ភ្នំពេញ៖ ជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាចោរគាស់ផ្ទះលួចយកទ្រព្យសម្បត្តិប្រជាពលរដ្ឋយ៉ាងសកម្មក្នុងរាជធានីភ្នំពេញ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃចន្ទទី៩ ខែឧសភា ឆ្នាំ២០២២នេះ បញ្ជូនខ្លួនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមច្បាប់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោសដោយការកាប់គាស់ទម្លុះទម្លាយ (ឆ្កឹះសោរទ្វារផ្ទះលួចយកម៉ូតូចំនួន០១គ្រឿង)។
ជនសង្ស័យឈ្មោះ សេក ស្រីនិត ហៅ ញ៉ាញ់ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះជួល ផ្លូវបេតុង សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ វី ស្រីនាង ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន មានទីលំនៅបច្ចុប្បន្នផ្ទះលេខ៣១៤ ផ្លូវលេខ៦១៤ ភូមិ២៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ដោយឡែកវត្ថុតាងចាប់យកពីជនសង្ស័យ៖ ម៉ូតូមួយគ្រឿងម៉ាកស៊ុយហ្ស៊ុយគីឡេត ពណ៌ស ឆ្នាំផលិត២០១៨ លេខតួ៤១៥៧០៨ លេខម៉ាស៊ីន ៥២៤១៥៧២១ពាក់ផ្លាកលេខភ្នំពេញ1GQ-7345 (ជារបស់ជនរងគ្រោះ)។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១២និង៣០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានស្រាវជ្រាវ និងឃាត់ខ្លួនបានជនសង្ស័យម្នាក់ និងចាប់យកភស្តុតាងម៉ូតូរបស់ជនរងគ្រោះចំនួន ០១គ្រឿង នៅចំណុចផ្លូវរថភ្លើង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលពាក់ព័ន្ធប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោសដោយការកាប់គាស់ទម្លុះទម្លាយ (ឆ្កឹះសោរទ្វារផ្ទះលួចយកម៉ូតូចំនួន០១គ្រឿង) នៅចំណុចផ្ទះលេខ៨៨ ផ្លូវលេខ៦១៤ស្ទួន ក្រុម១០៨ ភូមិ២៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង០២និង៣០នាទី បង្កឡើងដោយជនសង្ស័យចំនួន ០២នាក់ ឈ្មោះ សេក ស្រីនិត ហៅ ញ៉ាញ់ និងឈ្មោះ ស៊ុយ ភេទប្រុស អាយុប្រហែល២៥ឆ្នាំ មិនស្គាល់លេខទូរស័ព្ទ មិនស្គាល់អាសយដ្ឋាន ដោយជួបជុំគ្នានៅចំណុចកន្លែងលេងហ្គេមបុរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ រួចក៏នាំគ្នាចេញធ្វើសកម្មភាពគាស់ផ្ទះរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញយកទ្រព្យសម្បត្តិ។
ពេលនោះជនសង្ស័យទាំងពីរនាក់ដើរមកដល់ចំណុចកើតហេតុខាងលើ ឃើញស្ងាត់ពុំមានមនុស្ស ឈ្មោះ ស៊ុយ បានយកដែកលួសទៅឆ្កឹះសោទ្វារផ្ទះបណ្តាលឲ្យរបើករួចជនសង្ស័យទាំងពីរនាក់បាននាំគ្នាដើរចូលក្នុងផ្ទះបណ្តើរយកម៉ូតូរបស់ជនរងគ្រោះឈ្មោះ វី ស្រីនាង ភេទស្រី អាយុ២២ឆ្នាំ ម៉ាកស៊ុយហ្ស៊ុយគីឡេត ពណ៌ស ឆ្នាំផលិត២០១៨ ពាក់ផ្លាកលេខ ភ្នំពេញ 1GQ- 7345 ចេញមកក្រៅផ្ទះបានប្រហែល០៥ម៉ែត្រ ក៏កាត់ខ្សែកុងតាក់ម៉ូតូរួចបញ្ឆេះជិះឌុបគ្នាទៅកន្លែងលេងហ្គេមបុរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
គួបញ្ជាក់ថា ចំពោះម៉ូតូម៉ាកស៊ុយហ្ស៊ុយគីឡេត ពណ៌ស ឆ្នាំផលិត២០១៨ ពាក់ផ្លាកលេខ ភ្នំពេញ 1GQ-7345 របស់ជនរងគ្រោះឈ្មោះ វី ស្រីនាង គឺឈ្មោះ សេក ស្រីនិត ទុកជិះដោយមិនបានយកទៅបញ្ចាំ ឬលក់នោះទេ៕
ដោយ៖អារុណរះ