ខេត្តតាកែវ៖ កម្លាំងនគរបាលការិយាល័យនីតិវិធី(ក៧) នៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃដឹកនាំដោយលោក វរៈសេនីយ៍ឯក យ៉េង ប៉ុនណា និងមានការសម្របសម្រួលពីលោក ជ័យ រិទ្ធី ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តតាកែវ កាលពីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ បានចុះបង្ក្រាបបទល្មើសជួញដូរនិងផ្តល់ទីតាំងឲ្យប្រើប្រាស់គ្រឿងញៀនខុសច្បាប់។
ប្រតិបត្តិការនេះបានធ្វើឡើងនៅចំណុចភូមិរមន់ ឃុំបឹងត្រាន់ខាងជើង ស្រុកសំរោង ខេត្តតាកែវ។ ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ ទី១ឈ្មោះគួយ ផាន់និត ភេទស្រី អាយុ៣៤ឆ្នាំ ទី២ឈ្មោះប៉េត វីរៈ ភេទប្រុស អាយុ៣០ឆ្នាំ ទី៣ឈ្មោះឆោម ភា ភេទប្រុស អាយុ២៥ឆ្នាំ និងគ្រឿងញៀនប្រភេទមេតំហ្វេតាមីនចំនួន២៥កញ្ចប់តូចធំ(ស្មើនឹង៨.៤ក្រាម), កាំភ្លើងកែច្នៃ១ដើម, ខ្សែក១ខ្សែ, កងដៃ១គូ, ខ្សែដៃ១ខ្សែ, ម៉ូតូហុងដាឌ្រីម១គ្រឿង, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន១ រួមទាំងឧបករណ៍សម្រាប់វេចខ្ចប់ និងជក់គ្រឿងញៀនមួយចំនួនទៀត ។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់រួមទាំងវត្ថុតាងគ្រឿងញៀនត្រូវបានបញ្ជូនទៅស្នងការនគរបាលខេត្តចាត់ការបន្ត និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង៕
ដោយ៖ សុខ ខេមរា