ខេត្តត្បូងឃ្មុំ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បាននាំយកអាវភ្លៀងជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទៅផ្តល់ជូនកងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងនៅតំបន់ព្រំដែនទិសយោធភូមិភាគទី២ ខណៈដែលរដូវធ្លាក់ភ្លៀងកំពុងឈានមកដល់។
ពិធីផ្តល់ជូនអាវភ្លៀងបានប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២នេះ នៅបរិវេណទីបញ្ជាការតំបន់ប្រតិបត្តិការរងសឹកត្បូងឃ្មុំ ដោយកងឯកភាពត្រូវទទួលនាឱកាសនោះរួមមាន: ទីបញ្ជាការយោធភូមិភាគទី២ បណ្តាកងឯកភាព តំបន់ប្រតិបត្តិការសឹករងចំណុះយោធភូមិភាគទី២ និងបណ្តាវរនគរបាលការពារព្រំដែន កងរាជអាវុធហត្ថឈរជើងក្នុងភូមិសាស្ត្ររបស់យោធភូមិភាគទី២។
ក្នុងមតិសំណេះសំណាល នាយឧត្តមសេនីយ៍ វង្ស ពិសេន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលសម្តេចទាំងទ្វេបានយកចិត្តទុកដាក់យ៉ាងខ្ពស់បំផុត ចំពោះសុខទុក្ខកងកម្លាំងប្រដាប់អាវុធដែលឈរជើងការពារតាមបណ្ដោយព្រំដែននៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស។
នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា «សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្រៅពីការគិតគូរយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពរស់នៅរបស់កងកម្លាំង សម្តេចក៏នៅបានផ្តល់អាវភ្លៀង និងអាវរងាជារៀងរាល់ឆ្នាំដល់កងកម្លាំងឈរជើងនៅតំបន់ព្រំដែន»។
នាយឧត្តសេនីយ៍ វង្ស ពិសេន បានបន្តលើកឡើងពីតម្លៃសន្តិភាព ដែលកំពុងគ្របដណ្តប់ពេញផ្ទៃកម្ពុជា រកបានដោយលំបាក និងមានសារសំខាន់បំផុតសម្រាប់ជាតិ និងប្រជាជន ដោយនាយឧត្តមសេនីយ៍ បានអំពាវនាវដល់កងកម្លាំងទាំងអស់ត្រូវបន្យរួមគ្នាការពារសុខសន្តិភាព ស្ថេរភាព ការពារសមិទ្ធផលនៅក្នុងសង្គមបានគង់វង្ស។
នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ ក៏បានលើកបង្ហាញពីការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន នៅក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ពិសេសការស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋដើម្បីបង្កើតភាពសាំ រហូតគ្រប់គ្រងបានជំងឺឆ្លងសាកលនេះ និងកំពុងធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចបានប្រសើរឡើងវិញជាបណ្តើរៗផងដែរ។
ពាក់ព័ន្ធដល់ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នាថ្ងៃខាងមុខ នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ នាយទាហាន ពលទាហាន ត្រូវសិក្សាស្វែងយល់ច្បាស់លាស់ពីក្រមសីលធម៌នៃច្បាប់បោះឆ្នោត និងចូលរួមបំពេញភារកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ធ្វើយ៉ាងណាឲ្យដំណើរការបោះឆ្នោតប្រព្រឹត្តទៅក្នុងបរិយាកាសល្អ គ្មានការគំរាមកំហែង និងអំពើហិង្សាផ្សេងៗកើតឡើង៕
ដោយ ស សម