វាសនាប្រទេសស៊ីរីកាន់តែពិបាកស្វែងរកសន្តិភាពជូនប្រជាពលរដ្ឋក្រោយពេលការចរចាជុំទី៣មិនបានសម្រេច ហើយបទឈប់បាញ់ក៏ត្រូវបានបំផ្លាញផងដែរនោះ។
ភាគីទាំងអស់ដែលមានអាមេរិក និង រុស្ស៊ីជាអ្នកជួយជ្រោមជ្រែងបានសន្យា ដាក់អាវុធបណ្តោះអាសន្ន ហើយនាំគ្នា ចូលតុចរចាដោយមានលោកស្តេហ្វាន ដឺមីស្ទូរ៉ា អ្នកតំណាងពិសេសរបស់អង្គការសហប្រជាជាតិជាអាជ្ញាកណ្តាល។ ការ ចរចាបានធ្វើទៅ៣ដងមកហើយ តែជា ការចរចាដោយប្រយោលមានន័យថា អង្គ ការសហប្រជាជាតិជាអ្នកនាំពាក្យពីម្ខាងទៅប្រាប់ម្ខាងទៀតដោយភាគីទាំងអស់ អត់ចូលតុនិយាយទល់មុខគ្នាទេ។
ក្រុមប្រឆាំងនិមួយៗមានគោលជំហរ រឹងរូសណាស់ ហើយអ្នកដែលនៅពីក្រោយ ខ្នងក៏ខុសៗគ្នាទៀត។ តាមពិតទៅអ្នក ដែលទាមទារសុំឲ្យក្រុមប្រឆាំងទាំងអស់ចាប់ដៃគ្នាបង្កើតក្រុមតែមួយនេះ គឺជាក្រុមដែលមាននិន្នាការកណ្តាលនិយមឬអាចហៅម្យ៉ាងទៀតថា ក្រុមដែលមិនសូវជា ប្រឆាំងខ្លាំងក្លាជាមួយប្រធានាធិបតីបាសាអាល់អាសាដទេ។ ក្រុមនេះមានការគាំទ្រពី រុស្ស៊ី និងអេហ្ស៊ីប ហើយរដ្ឋាភិបាលស៊ីរីក៏ មិនសូវជាស្អប់ក្រុមនេះប៉ុន្មាននោះដែរ។
បើតាមអ្នកវិភាគខ្លះគេយល់ថា ក្រុមនេះអាចជាកូនអុករបស់រដ្ឋាភិបាលបាសាផងក៏មិនដឹង។ កន្លងមកក្នុងការចរចាក្រុមនេះមិនបានកំណត់លក្ខខណ្ឌបឋមដាច់ អហង្ការថាត្រូវតែប្រធានាធិបតីបាសា ចុះចេញពីតំណែងទេ។ផ្ទុយពីក្រុមប្រឆាំង ដែលមានឈ្មោះថា គណៈកម្មាធិការជាន់ ខ្ពស់ដើម្បីការចរចា ដែលមានការគាំទ្រពីអាមេរិកនិងបារាំង ដែលពួកគេទាមទារថា ប្រធានាធិបតីបាសាត្រូវតែចុះចេញពី តំណែងមុននឹងបើកឲ្យមានសម័យអន្តរ កាល។
សរុបទៅសរុបមកយើងឃើញថា អ្វី ដែលរដ្ឋាភិបាលបាសា និងរុស្ស៊ីព្យាយាម ធ្វើគឺធ្វើយ៉ាងណាកម្ចាយក្រុមដែលប្រឆាំងខ្លាំងពោលគឺក្រុមដែលទាមទារឲ្យប្រធានាធិបតីបាសាចុះចេញពីតំណែង ហើយ ទន្ទឹមគ្នានេះ គេរុញក្រុមប្រឆាំងកណ្តាល និយមឲ្យប្រមែប្រមូលគ្នាធ្វើជាក្រុមប្រឆាំង តែមួយដើម្បីចរចា។
យ៉ាងណាក៏ដោយស្ថានការណ៍ទាំង អស់នេះ គឺអ្វីៗរំពឹងទាំងស្រុងទៅលើភាពម្ចាស់ការឥតលម្អៀងនិងថ្លឹងថ្លែងរបស់លោក ស្តេហ្វាន ដឺមីស្ទូរ៉ាដែលជាអ្នកតំណាងឲ្យ អង្គការសហប្រជាជាតិ។ បើសិនជាក្រុម ឧទ្ទាមប្រឆាំងយល់ថា គេកំពុងតែបោក ប្រាស់ខ្លួនហើយអង្គការសហប្រជាជាតិ ភ្នែកស ជឿតាមរុស្ស៊ីនិងបាសាទៀតមាន ន័យថាក្រុមឧទ្ទាមនឹងត្រលប់ទៅកាន់អាវុធ វិញជាមិនខានទេ៕
ប្រែសម្រួល៖ ម៉ែវ សាធី