ខេត្តបាត់ដំបង÷ប្រតិបត្តិការស្រាវជ្រាវត្រូវបានបញ្ចប់នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២នេះ ក្រោយកម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបងតាមឃាត់ខ្លួនជាបន្ត បន្ទាប់ដែលជាប់ពាក់ព័ន្ធករណីផលិតឬធ្វើចរាចរណ៍អាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទឆ្លងដែនដោយខុសច្បាប់បានចំនួន០៧នាក់ដើម្បីកសាងសំណុំរឿងទៅតុលាការចាត់ការតាមផ្លូវច្បាប់។ នេះបើតាមមន្ត្រីកងរាជ អាវុធហត្ថខេត្តបានបញ្ជាក់នៅថ្ងៃទី០៩ ខែឧសភានេះ។
មន្ត្រីកងរាជអាវុធហត្ថបានអោយដឹងថា កិច្ចប្រតិបត្តិការជំហានទី១នៅវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ នៅចំណុចស្នាក់ការដោះដូរអីវ៉ាន់ ស្ថិតក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបងបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់រួមមាន៖១,ឈ្មោះ ឆាន់ ស្រស់ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរបើកបរ អាសយដ្ឋានភូមិយាង ឃុំយាង ស្រុកពួកខេត្តសៀមរាបនិងទី២,ឈ្មោះ ប៉ក់ ពៅ ហៅ ប៉យ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរបើកបរ អាស័យដ្ឋានភូមិអូរចម្លងលើ ឃុំតាត្រៃ ស្រុកកំរៀង ខេត្តបាត់ដំបងដោយដកហូតវត្ថុតាងរួមមាន: រថយន្តចំនួន ០១ គ្រឿង ម៉ាកសាំយ៉ុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2V-4837(ជាមធ្យោបាយដឹកទំនិញផ្ញើចេញចូលទៅប្រទេសថៃ)និងទូរស័ព្ទដៃ ចំនួន ០២ គ្រឿង ម៉ាក VIVO ពណ៌ ខ្មៅ និង ម៉ាកOPPO ពណ៌ខៀវ។
រហូតដល់នៅម៉ោង០៨ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ នៅចំណុចភូមិល្វា ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បានឃាត់ខ្លួនជនសង្ស័យ០១នាក់ទៀតឈ្មោះ ហឺ ឡៃហៀក ភេទប្រុស អាយុ ៣០ឆ្នាំមុខរបរអ្នកទទួលបញ្ញើអ៊ីវ៉ាន់ប្រចាំស្រុកបវេល មានអាស័យដ្ឋានភូមិល្វា ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង។សម្ភារៈវត្ថុតាងដកហូតរួមមាន ÷ រថយន្តចំនួន០១គ្រឿង ម៉ាក Morning ពណ៌ ស ស្លាកលេខ បាត់ដំបង 2D-0257(សំរាប់ដឹកទំនិញដែលផ្ញើពីស្រុកបវេលទៅស្រុកកំរៀង)និងទូរស័ព្ទដៃ១ គ្រឿង ម៉ាក OPPO ពណ៌ ខៀវ។
ប្រភពខាងលើបន្ថែមថា ដោយមានការសម្របសម្រួលពីលោក ដួង សារ៉ន ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត បាត់ដំបងនៅវេលាម៉ោង០៩និង៤៥នាទី ថ្ងៃទី០២ ខែ ឧសភា ឆ្នាំ២០២២ នៅចំណុចលំនៅដ្ឋានរបស់ឈ្មោះហ៊ី ឡៃហៀក ស្ថិតក្នុងភូមិល្វា ឃុំល្វា ស្រុកបវេល ខេត្ត បាត់ដំបង សមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួនទៀតមាន៖រថយន្ត ០១ គ្រឿង ម៉ាក Starex ពណ៌ទឹក ប្រាក់ ស្លាកលេខភ្នំពេញ 2BI-0257និងប័ណ្ណសម្គាល់យានយន្ត ០១ សន្លឹកផង។
