ថ្នាក់ដឹកនាំ និងមន្ដ្រីនគរបាលជាតិគ្រប់លំដាប់ថ្នាក់ សូមផ្ញើសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះមរណភាព ឯកឧត្តម ហ៊ុន ណេង

ចែករំលែក៖

ភ្នំពេញ៖ ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិគ្រប់លំដាប់ថ្នាក់ យើងខ្ញុំមានសេចក្តីក្តុកក្តួល រន្ធត់តក់ស្លុតឥតឧបមា ចំពោះដំណឹងដ៏សែនក្រៀមក្រំនៃមរណភាពរបស់ ឯកឧត្តម ហ៊ុន ណេង សមាជិកអចិន្ត្រៃយ៍រដ្ឋសភា ជាតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា កាលពីថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៨៖២៥នាទី ក្នុងជន្មាយុ៧២ឆ្នាំ ដោយរោគាពាធ។​ នេះបេីយោង​តាម​សារលិខិត​រំលែក​មរណៈ​ទុក្ខ​ របស់​អគ្គស្នងការ​នគរបាល​ជាតិ​។

នៅក្នុងសារលិខិត​រំលែក​មរណៈ​ទុក្ខ​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានថ្លែង​ថា៖​ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវក្តីសោកស្តាយស្រណោះអាឡោះអាល័យយ៉ាងក្រៃលែងចំពោះការបាត់បង់រូប ឯកខត្តម ហ៊ុន ណេង ដែលជាស្វាមី បង បងថ្លៃ ឪពុក ឪពុកក្មេក និងជាជីតា ប្រកបដោយព្រហ្មវិហារធម៌ ជាកុលបុត្រខ្មែរ និងជាឥស្សរជនជាន់ខ្ពស់ដ៏ឆ្នើមមួយរូបរបស់ជាតិ ដែលបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី តស៊ូយ៉ាងសកម្មប្រកបដោយស្វាមីភក្តិក្នុងបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ អស់រយៈពេលជាច្រើនទសវត្សរហូតដល់អវសាននៃជីវិត។

ទោះបីរូបកាយបានឃ្លាតចាកពីលោកយើងមែនពិត ប៉ុន្តែស្នាដៃ និងសមិទ្ធផលជាច្រើនរាប់មិនអស់ទាំងក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រដែល ឯកឧត្តម បានកសាងឡើង បានបន្សល់ទុកនូវកេរ្តិ៍ឈ្មោះ កិត្តិយសដ៏ឧត្តុង្គឧត្តម ស្ថិតនៅឋិតថេរជាអមតៈដក់ជាប់ក្នុងក្រអៅបេះដូងរបស់យើងខ្ញុំទាំងអស់គ្នា ដោយមិនអាចបំភ្លេចនូវគំរូវីរភាពដ៏ត្រចះត្រចង់ទាំងនេះបានឡើយ។

ស្ថិតក្នុងពេលវេលាដ៏ក្រៀមក្រំសោកសង្រេងនេះ យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិគ្រប់លំដាប់ថ្នាក់ សូមចូលរួមសម្តែងនូវសមានទុក្ខដោយក្តីសោកស្តាយអាឡោះអាល័យ និងសូមបួងសួងឧទ្ទិសដល់គុណបុណ្យព្រះរតនត្រ័យជួយយិតយោងដួងវិញ្ញាណក្ខន្ធរបស់ ឯកឧត្តម ហ៊ុន ណេង សូមឆាប់បានយោនយកកំណើតចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សូម លោកជំទាវ លាង រូចឆេង ហ៊ុន ណេង ព្រមទាំងក្រុមគ្រួសារនៃសព មេត្តាទទួលនូវសមានចិត្តចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតអំពីយើងខ្ញុំទាំងអស់គ្នា៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print