ប្រធានាធិបតីថ្មីកូរ៉េខាងត្បូង លោក Yoon Suk-yeol បាននិយាយថា កម្មវិធីបរមាណូរបស់កូរ៉េខាងជើងគឺជាការគំរាមកំហែងសន្តិសុខជាតិ ប៉ុន្តែលោកបញ្ជាក់ថា ទ្វារនៃកិច្ចពិភាក្សានៅតែបន្តបើកជានិច្ច ។
សារព័ត៌មានយ៉ុងហាប់របស់កូរ៉េខាងត្បូង នៅថ្ងៃទី១០ ខែឧសភា បានផ្សាយថា នៅក្នុងសុន្ទរកថាក្នុងពិធីឡើងកាន់តំណែងប្រធានាធិបតីលោកយូនបញ្ជាក់ថា កម្មវិធីបរមាណូរបស់កូរ៉េខាងជើងគឺជាការគំរាមកំហែងដល់សន្តិសុខជាតិ និងតំបន់អាស៊ីទាំងមូល។ ប៉ុន្តែលោកបញ្ជាក់ថា ច្រកទ្វារនៃកិច្ចពិភាក្សា នៅតែបន្តបើកដដែលជាមួយទីក្រុងព្យុងយ៉ាង។
ក្នុងពេលនេះដែរ ក្រុមមន្រ្តីទូតអាមេរិកបានឱ្យដឹងនៅថ្ងៃចន្ទនេះថា សហរដ្ឋអាមេរិកបានស្នើឱ្យមានកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅក្នុង សប្តាហ៍នេះ ដើម្បីពិភាក្សាអំពីកូរ៉េខាងជើង ខណៈដែលទីក្រុងវ៉ាស៊ីនតោនកំពុងជំរុញដល់ស្ថាប័នកំពូលដែលមានសមាជិក ចំនួន១៥ប្រទេសមួយនេះពង្រឹងការដាក់ទណ្ឌកម្មប្រឆាំងទីក្រុងព្យុងយ៉ាង។
កូរ៉េខាងជើងបានបង្កើនការបាញ់មីស៊ីលរបស់ខ្លួនក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ នាំឱ្យមានការព្រួយបារម្ភពីប្រទេសជិតខាង និងសហរដ្ឋអាមេរិក ហើយក្នុងតំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខសម្រាប់ខែឧសភានេះ, ទីក្រុងវ៉ាស៊ីនតោនបានពិចារណាស្នើឱ្យមានរៀបចំកិច្ចប្រជុំស្តីពីកូរ៉េខាងជើង ចាប់តាំងពីសប្តាហ៍មុនមកម្ល៉េះ ដោយការកំណត់យកថ្ងៃពុធ ទី១១ខែឧសភាស្អែកនេះ វេលាម៉ោង ៣រសៀល (ម៉ោងនៅទីក្រុងញូវយ៉ក) ដើម្បីរៀបចំកិច្ចប្រជុំ។
បើតាមឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី លីនដា ថូម៉ាស់ គ្រីនហ្វៀល (Linda Thomas-Greenfield), សហរដ្ឋអាមេរិកចង់ឱ្យក្រុមប្រឹក្សាសន្តិសុខបោះឆ្នោតក្នុងខែឧសភា ដើម្បីដាក់ទណ្ឌកម្មបន្ថែមលើកូរ៉េខាងជើង។ ប៉ុន្តែចិន និងរុស្ស៊ីដែលមានអំណាចវេតូលើក្រុមប្រឹក្សា បានបង្ហាញជំហរជំទាស់ជាមុនបាត់ទៅហើយ។
កូរ៉េខាងជើងបានរងនូវទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ចាប់តាំពីឆ្នាំ២០០៦ ហើយក្រុមប្រឹក្សាសន្តិសុខក្រោមការជ្រោមជ្រែងពីអាមេរិកបានបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីកាត់ផ្តាច់មូលនិធិ ឬជំនួយនានាប្រឆាំងនឹងកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ទីក្រុងព្យុងយ៉ាង៕ ដោយធីរីណា
រូបថត : YONHAP/TTXVN