តាមទាន់ប្រពន្ធមានប្រុស ប្តីក្មេងប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ នាំទៅដោះស្រាយគ្នា…

ចែករំលែក៖

ភ្នំពេញ ៖ ស្ត្រីម្នាក់ខណៈដែលប្តីវ័យក្មេងជាប់រវល់ចេញទៅរកសុី ធ្វើការតាមខេត្ត ឆ្លៀតឱកាសបង្កាត់ស្នេហ៍ថ្មី នាំប្រុសថ្លៃចូលដេកដល់ក្នុងផ្ទះ បែកធ្លាយរឿង ប្តីតាមទាន់ ប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ កាលពីយប់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ នៅបុរីពិភពថ្មី ផ្ទះលេខA21 ផ្លូវលេខ២០ ភូមិត្រពាំងមៀន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខតែដោយសារយប់ទៅហើយ ហៅគូរស្នេហ៍នោះមិនចេញ រហូតដល់វេលាម៉ោង៧ព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ទើបសមត្ថកិច្ចចុះទៅសារជាថ្មី ហៅនាំអ្នកទាំង៣ទៅនិយាយដោះស្រាយគ្នានៅប៉ុស្តិ៍នគរបាលក្រាំងធ្នង់ ។

ស្រ្តីជាភរិយាស្របច្បាប់មានឈ្មោះ យន់ ចាន់ថា អាយុ ៣៩ឆ្នាំ មុខរបរ ជាមេផ្ទះ មានស្រុកកំណើតភូមិតាកុក ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត ។ ចំណែកភាគីខាងប្តី ឈ្មោះ ហាយ ណុន អាយុ២៧ឆ្នាំ មុខរបរ ទិញលក់អចលនទ្រព្យ  ហើយទៅរកសុី និងប្រកបរបរការងារនៅឯខេត្តមណ្ឌលគិរី និងមានស្រុកកំណើត ភូមិទ្រាល ឃុំជ្រុងពពេល ស្រុករំដួល ខេត្តស្វាយរៀង ។  គ្រួសារនេះទើបតែទិញផ្ទះកន្លែងកើតហេតុបាន៧ថ្ងៃនេះទេ  ដោយ ឡែកភាគីខាងប្រុសថ្មី មិនបានឲ្យស្គាល់ឈ្មោះ មានអាយុជាង២០ឆ្នាំ មានទីលំនៅឯខេត្តព្រះសីហនុ ។

តាមភាគីខាងប្តីបានឲ្យដឹងថា ប្រពន្ធរបស់គាត់ជាស្ត្រីម៉េម៉ាយមានកូន៤នាក់ ប្រុស៣នាក់ ស្រី១នាក់ ហើយគាត់បានស្គាល់ស្រឡាញ់ ឈានដល់រៀបការត្រឹមត្រូវ មានទាំងចុះសំបុត្រអាពាហ៍ពិពាហ៍ ត្រឹមត្រូវតាមផ្លូវច្បាប់ អស់រយៈពេលជាង២ឆ្នាំមកហើយ មិនទាន់មានកូន ។ 

ភាគីខាងប្តីបន្តទៀតថា ពួកគាត់ទាំង២នាក់បានទិញផ្ទះ នៅចំណុចកើតហេតុ ទើបតែបាន១សប្តាហ៍នេះទេ ហើយគាត់ជាប់រវល់តែចេញទៅរកសុីនៅខេត្តមណ្ឌលគិរី ក៏ប៉ុន្តែចំពោះសម្ព័ន្ធភាពស្នេហារវាងប្តី ប្រពន្ធ គាត់កើតក្តីសង្ស័យអស់រយៈពេល៣ខែមកហើយ ដោយខាងប្រពន្ធចេះតែបញ្ចេញអារម្មណ៍ប្លែកៗ គួរឲ្យសង្ស័យ ព្រោះថាលុយកាក់ សុំគាត់ ខ្ទង់ពាន់ដុល្លារ ខ្ទង់មុឺនដុល្លា មិនដឹងយកទៅណា ទិញអ្វីហើយខាងស្រីឆ្លើយតែងតែថាអស់រលីង។ ស្រាប់តែនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ គាត់ចាប់ចំណុចបាន តាមរយៈបណ្តាញសង្គម ពីព្រោះអេកខោនហ្វេសប៊ុក មួយប្រើគ្នា២នាក់ប្តីប្រពន្ធ ទើបបែកធ្លាយ ដឹងប្រពន្ធលេងឆាត ណាត់ជា មួយប្រុសផ្សេង ក៏ចាប់ផ្តើមតាមដាន ក៏លួចវិលត្រឡប់មកភ្នំពេញវិញ ដោយមិនប្រាប់ឲ្យដឹង ហើយខាងប្រពន្ធណាត់ប្រុសក្មេងទៅសុីផឹក កៀកកើយ។

នៅយប់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ស្ត្រីជាភរិយានាំប្រុសក្មេងចូលដេកដល់ក្នុងផ្ទះ ទ្រាំលែងបាន ដោយសារអស់ក្តីស្រឡាញ់ អស់សេចក្តីទុកចិត្តអស់ទាំងទ្រព្យ លុយ កាក់ មានតែប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ តែដោយសារយប់ទៅហើយ គោះទ្វារហៅគូស្នេហ៍នោះមិនចេញ មានតែដេកយាមពេញមួយយប់ រហូតដល់វេលាម៉ោង៧និង ៣០នាទីព្រឹក ថ្ងៃទី០៥ ខែឧសភា ឆ្នាំ ២០២២ សមត្ថកិច្ចចុះទៅអន្តរាគមន៍ម្តងទៀត ហៅអ្នកទាំង២ចេញក្រៅ រួចនាំទៅនិយាយគ្នានៅប៉ុស្តិ៍នគរបាល រួមទាំងភាគីខាងប្តីផង ។

តាមជំហរភាគីខាងប្តី បានសម្តែងឲ្យដឹងទាំងក្តីខកចិត្តថា គាត់សុំតែម្យ៉ាង និយាយគ្នារឿងផ្តាច់សង្វាស់ លុយថ្លៃទិញផ្ទះគាត់សុំយកវិញខ្លះ ដើម្បីចែកផ្លូវគ្នា ក៏ប៉ុន្តែផ្លូវច្បាប់គាត់មិនដឹងថា យ៉ាងណានោះទេ ។

តែបើតាមសម្តីភាគីខាងប្រពន្ធវិញ បានឲ្យដឹងយ៉ាងខ្លីថា គ្រាន់តែហៅមិត្តភ័ក្រ ស្គាល់គ្នាមកដេកនៅផ្ទះ ក៏ផ្អើលជ្រួលច្របល់ដែរ ។

ដោយឡែកភាគីខាងប្រុសថ្មី គ្រាន់តែពោលពាក្យយ៉ាងខ្លីថា គ្រាន់ជាមិត្តភ័ក្រ ស្គាល់គ្នាតាមបណ្តាញសង្គម មកដេកលេង អត់មានបានធ្វើអ្វីទេ ។

តែទោះជាយ៉ាងណាក្តី ភាគីខាងប្តីបានចោទប្រកាន់ ថាប្រពន្ធលួចមានប្រុសថ្មី ទើបគាត់មិនសុខចិត្ត ត្បិតគាត់ចំណាស់អស់លុយច្រើនលើប្រពន្ធ សូម្បីតែអាពាហ៍ពិពាហ៍ ក៏ស្របតាមច្បាប់ទៀត មានតែទៅនិយាយគ្នាឲ្យដាច់ស្រឡះ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print