នៅវេលាម៉ោង១២និង២៥នាទី ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ នៅចំណុច ភូមិអូរដា ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបងកម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បានឃាត់ខ្លួនជនសង្ស័យ ០១នាក់ឈ្មោះវើន វាសនា ហៅ លុន ភេទ ប្រុស អាយុ៣៤ឆ្នាំ មុខរបរជាមន្ត្រីនគរបាល ស្នាក់នៅភូមិឃាំង ឃុំយាង ស្រុកពួក ខេត្តសៀមរាប។ ក្នុងនោះដកហូតរថយន្ត១ គ្រឿងម៉ាកLexus RX 330 ពណ៌ ស ស្លាកលេខ ភ្នំពេញ 2BH-6099។ទូរស័ព្ទដៃ ០១ គ្រឿង ម៉ាក IPHONE ពណ៌ ទឹកមាសនិងចិញ្ចៀន ០១ វង់ព្រមទាំងប្រាក់ថៃចំនួន ៩០០០ (ប្រាំបួនពាន់ )បាត។
នៅវេលាម៉ោង១៣និង៣០ នាទី ថ្ងៃខែដដែលខាងលើនៅចំណុចរង្វង់មូលយាយជីច្រូតស្រូវ ស្ថិតក្នុង ភូមិឬស្សីក្រោក ឃុំឬស្សីក្រោក ស្រុកមង្គលបូរីខេត្តបន្ទាយមាន ជ័យ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បានសហ ការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបន្តឃាត់ខ្លួនជនសង្ស័យ ០៣ នាក់ទៀតរួមមាន៖១,ឈ្មោះសម្បត្តិ ស្រីលីន ភេទស្រី អាយុ៣០ឆ្នាំ មុខរបរ អ្នកទទួលបញ្ញើអីវ៉ាន់ប្រចាំស្រុកមង្គលបូរី អាស័យដ្ឋាន ភូមិប្រឡាយលួងលើ ឃុំឬស្សីក្រោក ស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ,ទី២,ឈ្មោះសោម ចាន់ណា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ សិស្ស មានអាស័យដ្ឋាន ភូមិតាដោក ឃុំឬស្សី ក្រោកស្រុកមង្គលបូរី ខេត្តបន្ទាយមាន ជ័យនិង៣,ឈ្មោះថន ម៉េងគង់ ហៅ វីន ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ លក់ត្រី អាស័យដ្ឋានភូមិឬស្សីក្រោក ឃុំឬស្សីក្រោកស្រុកមង្គលបូរី ខេត្តបន្ទាយមាន ជ័យ។
វត្ថុតាងដកហូតរួមមាន÷កាំភ្លើងខ្លីចំនួន ០២ ដើម ម៉ាក ROLO ពណ៌ ទឹកប្រាក់និងម៉ាកGLOCK 1ពណ៌ខ្មៅលេខ2104859។គ្រាប់កាំភ្លើង GLOCK ចំនួន ២១ គ្រាប់ និងបង់ចំនួន០២,គ្រាប់កាំភ្លើង ROLO ចំនួន១៤គ្រាប់។គ្រាប់កាំភ្លើង AK 47 ចំនួន ១០០០ គ្រាប់។សំបកគ្រាប់បែក ចំនួន ៥០គ្រាប់។គីបគ្រាប់បែកច្រកក្នុងកំប៉ុង ចំនួន ០៥កំប៉ុង ស្មើ ៥០គីប និងនៅក្រៅកំប៉ុង ចំនួន ០១ គីប សរុប ចំនួន ៥១គីប។សំបកកេសដែក(បើករួច)គ្រាប់កាំភ្លើង AK47 ចំនួន ០៣ កេស។សំបកកេសស្នោចំនួន ០៥ កេសនិងទូរស័ព្ទដៃចំនួន ០២គ្រឿងផង ម៉ាក OPPO ពណ៌ខ្មៅ។
បច្ចុប្បន្នជនសង្ស័យដែលជាប់ពាក់ព័ន្ធករណីខាងលើទាំង០៧នាក់រួមនិងវត្ថុតាងត្រូវបានកម្លាំងការិយាល័យជំនាញកំពុងសាកសួរដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីបន្ដនីតិវិធី៕