ភ្នំពេញ៖ ពិតជាធ្វើមហាជនចាប់អារម្មណ៍ជាថ្មីទៀតហើយបន្ទាប់ពីប្រធានសមាគមនសិល្បករខ្មែរ លោកស្រី ចន ច័ន្ទលក្ខិណា បានបញ្ចេញសារខ្លីក្នុងន័យប្រតិកម្មទៅនឹងពាក្យថាតារាកំប៉ិកកំប៉ុក។ ពាក្យនេះបាននិងកំពុងតែដុតអារម្មណ៍ក្រុមអ្នកសិល្បៈឲ្យនៅមិនសុខ ដែលគេដឹងថាមុននេះលោកឧកញ៉ា សម្បត្តិ ទើបនឹងទម្លាយពាក្យនេះចេញពីមាត់បន្ទាប់ពីលេចចេញរឿងរ៉ាវចម្រូងចម្រាស់មួយជាមួយតារាសម្តែង និងកំប្លែង រហ័សនាម ធុងប៉េត្រូនោះ។
ប្រធានសមាគមនសិល្បៈមិនបានធ្វើការវែកញែកខាងណាខុសខាងណាត្រូវទេ ប៉ុន្តែលោកស្រីបានបញ្ជាក់នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់របស់លោកស្រីថា តារាកំបុិកកំប៉ុកក៏មានកិត្តិយសដែរ ពេលតារាកំបុិកកំប៉ុកកំពុងល្បីមានការគាំទ្រច្រើនអ្នករកសុីមួយចំនួនក៏ធ្លាប់តោងកាលីបតារាកំបុិកកំប៉ុកដែរ សូម្បីតែខ្ញុំជាតារាជើងចាស់ល្បីយូរឆ្នាំក៏ខ្ញុំត្រូវការតារាកំបុិកកំប៉ុកមកជួយ Promote មុខរបររបស់ខ្ញុំដែរ មនុស្សមានជំនាញផ្សេងៗគ្នា ស៊ូស៊ូតារាកំបុិកកំប៉ុក។ សារនេះបានបង្កើតឲ្យមានការចាប់អារម្មណ៍មិនតិចទេពីអ្នកលេងបណ្តាញសង្គមក្នុងនោះសូម្បីតែអតីតារាសម្តែងអ្នកនាង លុយសារីណា ដែលគេស្គាល់ថាជាភិរយារបស់លោកស៊ុកសុភា ក៏បានទាំងធ្វើការចែករំលែកសារនេះអបដោយសារបន្ថែមថា ហើយខ្ញុំចង់សួរថាលោកដែលគេថាជាតារាកំប៉ិកកំប៉ុកនោះមុននឹងក្លាយជាឧកញ៉ា ពីមុនជាអ្វី? ។ទោះជាយ៉ាងណាសារទាំងនេះគេមិនទាន់បានឃើញនៅឡើយទេថាតើពួកគាត់សំដៅទៅលើបុគ្គលណាច្បាស់នៅឡើយ។ ប៉ុន្តែ ករណីនេះបាននិងកំពុងតែក្លាយជាប្រធានបទក្តៅគគុកក្នុងការវែកញែកនៅលើបណ្តាញសង្គមពិសេសក្នុងចង្កោមអ្នកសិល្បៈ ខណៈតារាសម្តែងធុងបេត្រូដែលមុននេះរងការប្រើប្រាស់ពាក្យជាតារាកំប៉ិកកំប៉ុកពីសំណាក់ឧកញ៉ាសម្បត្តិ វិញមិនបានប្រតិកម្មធ្ងន់ៗទៅកាន់ពាក្យសម្តីនេះទេ ផ្ទុយទៅវិញនាងពោលពាក្យទាំងមិនប្រកាន់ខឹង ហើយវេរពាក្យទាំងនេះជូនទៅកាន់លោកឧកញ៉ាវិញថែមទៀតផង។ ទោះជាយ៉ាងណាគេនៅបន្តរងចាំតាមដានទៀតថាតើករណីនេះនឹងត្រូវទៅជាយ៉ាងណា។
គួរបញ្ជាក់ដែរថា ករណីនៃការបង្ហោះសាររបស់ធុង ប៉េត្រូទម្លាយជុំវិញរឿងរ៉ាវខ្លួនបានធ្វើ កុងត្រាទទេជាមួយក្រុមហ៊ុនរបស់លោកឧកញ៉ា សម្បត្តិ មិនទទួលបានការងារដូចការព្រមព្រាងដោយផ្ទាល់មាត់នោះ បានលេចឡើងក្រោយពីករណីរឿងរ៉ាវនាយប្រុញដែលមុននេះបានមកបំពេញការងារជាមួយក្រុមហ៊ុនរបស់លោកឧកញ៉ាសម្បត្តិ បានធ្វើដំណើរទៅរស់នៅទឹកដីកំណើតវិញទាំងប្រាប់ថាគ្មានសល់ប្រាក់នោះ។ កាន់តែក្តៅគគុក្រោយពីធុងប៉េត្រូវបានធ្វើបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានបន្ថែមអំពីបញ្ហានេះ៕