ខេត្តស្ទឹងត្រែង : ស្ថិតនៅក្នុងខេត្តស្ទឹងត្រែងដដែល នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ លោករដ្ឋមន្ត្រី រួមដំណើរជាមួយលោកស្រី Amber Cernobs លេខាទី១ នៃស្ថានទូតអូស្រ្តាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា លោក ស្វាយ សំអៀង អភិបាលនៃគណ:អភិបាលខេត្ត និងសហការី បានអញ្ជើញមកពិនិត្យ ចំការស្វាយ របស់ក្រុមហ៊ុន ហ្គ្រីន ស៊ី អេហ្គ្រីខលជ័រ នៅឃុំ អូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ។
Mr.Jacky នាយកចាត់ការទូទៅបានស្វាគមន៍ និងរាយការណ៍ជូន លោករដ្ឋមន្រ្តីជ្រាបអំពីស្ថានភាពផលិតកម្មផ្លែស្វាយជារួមមានជាអាទិ៍ ៖ ពូជត្រូវបាននាំចូលពីប្រទេសតៃវ៉ាន់ អាមេរិក និងអូស្រ្តាលី មានពូជ ៖ R2E2 , Jinh Wang , Keitt Mango , Red Golden Dragon, Tainong , Guire ជាមួយនឹងថ្នាលកូនស្វាយពូជអាយុបីឆ្នាំ សម្រាប់ដាំដុះបន្ត ។ មកទល់នឹងបច្ចុប្បន្ននេះក្រុមហ៊ុនបានដាំដុះលើផ្ទៃដីសរុបចំនួន ១ ២០០ ហត ហើយ ស្មើនឹង ១២% ធៀបនឹងផែនការមលើផ្ទៃដីទំហំ ៩ ៧៧២,១១៧៦ហត។ បច្ចុប្បន្នមានបុគ្គលិក កម្មករបម្រើការសរុប ២០៥នាក់ ក្នុងនោះបុគ្គលិកខ្មែរ ២៨នាក់ បរទេស ៨នាក់ កម្មករខ្មែរអចិន្ត្រៃយ៍ ១៩នាក់ កម្មករអណ្ដែត ១៥០នាក់ ហើយអនាគតដល់រដូវប្រមូលផលនៅឆ្នាំ២០២៣ ក្រុមហ៊ុននឹងត្រូវការកម្មករចំនួន ៣០០នាក់ទាំងអ្នកប្រមូលផល និងវេចខ្ចប់ ដែលភាគច្រើនគឺជាពលរដ្ឋនៅមូលដ្ឋាននេះតែម្តង។ កម្មវត្ថុនៃផលិតកម្ម គឺការនាំចេញទៅកាន់ប្រទេសចិនឆ្លងកាត់ប្រទេសវៀតណាម ថៃ និងកំពង់ផែក្នុងព្រះសីហនុ។ គិតមកទល់បច្ចុប្បន្ន ក្រុមហ៊ុនបានចំណាយថវិកាជិត ៧០លានដុល្លារហើយ។ Mr. Jacky បានសម្តែងនូវក្តីបារម្ភថា បច្ចុប្បន្នការដឹកជញ្ជូន គឺជាបញ្ហាចំបងសម្រាប់ក្រុមហ៊ុន ចំណុចនេះលោកបានអះអាងថា ក្រុមហ៊ុននឹងរៀបចំមធ្យោបាយដឹកជញ្ជូន និងរួមទាំងទូត្រជាក់ផងដែរដើម្បីកាត់បន្ថយថ្លៃដើម។ ដោយឡែកការងារបច្ចេកទេស ក្រុមហ៊ុនបានដាក់ពាក្យចុះបញ្ជីចម្ការស្វាយនៅអគ្គនាយកដ្ឋានកសិកម្ម ហើយទទួលបានកិច្ចសហការល្អមកវិញគឺអគ្គនាយកដ្ឋានបានបញ្ជូនមន្រ្តីជំនាញចុះមកណែនាំអំពី បច្ចេកទេសដាំ ប្រមូលផល វេចខ្ចប់ និងជាពិសេសលក្ខខណ្ឌតម្រូវនៃភូតគាមអនាម័យជាទូទៅ។
ក្តាប់បានព័ត៌មានជារួម និងដោយឡែកបញ្ហាប្រឈមរបស់ក្រុមហ៊ុន លោករដ្ឋមន្ត្រីបានផ្តល់ ការណែនាំដល់លោក Mr. Jacky អំពីស្ថានភាពជារួមនៃការនាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារចិន រួមទាំងមធ្យោបាយដឹកជញ្ជូនទាំងក្នុងស្រុក និងអន្តរជាតិ ដែលក្រុមហ៊ុនកំពុងប្រឈម។ តែទោះជាយ៉ាងណា លោករដ្ឋមន្ត្រីបានគាំទ្រ និងលើកទឹកចិត្តដល់ក្រុមហ៊ុនឲ្យបន្តខិតខំលើការងារផលិតកម្មបន្ថែមទៀត ពិសេសការអនុវត្តនីតិវិធីភូតគាមអនាម័យដែលជាគោលការណ៍គ្រឹះ សម្រាប់នាំចេញ បើទោះសកម្មភាពនៃការនាំចេញបាននិងកំពុងតែប្រឈម ហើយនេះមិនមែនតែប្រទេសកម្ពុជាទេ តែជាបញ្ហាសកលដែលមិនអាចចៀសវាងបាន។ មួយវិញទៀត ក្រុមហ៊ុនក៏ត្រូវសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ធ្វើយ៉ាងណាឲ្យកិច្ចដំណើរការនៃការវិនិយោគនេះប្រព្រត្តិទៅដោយរលូន និងទទួលបានជោគជ័យ ហើយលោកបានបញ្ជាក់ថា ភាពជោគជ័យនេះមិនមែនសម្រាប់តែក្រុមហ៊ុនទេ គឺសម្រាប់សេដ្ឋកិច្ចជាតិ និងជាពិសេសប្រជាពលរដ្ឋនៅមូលដ្ឋានផ្ទាល់តាមរយ:ការ បង្កើតការងារ មានការងារ មានចំណូល គ្មានចំណាកស្រុក មានជីវភាពល្អប្រសើរ ទាំងនេះជាក្តីបំណងរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ជានាយករដ្ឋមន្រ្តី ដែលតែងតែគាំទ្រ និងលើក ទឹកចិត្ត បង្កើតលក្ខខណ្ឌអំណោយផលដល់វិនិយោគិនទាំងក្នុង និងក្រៅប្រទេស ៕