ខេត្តបាត់ដំបង៖ ជនសង្ស័យចំនួនពីរនាក់ ជាមុខសញ្ញាជួញដូរគ្រឿងញៀន និងកាំភ្លេីងខ្លីចំនួន២ដេីម ត្រូវបានកម្លាំងនគរបាលជំនាញខេត្តបាត់ដំបង ធ្វើការបង្ក្រាប និងឃាត់ខ្លួន។ នេះបេីយោងតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃសៅរ៍ទី០៧ ខែឧសភា ឆ្នាំ២០២២។
របាយការណ៍ដដែល បន្តថា នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១១ និង៣០នាទី លោកវរសេនីយ៍ឯក សុខ និមល នាយការិយាល័យប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងក្នុងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងក្រុមអន្តរាគមន៍ប្រឆាំងបទល្មើស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះប្រតិបត្តិការបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ស្ថិតនៅចំណុចភូមិតាកុយ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ១-ឈ្មោះ ហូត សាវី ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិសួសអី ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ ២-ឈ្មោះ សេង សុវណ្ណារ៉ា ហៅទូ ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅបណ្តោះអាសន្ននៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
វត្ថុតាងដកហូតរួមមាន ៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក ICE) ចំនួន ០៨ថង់ ទម្ងន់ ២៣៣,៧២ក្រាម (ទាំងសំបក)
-ទូរស័ព្ទដៃចំនួន ០២គ្រឿង
-ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនលក់ចំនួន ០១គ្រឿង
-ថង់សម្រាប់រំលែកច្រកថ្នាំញៀនលក់ និងសម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន
-អាវុធខ្លី (បាញ់គ្រាប់ជ័រប្រេីហ្កាស) ចំនួន ០២ដេីម
បច្ចុប្បន្នជនសង័្សយ និងវត្ថុតាងត្រូវបានសមត្ថកិច្ចកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ដេីម្បីចាត់ការតាមផ្លូវច្បាប់ ៕
ដោយ៖ស តារា