ខេត្តព្រះសីហនុ៖ សម្តេចតេជោ បានបញ្ជាក់ជាផ្លូវការថា ចាប់ពីថ្ងៃនេះតទៅ (១ ឧសភា ២០១៦) កំពង់ផែស្វយ័តក្រុងព្រះសីហនុ ចុះតម្លៃសេវា ១០ភាគរយ កំពង់ផែភ្នំពេញ ចុះតម្លៃសេវា ៥ភាគរយ កាំសាបចុះ ១០ភាគរយ ដើម្បីទាក់ទាញ ការវិនិយោគ និងក្រុមហ៊ុនដឹកជញ្ជូនគ្រប់ប្រភេទ ។
កាលពីថ្ងៃទី០១ ឧសភា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើដំណើរតាមរថភ្លើងចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនកម្មករកម្មការនី បុគ្គលិក មន្ត្រីកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងថ្ងៃឈប់សម្រាកនៃ ទិវាពលកម្មអន្តរជាតិ ១ឧសភា លើកទី១៣០ ដែលមានអ្នកចូលរួមជាង១ពាន់នាក់ ។
កំពង់ផែស្វយ័តក្នុងព្រះសីហនុសព្វថ្ងៃនេះ បានពង្រីក និងពង្រឹងសមត្ថភាពខ្លួនក្នុងការបំរើសេវាកម្មទំនិញចេញចូលបានរលូនល្អ ដែលស្រូបយកបរិមាណទំនិញកុងតេន័រ (Container) ឆ្លងកាត់ទូទាំងប្រទេសប្រមាណជា៧៣%។ សមិទ្ឋផលដែលសំរេចបានមកទល់ពេលនេះ គឺឆ្លុះបញ្ចាំងអោយឃើញនូវសក្តានុពល និងសកម្មភាពរស់រវើកនៃកំពង់ផែអន្តរជាតិមួយនេះ ដែលកំពុងដើរតួនាទីយ៉ាងសំខាន់ជាច្រកទ្វារសេដ្ឋកិច្ចអន្តរជាតិនៃការនាំចូលនិងនាំចេញទំនិញគ្រប់ប្រភេទមកកម្ពុជា ដែលបានចូលរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។
ទិវាពលកម្មអន្តរជាតិ ដែលមានឈ្មោះជាង ១៣០ឆ្នាំមកនេះ សម្តេចតេជោ មានបំណងចង់ប្តូរពាក្យពី “ ទិវាពលកម្មអន្តរជាតិ” ទៅជា “ ទិវាធនធានមនុស្សអន្តរជាតិ” ព្រោះថាសព្វថ្ងៃនេះគឺយើងកំពុងជំរុញនិង លើកតម្កើងការអភិវឌ្ឍធនធានមនុស្ស ដែលជាកត្តាត្រូវការចាំបាច់បំផុតសម្រាប់ប្រទេសជាតិ។សម្តេចតេជោ សប្បាយរីករាយណាស់ ដែលបានធ្វើដំណើរតាមរថភ្លើងមកក្រុងព្រះសីហនុ ជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ។ យើងមិនត្រូវភ្លេចទេថា កម្ពុជាមានផ្លូវរថភ្លើងក្នុងរជ្ជកាលអតីតសម្តេចព្រះ នរោត្តម សីហនុ ក្នុងទសវត្សទី ៦០មកម្ល៉េះ។ យើងត្រូវនាំគ្នាថែរក្សាស្នារព្រះហស្ថព្រះអង្គ។ សម្តេចតេជោ គ្រោងនឹងយាងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាធ្វើដំណើរតាមរថភ្លើងដើម្បីមើលស្នារព្រះហស្ថនៃអតីតព្រះបិតាជាតិខ្មែរផងដែរនាពេលខាងមុខ។ ច្បាស់ណាស់ គឺផឹកទឹកគឺត្រូវនឹកគិតដល់ពីប្រភពទឹក និងទទួលទានផ្លែឈើគឺត្រូវនឹកគិតដល់អ្នកដាំ។
សម្តេចតេជោ លើកទឹកចិត្តដល់ពលរដ្ឋ ក៏ដូចជាអាជីវករ ពាណិជ្ជករ សូមប្រើប្រាស់រថភ្លើងព្រោះមានលក្ខណៈងាយស្រួល និងមានសុវត្ថិភាពក្នុងការធ្វើដំណើរទៀតផង។ សម្តេចតេជោ បានទទួលយកមតិយោបល់ពលរដ្ឋមកសិក្សាផងដែរដើម្បីកាត់បន្ថយម៉ោងពេលធ្វើដំណើរតាមរថភ្លើងពី ៧ម៉ោងចុះមកនៅ ៥ ម៉ោង ហើយសិក្សាកំណាត់ផ្លូវដែកពីភ្នំពេញទៅកាន់សៀមរាបផងដែរ។
ចំពោះការបញ្ចុះតម្លៃកំពង់ផែ សម្តេចតេជោ បានបញ្ជាក់ជាផ្លូវការថា ចាប់ពីថ្ងៃនេះតទៅ (១ ឧសភា ២០១៦)កំពង់ផែស្វយ័តក្រុងព្រះសីហនុ ចុះតម្លៃសេវា ១០% កំពង់ផែភ្នំពេញ នឹងចុះតម្លៃសេវា ៥% កាំសាបចុះ ១០% ដើម្បីទាក់ទាញ ការវិនិយោគ និងក្រុមហ៊ុនដឹកជញ្ជូនគ្រប់ប្រភេទ ហើយទន្ទឹមនឹងនេះ ក្រុមហ៊ុនដឹកជញ្ជូននានាក៏ត្រូវបញ្ចុះតម្លៃផងដែរ។
នៅព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន នៅតែបន្តអំពាវនាវសុំអោយមានការជួយជីកនិងស្តារស្រះ ឬអណ្តូងអោយបានច្រើនដើម្បីអោយមានជាប្រភពទឹកច្រើនសម្រាប់ជួយប្រជាពលរដ្ឋ និងសំរាប់បង្ការនៅថ្ងៃក្រោយទៀត។មុននឹងបញ្ចប់កម្មវិធី សម្តេចតេជោ ហ៊ុន សែន បានឧបត្ថម្ភថវិកាមួយចំនួនដល់បងប្អូនកម្មករ កម្មការនី បុគ្គលិក និងមន្ត្រីកំពង់ផែក្រុង ព្រះសីហនុ ចំនួន១២០០ នាក់ ហើយជូនពរបងប្អូនអោយជួបតែសំណាងល្អគ្រប់ៗគ្នា ៕
ដោយ៖ សុវណ្ណារ៉ា