុងហ្វេសប៊ុកថា ការធ្វើដំណើរតាមរថភ្លើងទោះបីល្បឿនមិនសូវលឿនបន្តិចមែន តែធានាបាននូវសុវត្ថិភាព ហើយគ្មាន ការកកស្ទះចរាចរណ៍ដូចធ្វើដំណើរតាមរថយន្ត។ ខ្ញុំបានដើរឆ្លងពីទូរថភ្លើងមួយទៅមួយដើម្បីសួរសុខទុក្ខប្រជាពលរដ្ឋរួមទាំព្រះសង្ឃ លោកយាយលោកតា យុវជន និងក្មួយៗ ចៅៗជាច្រើននាក់ដែលធ្វើដំណើរតាមរថភ្លើងជាមួយខ្ញុំដែរ។ បងប្អូនមានទឹកមុខសប្បាយរីករាយក្នុងការធ្វើដំណើរជាមួយខ្ញុំ។ ខ្ញុំក៏សប្បាយចិត្តដែលបានជួបសំណេះសំណាលជាមួយបងប្អូនដែលមកពីតំបន់ឆ្ងាយៗហើយកំពុងធ្វើដំណើរទៅកាន់តំបន់ទីទៃ ព្រមទាំងបានថតរូប (Selfie)ជាមួយគ្នាទៀតផង។
ពេលរថភ្លើងឈប់ចតនៅតាមស្ថានីយ៍ ខ្ញុំមានឱកាសបានចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងបានស្វែងយល់អំពីការរស់នៅ និងជីវភាពរបស់បងប្អូន។ ទោះបីពេលខ្លះបងប្អូនមិនដែលបានជួបខ្ញុំដោយផ្ទាល់ តែក្នុងចិត្តនិងបេះដូងខ្ញុំគឺស្ថិតនៅជាមួយបងប្អូនជនរួមជាតិជានិច្ច។
ខ្ញុំសូមជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលកំពុងធ្វើដំណើរតាមរថភ្លើងជាមួយខ្ញុំមានសុខសុវត្ថិភាព និងក្នុងការធ្វើដំណើរ និងសំណាងល្អគ្រប់គ្នាជានិច្ច៕
ដោយ៖ សុវណ្ណារ៉ា