រថយន្តដឹកសំរាម សំណល់រឹងចំនួន១៩គ្រឿងត្រូវ​បាន​ប្រគល់​ដល់មន្ទីរបរិស្ថានខេត្តចំនួន១២

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​ក្រសួង​បរិស្ថាន​បានឱ្យដឹងថា​ នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២នេះ​ ក្រសួងបរិស្ថាន​​បានធ្វើការប្រគល់រថយន្តដឹកសំរាម សំណល់រឹងចំនួន១៩គ្រឿង ដល់មន្ទីរបរិស្ថាននៅក្នុងខេត្តចំនួន១២សម្រាប់គាំទ្រដល់រដ្ឋបាលក្រុង ស្រុក ក្នុងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ប្រកបដោយប្រសិទ្ធភាព និងមាននិរន្តរភាពបន្ថែមទៀត ។

ក្នុងពិធីនេះលោក ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការបានអញ្ជើញជាអធិបតីសម្រាប់ប្រគល់រថយន្តដឹកសំរាម សំណល់រឹងចំនួន១៩គ្រឿងជូនដល់មន្ទីរបរិស្ថាន សម្រាប់គាំទ្រដល់រដ្ឋបាលក្រុង ស្រុក ចំនួន១៨ មកពីខេត្តចំនួន១២។

ក្នុងឱកាសនោះ​ លោក​ ផៃ ប៊ុនឈឿន​ បានថ្លែងថា​ ការប្រគល់រថយន្តរបស់ក្រសួងបរិស្ថាននេះ បានធ្វើឡើងក្នុងគោលបំណងផ្តល់ការគាំទ្រ ជំរុញលើកទឹកចិត្តឱ្យមានភាពជាម្ចាស់ក្នុងការគ្រប់គ្រងសំរាម សំណល់រឹងព្រមទាំងធ្វើការពង្រីកសេវាសម្អាត ប្រមូល ដឹកជញ្ជូន និងទុកដាក់សំរាមឱ្យបានគ្រប់ទីប្រជុំជន ដើម្បីរួមចំណែកធ្វើឱ្យភូមិ ឃុំ សង្កាត់កាន់តែមានអនាម័យ សោភណភាពល្អ និងបរិស្ថានស្អាត ការរស់នៅប្រកបដោយផាសុកភាព និងភាពទាក់ទាញ។

សូមជម្រាបថា​ រដ្ឋបាលក្រុង-ស្រុកចំនួន១៨ មកពីខេត្តចំនួន១២បានទទួលរថយន្តដឹកសំរាម សំណល់រឹង ពីក្រសួងបរិស្ថានរួមមាន៖
១-ខេត្តកំពតចំនួន១គ្រឿង (ក្រុងបូកគោ)
២-ខេត្តកោះកុង ចំនួន២គ្រឿង (ស្រុកមណ្ឌលសីមា)
៣-ខេត្តក្រចះ ចំនួន១គ្រឿង (ស្រុកស្នួល)
៤-ខេត្តមណ្ឌលគិរី ចំនួន២គ្រឿង (ក្រុងសែនមនោរម្យ និងស្រុកពេជ្រាដា)
៥-ខេត្តព្រះវិហារចំនួន១គ្រឿង (ក្រុងព្រះវិហារ)
៦-ខេត្តពោធិ៍សាត់ចំនួន១គ្រឿង (ក្រុងពោធិ៍សាត់)
៧-ខេត្តរតនគិរី ចំនួន១គ្រឿង (ស្រុកបរកែវ)
៨-ខេត្តសៀមរាបចំនួន១គ្រឿង (ស្រុកក្រឡាញ់)
៩-ខេត្តស្វាយរៀងចំនួន២គ្រឿង (ក្រុងស្វាយរៀង និងស្រុករមាសហែក)
១០-ខេត្តត្បូងឃ្មុំ ចំនួន២គ្រឿង (ស្រុកត្បូងឃ្មុំ និងស្រុកពញាក្រែក)
១១-ខេត្តកំពង់ស្ពឺ ចំនួន៣គ្រឿង (ស្រុកភ្នំស្រួច ស្រុកសំរោងទង និងស្រុកបរសេដ្ឋ)
១២-ខេត្តព្រះសីហនុ ចំនួន២គ្រឿង (ក្រុងកោះរ៉ុង និងស្រុកព្រៃនប់)៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print