តោះ! សម្រាកមួយយប់លើកោះខ្យង ជម្រុះភាពស្មុគស្មាញឱ្យរសាត់ទៅតាមខ្យល់សមុទ្រ

ចែករំលែក៖

ខេត្ត​កោះកុង៖ នេះបេី​យោង​តាម​ប្រភពព័ត៌មាន​ពី​ក្រសួង​ទេសចរណ៍​ បានឱ្យដឹង​នៅព្រឹកថ្ងៃ​សុក្រ​ទី​០៦​ ខែឧសភា​ ឆ្នាំ​២០២២នះ​ថា៖​ កោះខ្យង គឺជាកម្រងកោះតូចៗចំនួន៣ ស្ថិតនៅភូមិសាស្ត្រឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង។ ដើម្បីធ្វើដំណើរទៅកាន់កោះច្រឡឹងតូចៗនេះ ភ្ញៀវទេសចរត្រូវជិះកាណូតចេញពីភូមអ្នកនេសាទ ដែលនៅប្របនឹងមាត់សមុទ្រចន្លោះព្រៃកោងកាង។

សម្លឹងពីចម្ងាយទៅកាន់កោះ ឃើញតែដើមដូងដុះស្កេកស្កះអណ្ដែតលើផ្ទៃសមុទ្រ។ ប្រមាណជាង១០នាទីក្រោយមក ភ្ញៀវទេសចរនឹងបានទៅដល់ហើយច្បាស់ជាលាន់មាត់ថា «កោះស្អាតដូចទេពនិម្មិត»។

ក្រសួង​ទេសចរណ៍​ បានបន្ថែមថា​ ក្រោមមេឃស្រឡះរសៀលជ្រាលជ្រេ តង់…ដែលជាលំនៅចល័តងាយស្រួលគ្រប់កាលៈទេសៈនោះ ក៏ត្រូវបានរៀបចំទុករួចជាស្រេច ទីតាំងពិសេសក្បែរច្រាំងជលសា។

ជំនោរព្រះពាយបក់មករំភើយ ញ៉ាំងឲ្យបរិយាកាសនាពេលសន្ធ្យាកាន់តែរមណីយភិរម្យ ខណៈអ្នកទេសចរយើងក៏កំពុងមមាញឹកនឹងការស្របយកខ្យល់បរិសុទ្ធ និងទស្សនាទេសភាពនានាឥតសំចៃភ្នែក។​ លុះរាត្រីកាលឈានចូលមកដល់ ម្ហូបអាហារគ្រឿងសមុទ្រស្រស់ៗក៏រឹតតែឆ្ងាញ់ពិសា អមដោយជំនោរសមុទ្រញ៉ាំងជាតន្ត្រី កវីប្រតិព័ទ្ធគាប់ឥតឧបមា។

ប្រភាតសុរិយាស្វាគមន៍ព្រឹកថ្មី ទឹកសមុទ្រនោចចាកច្រាំងទៅតាមធម្មជាតិ ភ្ញៀវទេសចរក៏អាចចុះទៅមើលសកម្មភាពរបស់ប្រជានេសាទ ដែលកំពុងស្វែងរកងាវក្ដាមខ្យងនៅជុំវិញបរិវេណកោះ ឬអាចសុំទិញយកមកធ្វើម្ហូបខ្លះក៏បានផងដែរ។

អាស្រ័យនៅក្នុងលម្ហឆកកំពង់សោម កោះខ្យងឆោមស្រស់បវរនេះ ប្រៀបដូចវិមានលង្កាអណ្ដែតផុតដែនទ្វីប អន្ទងចិត្តមិត្តអ្នកទេសចរគ្រប់គ្នា ប៉ងស្កាត់ឆ្លងទៅកម្សាន្ត ដោយសេវាកម្មជិះកាណូតទៅមកក្នុងម្នាក់ត្រឹមតែ១ម៉ឺនរៀលប៉ុណ្ណោះ៕

...

ដោយ៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print