លោក ហ៊ុយ វណ្ណៈ ៖ «ពិភពលោក៖ វិវត្តន៍ពី ស៊ីជីវិតមនុស្ស មកស៊ីទាំងលុយ»

ចែករំលែក៖

ភ្នំពេញ ៖ «ពិភពលោក៖ វិវត្តន៍ពី ស៊ីជីវិតមនុស្ស មកស៊ីទាំងលុយ»។ នេះជាសំណេររបស់ លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) នៅលើ facebook ផ្ទាល់ខ្លួនរបស់លោក។ ក្នុងនោះលោក សរសេរ យ៉ាងដូច្នេះបន្តថា, សូមសង្ខេបខ្លីៗ នូវការកត់សំគាល់ពីការប្រែប្រួលនៃ សណ្តាប់ធ្នាប់ពិភពលោក តាមដំណាក់កាល ដូចតទៅ៖
• សង្គ្រាមលោកលើកទី១៖ ប្រទេសធំៗនាំគ្នាបង្កើតស្ថាប័នអន្តរជាតិគឺ «សម្ព័ន្ធសហប្រជាជាតិ League of Nations»។ ប៉ុន្តែអង្គការនេះបានដួលរលំ នៅមុនសង្គ្រាមលោកលើកទី២ បន្ទាប់ពីបង្កើតបាន៥ឆ្នាំ។ ពេលនោះពិភពលោក មិនទាន់នឹកឃើញបង្កើតតុលាការកាត់ទោសឧក្រិដ្ឋកម្មសង្គ្រាមទេ។ សណ្តាប់ធ្នាប់ពិភពលោក និងច្បាប់អន្តរជាតិ ហាក់នៅទន់ខ្សោយនៅឡើយ។
• សង្គ្រាមលោកលើកទី២៖ ពិភពលោកនាំគ្នាប្រឹងបង្កើតស្ថាប័នអន្តរជាតិម្តងទៀត ក៏បង្កើតចេញបាន «អង្គការសហប្រជាជាតិ United Nations» ដែលដំណើរការយឺតដូចសត្វអណ្តើក រហូតមកដល់សព្វថ្ងៃនេះ។ អ្នកឈ្នះសង្គ្រាមក៏ចេះនឹកឃើញបង្កើតតុលាការអន្តរជាតិ ដើម្បីកាត់ទោសអ្នកចាញ់។ បទឧក្រិដ្ឋអន្តរជាតិ ដែលត្រូវបានបង្កើតឡើង មាន៣ធំគឺ៖ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ, ឧក្រិដ្ឋកម្មសង្គ្រាម, អំពើប្រល័យពូជសាសន៍។ អ្នកចាញ់ ត្រូវយកទៅកាត់ទោស។ អ្នកណាដឹងខ្លួនមុន ក៏រត់ភៀសខ្លួន ឬធ្វើអត្តឃាត។
• សង្គ្រាមត្រជាក់៖ រឿងរ៉ាវដ៏អាក្រក់៣យ៉ាងកើតឡើងគឺ៖ អំពើឈ្លានពានដោយកំរោល ហើយចាប់មេដឹកនាំប្រទេសកាត់ទោសប្រហារជីវិត, អំពើភេរវកម្មនិងមនុស្សឃាត, និងការបង្កើតនូវបដិវត្តន៍ពណ៌ ដើម្បីប្តូររបបដឹកនាំប្រទេស តាមតែគេចង់បាន។ យ៉ាងហោចជាង៣០ប្រទេសជួបបទពិសោធន៍បដិវត្តន៍ពណ៌។
• សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន៖ គឺជាដំណាក់កាលសេដ្ឋកិច្ចជឿនលឿន ហើយជារឿងគួរឱ្យស្ងើច ដែលពួកប្រទេសមហាយក្ស កើតគំនិតធ្វើច្បាប់ដាក់ទណ្ឌកម្ម ដើម្បីបង្កក និងរឹបអូសទ្រព្យសម្បត្តិ។ នេះគេហៅថា ចោរប្លន់ស្របច្បាប់។ គេព្យាករណ៍ថា ទ្រព្យសម្បត្តិរុស្ស៊ី យ៉ាងហោច ៦០០កោដិ នឹងត្រូវបានស្រូបយក។ អ្នកណាស្រូបយក សុំស្វែងយល់ដោយខ្លួនឯងបន្ថែម។ វិធីចេះបែបដុះកន្ទុយ ក្នុងការដាក់ទណ្ឌកម្មមេដឹកនាំ បុគ្គល ពាណិជ្ជករ គឺពួកគេចំណេញយ៉ាងហោច២យ៉ាង៖ ម្យ៉ាងបានលុយ ហើយម្យ៉ាងទៀតបំភ័ន្តភ្នែកប្រជាជននៃប្រទេសនោះ ឱ្យស្អប់ជនដែលត្រូវបានបង្កក ឬរឹបអូសទ្រព្យសម្បត្តិថាជាជនពុករលួយ។ វិធីនេះ ការពិតកើតតាំងពីមុនសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ហើយវាកំពុងពេញនិយម ព្រោះជាការប្លន់ស្របច្បាប់ យកពីប្រទេសអ្នកក្រ ឬពីប្រទេសជាគូប្រជែងរបស់គេ ហើយគេលើកដៃអរគុណទៀត។ លោកម្ចាស់ឆ្លាតក្នុងការបឺតឈាមគេឯង ជាពិសេសពីប្រទេសតូចៗ ដើម្បីឱ្យនៅ «ក្រ ស្មើគ្នា» ហើយនៅក្រយូរអង្វែងតទៀត។ តែកុំភ្លេចថា «ចេះឯងឱ្យក្រែងចេះគេ»។ បណ្តាប្រទេសមួយចំនួន នឹងចម្លងនូវទំនៀមទម្លាប់នេះ គឺធ្វើច្បាប់រឹបអូសទ្រព្យសម្បត្តិពីគ្នាទៅវិញទៅមក។
• ថ្មីៗនេះ មានអ្នកផ្តួចផ្តើមឱ្យ UN កែប្រែរបៀបរបបនៃការសម្រេចចិត្តនៅក្នុងក្រុមប្រឹក្សាសន្តិសុខ គឺការវ៉េតូ។ គំនិតរបស់មហាអំណាច គឺរក្សាលំនឹងនិងវាតទី។ បើគេបោះបង់ចោលគំនិត២នេះ គឺគេនឹងដួលរលំ។ ហើយក៏កុំជឿឱ្យសោះថា ពិភពលោក មានយុត្តិធម៌ជាមួយគ្នា។ នេះគ្រាន់ជាការចែករំលែកលើទិដ្ឋភាពខ្លះៗ ហើយនៅមានរឿងរ៉ាវជាច្រើនទៀត ដែលខ្ញុំយល់មិនអស់៕

...

ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print