ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តយ៉ាងលឿន រ៉េចង្កូត ជ្រុលទៅបុកបង្គោលស្លាកសញ្ញាមួយដើមបាក់រាបដល់ដី ហើយរថយន្តនៅមិនទាន់អស់ល្បឿនបានជ្រុលទៅបុកផ្ទប់នឹងដើមឈើទៅមុខលែងរួច សំណាងល្អមិនបណ្តាលឲ្យមានគ្រោះថ្នាក់ទៅដល់មនុស្ស។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង ១១យប់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២៧១ ក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើករថយន្តម៉ាក toyota prius ពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2BL-6033 បើកបរតាមបណ្តោយផ្លូវលេខ២៧១ ក្នុងទិសដៅពីកើតទៅលិចយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ បានរេចង្កូតជ្រុលទៅបុកបង្គោលស្លាកសញ្ញា មួយដើមបាក់រាបដល់ដី ហើយរថយន្តនៅមិនទាន់អស់ល្បឿនបានជ្រុលទៅបុកផ្ទប់នឹងដើមឈើទៅមុខលែងរួច ក្រោយហើតហេតុអ្នកបើករថយន្តបានប្រមូលសម្ភារៈចេញពីក្នុងរថយន្តរួចជិះគេចខ្លួនបាត់ស្រម៉ោល។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះមកដល់បានទំនាក់ទំនងសមត្ថកិច្ចជំនាញចរាចរណ៍ដោយភាគីរថយន្តបង្កព្រមសងថ្លៃខូចខាត ក្នុងការជួសជុលបង្គោលស្លាកសញ្ញា៕
ដោយ៖ជ្រោយពេជ្រ