ភ្នំពេញ៖ ក្រោយពីស្ងប់ស្ងាត់រឿងរ៉ាវស្នេហារបស់ ប៉ែន ចំរ៉ុង និង ភិន សុដាលីស មួយរយៈពេលខ្លី ពេលនេះរឿងរ៉ាវស្នេហានេះបានផ្ទុះឡើងជាថ្មីក្រោយដំណឹងថា ប៉ែន ចំរ៉ុង ដាក់ពាក្យប្តឹងលែងលះភរិយាទៅកាន់តុលាការទាំងមានកូនក្នុងផ្ទៃផង។
គេចាំបានថា ក្រោយរួមរស់ជាមួយគ្នាក្នុងនាមជាប្តីប្រពន្ធមិនបានមួយឆ្នាំដោយមិនបានឆ្លងកាត់អាពាហ៍ពិពាហ៍ផងនោះស្រាប់តែដំណឹងចំណងស្នេហាប្រះឆារបស់តារាសម្តែងស្មោះស្ម័គ្រ ប៉ែន ចំរ៉ុង និង ភិន សុដាលីស ចាប់ផ្តើមលេចធ្លាយហើយ។ ដំណឹងលែងលះនេះត្រូវបានគេលើកឡើងថា បានធ្លាក់ដល់ដៃមន្ត្រីសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦។
ដំណឹងលេចឮថា ប៉ែន ចំរ៉ុង បានសម្រេចចិត្តដាក់ពាក្យប្តឹងលែងលះជាមួយភរិយាជាផ្លូវការក្រោមមូលហេតុរស់នៅមិនចុះសម្រុងនឹងគ្នា។ លោក សួស វិឡាវ៉ាន់ឌី អនុប្រធានលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងរាជធានីភ្នំពេញបានទទួលស្គាល់ថាខាងរដ្ឋបាលសាលាដំបូងគ្រាន់តែបានទទួលពាក្យបណ្ដឹងរបស់លោក ប៉ែន ចំរ៉ុង ពិតមែនប៉ុណ្ណោះ ប៉ុន្តែលោកមិនទាន់បានត្រួតពិនិត្យខ្លឹមសារច្បាស់លាស់ពាក់ព័ន្ធនឹងបណ្ដឹងនេះនៅឡើយទេ ។
ទំនាក់ទំនងស្វែងរកការបញ្ជាក់ពីតារាសម្តែងទាំងពីរមិនទទួលបាននៅឡើយទេខណៈដែលលោក ប៉ែន ចំរ៉ុង មិនទទួលយកការបកស្រាយណាមួយឡើយ។ ទោះជាយ៉ាងណាដំណឹងខ្សឹបខ្សៀវនេះបានបន្តលេចឡើងក្នុងចង្កោមអ្នកសិល្បៈដែលជិតដិតផងដែរ។ អ្នកសិល្បៈលើកឡើងថា អ្នកទាំងពីរបានបង្ហាញពីអារម្មណ៍មិនចុះសម្រុងគ្នាច្រើនក្រោយរួមរស់ជាមួយគ្នារហូតដល់ ប៉ែន ចំរ៉ុង ដាក់ពាក្យលែងលះជាផ្លូវការ។ កន្លងមកកូនស្រីចាងហ្វាងផលិតកម្មមហាហង្សនាង ភិន សុដាលីស ហាក់មានភាពជឿជាក់ចំពោះស្នេហាមួយនេះពិសេសមានទំនុកចិត្តចំពោះតារាសម្តែង ប៉ែន ចំរ៉ុង ថានឹងអាចធ្វើឲ្យជីវិតនាងរស់នៅប្រកបដោយសេចក្តីសុខ បើទោះបីជាដឹងថា កន្លងមកលោក ប៉ែន ចំរ៉ុង ធ្លាប់បានទំនាក់ទំនងជាមួយនឹងនារីមួយចំនួនមកហើយក្តី។
