ក្រោយពេលរៀបចំពិធីបុណ្យសពលោកវរសេនីយ៍ត្រី ទៀន ករុណា ចប់សព្វគ្រប់ អង្គភាពកងរាជអាវុធហត្ថរាជធានីភ្នំពេញបានទម្លាយ ព័ត៌មានលម្អិត ស្តីពីប្រតិបត្តិការបង្ក្រាបមេក្លោងធំជួញដូរគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញៈ​ ក្រោយពេលរៀបចំពិធីបុណ្យសពលោកវរសេនីយ៍ត្រី ទៀន ករុណា ចប់សព្វគ្រប់ អង្គភាពកងរាជអាវុធហត្ថរាជធានីភ្នំពេញបានទម្លាយ ព័ត៌មានលម្អិត ស្តីពីប្រតិបត្តិការបង្ក្រាបមេក្លោងធំជួញដូរគ្រឿងញៀន ព្រមទាំងសាវតា និងសកម្មភាពជួញដូររបស់ពួកវាដូចខាងក្រោម៖
– តាមការចង្អុលបង្ហាញរបស់ឈ្មោះ លី វីរៈ សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ បានចុះទៅបង្ក្រាបសំបុកមេក្លោងធំជួញដូរគ្រឿងញៀនមួយកន្លែង នៅផ្លូវលេខ៣៥១ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ខណៈពេលប្រតិបត្តិការណ៍ ជនល្មើសបានបាញ់ប្រហារមកលើសមត្ថកិច្ចអាវុធហត្ថត្រូវរបួសម្នាក់ ធ្វើឲ្យមានការបន្ថែមកម្លាំងអាវុធហត្ថនិងមានការចូលរួមសហការណ៍ពីកម្លាំងនគរបាល ទៅហ៊ុព័ទ្ធកន្លែងកើតហេតុ ដោយមានការបាញ់តបតគ្នា ជាច្រើនរយគ្រាប់ កក្រើករាជធានីភ្នំពេញ។ ជាលទ្ធផលបណ្តាលឱ្យអាវុធហត្ថម្នាក់ដែលរបួសត្រូវបានពលីពេលទៅដល់មន្ទីរពេទ្យ និង ងាប់ជនល្មើសម្នាក់នៅនឹងកន្លែង ឃាត់ខ្លួនជនសង្ស័យសរុបបាន០៥នាក់ ដកហូតអាវុធជនល្មើសបាន០៦ដើម(អាវុធខ្លី០៥ដើម អាវុធវែង០១ដើម) រថយន្ត០២គ្រឿង ម៉ូតូ០៤គ្រឿង ជនល្មើសបានចាក់បំផ្លាញថ្នាំញៀនចោល ចូលទៅក្នុងបង្គន់ និងដុតបំផ្លាញឯកសារពាក់ព័ន្ធមួយចំនួនទៀត។
– ជនល្មើសដែលងាប់ មានឈ្មោះថា លឹម តេង ឈ្មោះដើម លឹម គឹមតេង គឺជាមេក្លោងធំ ក្នុងការជួញដូរគ្រឿងញៀន និងធ្លាប់ជាប់គុករយៈពេល១ឆ្នាំពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។ ចំណែក០៥នាក់ទៀត ដែលអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនរួមមាន 1-ឈ្មោះ លឹម កុកហ៊ុយ ហៅប៉ាហ្គិច ជាពូថ្លៃរបស់មេក្លោងធំដែលងាប់, 2-ឈ្មោះ ទី អៀង ជាបងថ្លៃរបស់មេងក្លោងធំដែលងាប់, 3-ឈ្មោះ ស៊ុន ដារ៉ូ ហៅឈិត ជាបក្ខពួក, 4-ឈ្មោះ ត្រាវ រិទ្ធារ៉ា ជាបក្ខពួក, 5-ឈ្មោះ លី វីរៈ ជាបក្ខពួក។ ក្រុមទាំងអស់នេះ មានមុខរបរជួញដូរគ្រឿងញៀន ក្រោមរូមភាពធ្វើទាខ្វៃ ដែលមានយីហោរ លី កុកហ៊ុយ ដើម្បីបិទបាំងរបរជួញដូរគ្រឿងញៀនរបស់ខ្លួន។ តាមការស្រាវជ្រាវរបស់សមត្ថកិច្ច សន្និដ្ឋានថាក្រុមនេះអាចមានការចរាចរណ៍គ្រឿងញៀន ពីកន្លែង១ទៅកន្លែង១ តាមរយៈការលាក់គ្រឿងញៀនក្នុងទាខ្វៃផងដែរ។

