ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារ បានសម្រេចដាក់ពាក្យបណ្តឹងលើករណីប្រើប្រាស់ ដោយក្លែងបន្លំនូវសម្លៀកបំពាក់ និងឯកសណ្ឋានរបស់មន្ត្រីរាជការពន្ធដាររបស់មនុស្សមួយក្រុម ទៅកាន់អគ្គស្នងការនគរបាលជាតិ។ នេះបើយោងតាមពាក្យបណ្តឹងរបស់ អគ្គនាយកដ្ឋានពន្ធដារ សូមគោរពជូន នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ដែលអង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” ទទួលបាននៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២។ ក្នុងនោះដោយបញ្ជាក់ថា,
កម្មវត្ថុ បណ្ដឹងលើករណីប្រើប្រាស់ដោយក្លែងបន្លំនូវសម្លៀកបំពាក់ និងឯកសណ្ឋានរបស់មន្ត្រីរាជការនៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
យោង+- ក្រមព្រហ្មទណ្ឌ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម្ម១១០៩/០២២. ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០០៩
– ច្បាប់ស្តីពីសារពើពន្ធ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស រកម០២៩៧០៣ ចុះថ្ងៃទី២៤ ខែកុម្ភះ ឆ្នាំ១៩៩៧ និងវិសោធនកម្មបន្តបន្ទាប់។
សេចក្ដីដូចមានចែងក្នុងកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមគោរពជម្រាបជូន នាយឧត្តមសេនីយ៍សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ មេត្តាជ្រាបថា នាពេលថ្មីៗនេះ អគ្គនាយកដ្ឋានពន្ធដារបានរកឃើញថា មានមនុស្សមួយក្រុម ដែលក្នុងនោះបានប្រើប្រាស់ និងជាប់ពាក់ព័ន្ធនឹងគណនីក្នុងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកដែលមានឈ្មោះដូចជា Thyrith Sochantha, Thirith Kong, ហម ផល្គុននឹង Princess Small បានបង្ហោះក្នុងបណ្ដាញសង្គមរបស់ខ្លួន ដោយមានសកម្មភាពដូចជា+ ស្លៀកពាក់ឯកសណ្ឋានដែលមានទម្រង់ជាមន្ត្រីរាជការពន្ធដារ បង្ហោះរូបភាពក្នុងឯកសណ្ឋាន ឬមានពាក់កាតសម្គាល់អង្គភាពនៅមុខរដ្ឋបាលខេត្តមួយចំនួន ហើយគណនី Thyrith Sochantha និង Princess Small បានបង្ហាញក្នុងគណនីរបស់ខ្លួនថា កំពុងបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារទៀតផង។
ករណីនេះ អគ្គនាយកដ្ឋានពន្ធដារបានពិនិត្យឃើញថា មនុស្សមួយក្រុមខាងលើនេះពុំមានឈ្មោះក្នុងរចនាសម្ព័ន្ធ របស់អគ្គនាយកដ្ឋានពន្ធដារនោះទេ ទាំងសម្រាប់មន្ត្រីរាជការពន្ធដារ និងមន្ត្រីជាប់កិច្ចសន្យា។ ដូចនេះ អគ្គនាយកដ្ឋាន ពន្ធដារសង្ស័យថា ជាការប្រើប្រាស់សម្លៀកបំពាក់ និងឯកសណ្ឋានពន្ធដារក្នុងគោលដៅទុច្ចរិតណាមួយ ដូចជាការក្លែងបន្លំ ឬឆបោក អ្នកជាប់ពន្ធឬសាធារណជន តាមរូបភាពណាមួយជាយថាហេតុ និងធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងនូវកិត្តិយស សេចក្ដីថ្លៃថ្នូរ និងការបំពេញការងារស្របច្បាប់របស់អគ្គនាយកដ្ឋានពន្ធដារ។ យោងតាមមាត្រា៦២៦ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ការក្លែងបន្លំនេះគឺបានធ្វើឱ្យខូចខាតដោយចេតនាផ្លូវការពិតដែលសម្ដែងចេញជាក់ស្តែង ដោយមានកម្មវត្តច្បាស់លាស់ និងអាចបណ្តាលឱ្យមានការខាតបង់ ដល់ចំណូលពន្ធរដ្ឋយ៉ាងធ្ងន់ធ្ងរតាមរយះការក្លែងបន្លំនេះ។ ការក្លែងបន្លំនូវសម្លៀកបំពាក់ និងឯកសណ្ឋានរបស់មន្ត្រីរាជការ នៃអគ្គនាយកដ្ឋានពន្ធដារនេះ ជាអំពើល្មើសធ្ងន់ធ្ងរដូចមានចែងក្នុងមាត្រា៦១០, មាត្រា៦១២ នៃក្រមព្រហ្មទណ្ឌន ព្រះរាជាណាចក្រកម្ពុជា។ សូមគោរពភ្ជាប់ជូនមកជាមួយនូវរូបភាពពាក់ព័ន្ធនឹងការក្លែងបន្លំដូចបានគោរពជម្រាបជួនខាងលើ។ សេចក្ដីដូចបានគោរពជម្រាបជូនខាងលើ សូមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត មេត្តាជ្រាប និងជួយចាត់វិធានការផ្លូវច្បាប់ស្របតាមនីតិវិធីការងារជាធរមានចំពោះករណីនេះ។ សូមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ មេត្តាទទួលនូវការគោរព ពីខ្ញុំ ៕
ដោយ : សុខ ខេមរា