ភ្នំពេញ ៖ រថយន្តឡង់គ្រីស័បើកលឿនបានជ្រុលបុករថយន្តមួយគ្រឿងទៀតបើកឆ្លងភ្លើងស្តុបពេញទំហឹង បណ្តាលឲ្យបួងចង្កូតធ្លាក់ចូលប្រឡាយ បណ្តាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលម៉ោង១១ និង២០នាទីយប់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវបុរីអង្គរ កែងនឹងផ្លូវលេខ១០០៣ ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ បើករថយន្តម៉ាកតូយ៉ូតា RUSH ពណ៌សពាក់ស្លាកលេខ ភ្នំពេញ2BS-0126 បើកបរតាមបណ្តោយផ្លូវលេខ១០០៣ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ស្តុបបុរីអង្គរដែលជា ផ្លូវបែកជាបួនស្រាប់តែមានរថយន្តឡង់គ្រីស័រមួយគ្រឿងទៀត ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 2Q-2168 បើកដោយបុរសម្នាក់ រួមដំណើរ ជាមមួយនិងមនុស្ស២នាក់ទៀត បើកបរតាមបណ្តោយផ្លូវបុរីអង្គរ ក្នុងទិសដៅពីជើងទៅត្បូងយ៉ាងលឿន ជាន់ហ្រ្វាំងមិនទាន់ ក៏ជ្រុលទៅបុកជារថយន្តតូយ៉ូតា RUSH ពេញទំហឹង រួចបួងចង្កូតជ្រុលធ្លាក់ចូលទៅក្នុងប្រឡាយទឹកស្អុយ ភ្លាមៗនោះដែរប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុបាន
ចុះទៅជួយអ្នកបើករថយន្ត និងអ្នករួមដំណើរឡើងមកលើគោក រួចទាក់ទងទៅរថយន្តសាមុយ ដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ។
បន្ទាប់ពីកើតហេតុ ដោយភាគីទាំងសងខាង សម្រួលគ្នាមិនត្រូវ ទើបសមត្ថកិច្ចមូលដ្ឋានសហការ ជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ ចុះមកដល់វាស់វែងស្ទូចយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ៖ជ្រោយពេជ្រ