ប្រទេសជាមាជិកមហាអនុតំបន់មេគង្គ (GMS) ដាក់ចុះផែនការសកម្មភាពសំខាន់ៗដើម្បីទទួលទេសចរឡើងវិញ!

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​ទេសចរណ៍​ បានឱ្យដឹង​នៅរសៀល​ថ្ងៃ​សុក្រ​ទី​១៣​ ខែឧសភា​ ឆ្នាំ​២០២២នេះថា៖​ លោក សៀង នាគ អគ្គនាយករងអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ តំណាងរបស់លោក ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ តំណាងឲ្យប្រទេសកម្ពុជា កាលពីថ្ងៃទី១២ ខែឧសភាម្សិលមិញនេះ បានដឹកនាំមន្រ្តីជំនាញចូលរួមកិច្ចប្រជុំកិច្ចប្រជុំក្រុមការងារទេសចរណ៍មហាអនុតំបន់មេគង្គលើកទី៤៩ (49th GMS TWG) និងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃការិយាល័យសម្របសម្រួលទេសចរណ៍មេគង្គ តាមប្រព័ន្ធវីដេអូ ពីខេត្តរតនគិរី ។ ដោយផ្តោតសំខាន់ទៅលើ ១) ស្ថានភាពទេសចរណ៍ក្នុងបណ្តាប្រទេសជាសមាជិកមហាអនុតំបន់មេគង្គ ២) សមិទ្ធផលនៃការស្តារវិស័យទេសចរណ៍ឡើងវិញអំឡុងវិបត្តិ ៣) ផែនការស្តារទំនាក់ទំនងទេសចរណ៍មហាអនុតំបន់មេគង្គ ៤)ការជំរុញការផ្សព្វផ្សាយទេសចរណ៍មហាអនុតំបន់មេគង្គ ដោយទទួលបាននូវលទ្ធផលដូចខាងក្រោម៖

១). អង្គប្រជុំបានស្វាគមន៍លោកស្រី SUVIMOL Thannasarakij ដែលបានចូលបម្រើការងារជាផ្លូវការជានាយកប្រតិបត្តិថ្មីរបស់ការិយាល័យសម្របសម្រួលទេសចរណ៍មេគង្គ (Mekong Tourism Coordinating Office-MTCO) ដែលលោកស្រីនឹងបន្តជំរុញអនុវត្តនូវផែនការស្តារទំនាក់ទំនងវិស័យទេសចរណ៍ឡើងវិញ ក្នុងមហាអនុតំបន់តំបន់មេគង្គ អនុវត្តផែនការងាររបស់ការិយាល័យ MTCO និងពង្រឹងកិច្ចសហការទេសចរណ៍ក្នុងតំបន់ឲ្យកាន់តែរឹងមាំបន្ថែមទៀត ។

២). ប្រទេសជាសមាជិកមហាអនុតំបន់មេគង្គ ទាំងអស់បានលើកឡើងពីអំពី ១).ស្ថានភាពទេសចរណ៍ ដែលប៉ះពាល់ដោយវិបត្តិកូវីដ-១៩ ២) ការបើកទទួលទេសចរអន្តរជាតិឡើងវិញតាមផ្លូវគោក និងអាកាសដោយអនុវត្តតាមវិធានសុវត្ថិភាព និងតម្រូវការផ្សេងៗតាមប្រទេសក្នុងតំបន់មហាអនុតំបន់មេគង្គ (GMS) ក្នុងនោះ កម្ពុជាបានលើកឡើងពីការបើកទទួលទេសចរឡើងវិញ យោងតាមសេចក្តីប្រកាសកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ របស់រាជរដ្ឋាភិបាលកម្ពុជា និងសេចក្តីប្រកាសស្តីពីការលើកលែងពាក់ម៉ាស់នៅតាមទីសាធារណៈ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២។

៣).តំណាងរបស់ធានាគារអភិវឌ្ឍន៍អាស៊ី (ADB) បានវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់ជាសមាជិកមហាអនុតំបន់មេគង្គ ក្នុងការស្តារវិស័យ និងការបើកប្រទេសឡើងវិញ ក្នុងនោះ ធានាគារអភិវឌ្ឍន៍អាស៊ី (ADB) បន្តគាំទ្រដល់ប្រទេសជាសមាជិកមហាអនុតំបន់ទៅលើគម្រោងចំនួន ០២៖ ១) ការផ្តល់ជំនួយបច្ចេកទេសលើការអភិវឌ្ឍន៍សម្បទាទេសចរណ៍ប្រកបដោយនិរន្តរភាពក្នុងតំបន់អាស៊ីអាគ្នេយ៍ សម្រាប់ប្រទេស សម្រាប់ប្រទេស កម្ពុជា-វៀតណាម-ឡាវ និងប្រទេសថៃ (CLVT) ឬ ការិយាល័យសម្របសម្រួលទេសចរណ៍មេគង្គ (MTCO) និង ២) គម្រោងបង្កើតបណ្តាញទេសចរណ៍ប្របកដោយនិរន្តរភាពក្នុងតំបន់អាស៊ីអាគ្នេយ៍ (Southeast Asia Sustainable Tourism Hub)។

កម្ពុជាក៏បានលើកពីលទ្ធផល នៃការខិតខំជំរុញលើការអនុវត្តគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ប្រកបដោយបរិយាប័ន្ន (TIIG) នៅតំបន់ឆ្នេរសមុទ្រ ការអនុវត្តស្តង់ដាទេសចរណ៍អាស៊ាន និងការពង្រឹងសមត្ថភាពដឹកនាំទេសចរណ៍សម្រាប់តំបន់ឆ្នេរសមុទ្រកម្ពុជា នៃប្រទេសកម្ពុជា ឡាវ និងវៀតណាម។

៤). ប្រទេសជាសមាជិកមហាអនុតំបន់មេគង្គ បានបន្តពិភាក្សាគ្នាអំពីការស្នើសុំប្តូរឈ្មោះការិយាល័យសម្របសម្រួលទេសចរណ៍មេគង្គ (MTCO) ទៅជាការិយាល័យទេសចរណ៍មេគង្គឡានឆាង (LMTO) ផែនការសកម្មភាពរបស់ការិយាល័យសម្របសម្រួលទេសចរណ៍មេគង្គ ជំរុញការអនុវត្តផែនការស្តារទំនាក់ទំនងទំនាក់ទំនងវិស័យទេសចរណ៍ឡើងវិញ ក្នុងមហាអនុតំបន់តំបន់មេគង្គ ការពង្រីកទំនាក់ទំនងទេសចរណ៍ក្នុងតំបន់ និងរបាយការណ៍ហិរញ្ញវត្ថុរបស់ការិយាល័យ MTCO។

៥). ប្រទេសជាសមាជិកមហាអនុតំបន់មេងគ្គ នឹងរៀបចំវេទិកាទេសចរណ៍មេគង្គ (Mekong Tourism Forum-MTF)ដោយផ្ទាល់ នៅទីក្រុង Hoi Ann ប្រទេសចរណ៍នៅពីថ្ងៃទី០៣-០៨ ខែតុលា ឆ្នាំ២០២២ ដែលនឹងមានចូលរួមពីផ្នែករដ្ឋ និងឯកជន នៃប្រទេសជាសមាជិកមហាអនុតំបន់មេគង្គ (GMS)៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print