រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Lloyd Austin និងសមភាគីរុស្ស៊ី លោក Sergei Shoigu បានជួបពិភាក្សាគ្នាតាមទូរស័ព្ទនៅថ្ងៃទី១៣ខែឧសភា ដែលជាកិច្ចពិភាក្សាលើកដំបូងចាប់តាំងពីផ្ទុះសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២មក។
អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក លោក John Kirby បានឱ្យដឹងថា នៅក្នុងជំនួបពិភាក្សា គ្នានោះ លោក Austin បានអំពាវនាវដល់រុស្ស៊ីឱ្យឈប់បាញ់ជាបន្ទាន់នៅក្នុងប្រទេសអ៊ុយក្រែន ។ ជាមួយគ្នានេះដែរប្រទេសទាំងពីរ បានសម្រេចរក្សាខ្សែទូរស័ព្ទទំនាក់ទំនងទាន់ហេតុការណ៍រវាងកម្លាំងយោធាប្រទេសទាំងពីរ។
ជាមួយគ្នានេះដែរភាគីរុស្ស៊ីក៏បានស្នើដល់អាមេរិក និងប្រទេសលោកខាងលិចបញ្ឈប់ការបញ្ជូនអាវុធទៅឱ្យអ៊ុយក្រែន ព្រោះវាមិនអាចជួយដោះស្រាយអ្វីបានឡើយគឺមានតែបង្កឱ្យស្ថានភាពកាន់តែអាក្រក់ ។
បើទោះបីមានការព្រមានពីរុស្ស៊ីក្តី តែប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើន G7 បានគាំទ្រការផ្តល់ជំនួយ និងសព្វាវុធបន្ថែមទៀតដល់ទីក្រុងកៀវ ខណៈដែលពួកគេបានជួបប្រជុំគ្នាកាលពីថ្ងៃសុក្រ (១៣ឧសភា) នៅក្នុងអ្វីដែលអាល្លឺម៉ង់ហៅថាជា «សញ្ញារឹងមាំនៃការឯកភាពគ្នា» ដើម្បីធ្វើឱ្យរុស្ស៉ីកាន់តែឯកោជាសកល។
ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក Josep Borrell បានប្រកាសផ្តល់ជំនួយផ្នែកយោធាចំនួន ៥០០លានអឺរ៉ូ (៥១៩លានដុល្លារអាមេរិក) បន្ថែមទៀតដល់អ៊ុយក្រែន ហើយបាននិយាយថា លោកមានទំនុកចិត្តថា ការហ៊ុមព័ទ្ធរបស់សហភាពអឺរ៉ុបលើប្រេងរបស់រុស្ស៊ីអាចនឹងត្រូវបានយល់ព្រមនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។
រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក Liz Truss បានប្រកាសដាក់ទណ្ឌកម្មថ្មីសំដៅលើបណ្តាញហិរញ្ញវត្ថុរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន និងមជ្ឈដ្ឋានខាងក្នុងរបស់លោក រួមទាំងអតីតភរិយា និងបងប្អូនជីដូនមួយរបស់លោក ហើយក៏បានអំពាវនាវឱ្យមានការពង្រឹងការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែនផងដែរ៕ ដោយធីរីណា
រូបថត : CNN