ភ្នំពេញ៖ បុរសម្នាក់ដែលជាចោរលួចកង់ បានរងរបួសធ្ងន់ដោយបែកក្បាលហូរឈាមស្រោចពេញខ្លួន ខណៈដែលខ្លួនបានធ្វើសកម្មភាពលួចកង់ពីមន្រ្តីនគរបាលអន្តោប្រវេសន៍ម្នាក់ មិនបានសម្រេចត្រូវបានម្ចាស់កង់ដកកាំភ្លើងបាញ់បង្អើ១គ្រាប់ធ្វើឲ្យជនសង្ស័យភ័យមិនហ៊ានរត់ ក៏ត្រូវម្ចាស់កង់ចាប់បានវាយ១ស្នាប់កាំងភ្លើង បណ្ដាលឲ្យរាលកៃផ្ទុះអាវុធ១គ្រាប់តែសំណាងល្អមិនមានអ្នករងរបួស ។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៣និង២០នាទីរសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦ នៅខាងជើងវត្តឧណ្ណាឡោម ផ្ទះលេខ២០៣ ផ្លូវ១៣ ភូមិ៥ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។
ជនសង្ស័យឈ្មោះ ងួន វិចិត្រ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរនិងការស្នាក់នៅមិនពិតប្រាកដ។ ចំណែកម្ចាស់កង់ ឈ្មោះ មាស ម៉ាដែន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមន្ត្រីនរគបាលអន្តោប្រវេសន៍ ស្នាក់នៅទីតាំងផ្ទះកើតហេតុខាងលើ ។
តាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានទុកកង់ចោលនៅមុខផ្ទះកើតហេតុ លុះដល់ម៉ោងកើតហេតុខាងលើ ស្រាប់តែឃើញជនសង្ស័យកំពុងតែបណ្តើរកង់ ក៏រត់ដេញតាម ភ្លាមនោះជនសង្ស័យភ័យបានរុញកង់ចោលទៅបុកនិងម៉ូតូគេនៅតាមផ្លូវ ហើយម្ចាស់កង់ចាប់បានខឹងក៏វាយជនសង្ស័យ១ស្នាប់កាំភ្លើងរងរបួសបែកក្បាលហូរឈាម និងបានរាលកៃផ្ទុះអាវុធ១គ្រាប់ ទៀត (កាំភ្លើងម៉ាកឡុក) ។
ក្រោយកើតហេតុគេឃើញលោក ហួត ចាន់យ៉ារ៉ាន់ អធិការដ្ឋាននគរបាលខណ្ឌដូនពេញចុះទៅទីតាំងកើតហេតុនោះភ្លាមៗព្រោះតែមានស្នូលផ្ទុះគ្រាប់កាំភ្លើងផងដែរ ។ ចំណែកឯជនសង្ស័យត្រូវបានកម្លាំងនរគបាលមូលដ្ឋានដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ រីឯម្ចាស់កង់បានដាក់ពាក្យប្តឹងនៅប៉ុស្តិ៍រដ្ឋបាលនរគបាលជ័យជំនះ ហើយនគរបាលប៉ុស្តិ៍បានសួរនាំផងដែរពាក់ករណីផ្ទុះអាវុធនេះ តែជនរងគ្រោះមិនបានយកកាំភ្លើងខ្លីមកបង្ហាញសមត្ថកិច្ចនោះទេ ៕
ដោយ៖ ស ដារ៉ា