អំពីសាវតារបស់មេក្លោងធំជួញដូរគ្រឿងញៀន លឹម គឹមតេង គឺ
– មុនឆ្នាំ២០០៧ ឈ្មោះ លឹម គឹមតេង គឺជាកូនជឹង និងជាមនុស្សជំនិត របស់មេក្លោងផលិត និងជួញដូរគ្រឿងញៀនដ៏ធំ ឈ្មោះ ឡាំ ប៊ុនខេង (បច្ចុប្បន្នឡាំ ប៊ុនខេង បាននិងកំពុងជាប់ក្នុងពន្ធនាគារ PJ ) ដោយជាប់ចោទពីបទផលិត និងជួញដូរគ្រឿងញៀន ហើយត្រូវបានការិយាល័យបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថលើផ្ទៃប្រទេសជាអ្នកបង្ក្រាបចាប់ខ្លួនកាលពីថ្ងៃទី06-8-2007 និងចាប់យកបានវត្ថុតាងជាច្រើនរួមមាន ម៉ាស៊ីនផលិតគ្រឿងញៀន ព្រមទាំងថ្នាំញៀន សារធាតុគីមីផ្សំសម្រាប់ផលិតគ្រឿងញៀន និងវត្ថុតាងផ្សេងៗជាច្រើនទៀត ។ បន្ទាប់ពី ឡាំ ប៊ុនខេង ជាប់គុកទៅ គឺឧក្រិដ្ឋជន លឹម គឹមតេង ចាប់ផ្តើមដើរតួនាទីជំនួស ឡាំ ប៊ុនខេង ម្តង ដោយធ្វើការជួញដូរថ្នាំញៀនយ៉ាងពេញបន្ទុករហូតដល់ថ្ងៃដែលសមត្ថកិច្ចនគរបាលខណ្ឌចំការមនចាប់ខ្លួន បញ្ជូនទៅគុកព្រៃសតាមដីកាបង្គាប់ឲ្យឃុំខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៣ និងដោះលែងវិញនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៤ បន្ទាប់ពីអនុវត្តទោសបានមួយឆ្នាំ។
– ក្នុងអំឡុងពេលជាប់គុក ឧក្រិដ្ឋជន លឹម គឹមតេង វាមានការទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធជាមួយនិងអាលាង ជនជាតិវៀតណាម ជាទណ្ឌិតដែលអាវុធហត្ថរាជធានីភ្នំពេញស្រាវជ្រាវឃើញថា ជាក្រុមមេក្លោងជាមួយជនជាតិនីហ្សេរីយ៉ា ក្នុងការចាត់ចែងបញ្ជាលក់ទិញថ្នាំញៀនពីក្នុងពន្ធនាគារមកខាងក្រៅ។ តាមចម្លើយរបស់ លី វីរៈ ក៏ធ្លាប់ជាប់ពន្ធនាគារ ពីបទឆក់ខ្សែក ដោយឃុំខ្លួន នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៣ នៅក្នុងបន្ទប់ឃុំខ្លួនអាគារA4 ជាមួយ លឹម គឹមតេង ហើយបានស្គាល់គ្នា។ លី វីរៈ ត្រូវបានដោះលែងចេញពីពន្ធនាគារ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៥ ។
– ក្រោយពេលចេញពីពន្ធនាគារ លី វីរៈបានស្កាត់ទៅជួប ឧក្រិដ្ឋជន លឹម គឹមតេង ដើម្បីសុំធ្វើការជាមួយ។ ឧក្រិដ្ឋជន លឹម គឹមតេង បានបន្តមុខរបរចាស់របស់ខ្លួន គឺជួញដូរគ្រឿងញៀនដដែល ហើយធ្វើរឹតតែធំជាងមុន និងឆ្លាតជាងមុន សូម្បីតែសំបុករបស់វា មានរបងបិទជិតកំពស់ជិត៤ម៉ែត្រ ចិញ្ចឹមឆ្កែប៊ែកសេដាក់ទ្រុងនៅមុខផ្ទះក្រៅរបង ចាប់កាមេរ៉ាសុវត្ថិភាពជុំវិញផ្ទះ និងយករបរខ្វៃទាលក់ បំភាន់ភ្នែកមហាជនក៏ដូចជាសមត្ថកិច្ច តែជាក់ស្តែងក្រុមវាខ្វៃទា ត្រឹមតែ១០ ទៅ១៤ក្បាលប៉ុណ្ណោះក្នុង១ថ្ងៃ។
ចំពោះជនសង្ស័យទាំង០៥នាក់ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៦៕​

image image image image

ដោយ​ អាវុធហត្ថ

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print