ចាងហ្វាងផលិតកម្ម មហាហង្ស លោក អ៊ុន សុភិន និងជាឪពុក ភិន សុដាលីស បញ្ជាក់ថា លោកក៏ទទួលដំណឹងនេះដែរហើយលោកកាន់តែអាណិតកូនស្រីដែលលំបាកគ្រប់បែបយ៉ាងដើម្បីតែប្រុសម្នាក់។ លោកបន្តថា នឹងមិនប្រកាន់ទោសអូសដំណើរទេជុំវិញកំហុសរបស់កូនស្រី។ ទោះជាយ៉ាងណាលោកមិនបានដឹងអំពីមូលហេតុពិតប្រាកដនៃការឈានដល់ដំណាក់កាលលែងលះទេ ប៉ុន្តែតាមរយៈភរិយលោកដែលតែងទាក់ទងកូនស្រីបានបញ្ជាក់ថា កូនស្រីលោក និង ប៉ែន ចំរ៉ុង បានឈ្លោះប្រកែកគ្នាខ្លាំងចាប់តាំងពីមុនពីធីបុណ្យចូលឆ្នាំខ្មែរមកម្ល៉េះ។លោកបញ្ជាក់ដែរថា កន្លងមកលោករារាំងស្នេហាមួយនេះព្រោះតែលោកបានស្គាល់ច្បាស់ពីចរិកពិតរបស់ ប៉ែន ចំរ៉ុង រួចទៅហើយថាមិនអាចផ្តល់សុភមង្គលឲ្យកូនស្រីលោកបានទេខណៈដែលកូនស្រីលោកក៏មិនចេះទ្រាំទ្រនឹងភាពលំបាក និងការធ្វើទុក្ខបុកម្នេញដោយផ្លូវចិត្តបានដែរ។លោក ចំអកទៅ ប៉ែន ចំរ៉ុងថា ធ្វើជាប្រុសគ្រាន់តែរកលុយរៀបការមិនបានផង អន់ជាងអ្នកលក់ត្រកួនលក់ព្រលិតទៅទៀតតើអាចទៅរកសេចក្តីសុខឲ្យកូនស្រីលោកយ៉ាងម៉េចគឺចេះតែការសម្តែងប៉ុណ្ណោះសូម្បីតែរថយន្តដែលយកទៅថតក្នុងកម្មវិធីទូរទស្សន៍មួយក៏ជាការសម្តែងប៉ុណ្ណោះមិនមែនជារឿងពិតទេ។ ទោះជាយ៉ាងណា លោកនៅតែព្រួយបារម្ភពីសុខទុក្ខកូនស្រីខណៈដែលកូនស្រីមានជំងឺផ្លូវចិត្ត និងមានផ្ទៃពោះជាង៣ខែហើយនោះ។ លោកនិងភរិយាបានព្យាយាមទំនាក់ទំនងនិងលួងលោមកូនស្រីឲ្យវិលត្រឡប់មកផ្ទះវិញដោយមិនប្រកាន់ពីទោសកំហុសណាមួយឡើយ។
គួរបញ្ជាក់ដែរថា ភិន សុដាលីស បានចេញទៅរស់នៅជាមួយពិធីករ ប៉ែន ចំរ៉ុង ក្រោយពីលិខិតអេតាស៊ីវិលបានធ្លាក់ដល់ដៃនាងកាលពីអំឡុងខែកញ្ញា ឆ្នាំ២០១៥បន្ទាប់ពីស្នេហាពួកនាងបានធ្វើឲ្យកក្រើកអស់មហាជន។ ការចេញទៅរស់នៅជាមួយគ្នាក្រោមដំបូលផ្ទះតែមួយនេះធ្វើឡើងក្រោយពេលដែលឪពុកនាងបានអនុញ្ញាតិឲ្យនាងអាចចុះអេតាស៊ីវិលនិងអាចរស់នៅបានជាមួយគូស្នេហ៍ដែលឪពុកមិនពេញចិត្តជាថ្នូរនឹងការឈប់ទំនុកបម្រុងពីឪពុក។
ទោះជាយ៉ាងណាប្រសិនបើដំណឹងនេះគឺជារឿងពិតមែននោះ តារាស្រីវ័យ២១ឆ្នាំរូបនេះនឹងទទួលរងនូវការពេបជ្រាយច្រើនពីសង្គម ពិសេសអ្នកក្នុងចង្កោមសិល្បៈ ។ ប៉ុន្តែវាគ្រាន់តែជាពាក្យបណ្តឹងលែងលះប៉ុណ្ណោះ សាលាដំបូងរាជធានីភ្នំពេញនឹងបន្តហៅភាគីទាំងសងខាងមកធ្វើការសម្រុះសម្រួលជាលើកទី១ដែរ៕
ដោយ៖ វឌ្ឍនា