ភ្នំពេញ៖ ដោយសារស្ថានភាពឡើងកម្ដៅខ្លាំងក្នុងរដូវប្រាំងនាពេលកន្លងមកថ្មីៗនេះអាចអូសបន្លាយពេលវេលាបន្តទៀតក្នុងឆ្នាំ២០១៦ ដែលនៅតំបន់ខ្លះ ពេលខ្លះ ថ្ងៃក្ដៅរហូតដល់៤២ ឬ៤៣អង្សា។
ដើម្បីបង្ការទប់ស្កាត់ហានិភ័យនិងចៀសវាងជំងឺផ្សេងៗ ចំពោះសិស្សានុសិស្ស ដែលបណ្ដាលមកពីការឡើងកម្ដៅ ខ្យល់កន្ត្រាក់ ខ្យល់ព្យុះ និងសម្រួលដល់ពេលវេលារៀនសូត្រប្រចាំថ្ងៃរបស់សិស្ស ជាពិសេស សិស្សតូចៗ ក្នុងពេលឡើងកម្ដៅចាប់ពីខែឧសភា រហូតដល់ផុតរយៈពេលក្ដៅខ្លាំង ក្នុងឆ្នាំ២០១៦ ក្រសួងអប់រំ យុវជន និងកីឡាសូមធ្វើការណែនាំអនុវត្ត ដល់គ្រប់គ្រឹះស្ថានសិក្សាសាធារណៈ ដូចខាងក្រោម៖
– ពេលព្រឹកចូលរៀននៅម៉ោង ៧:០០ ដល់ ១០: ៣០ និងពេលរសៀល ១៣:៣០ ដល់ ១៧:០០
– គ្រប់សាលាត្រូវត្រៀមទឹកសម្រាប់គ្រូ សិស្សប្រើប្រាស់ និងណែនាំឱ្យសិស្សយកទឹកឆ្អិនមកផឹក
– ក្នុងមួយម៉ោងសិក្សាលោកគ្រូ អ្នកគ្រូ ត្រូវឱ្យសិស្សឈប់សម្រាក ឬចេញលេងរយៈពេល១៥នាទី ពេលរៀនត្រូវបើកទ្វារ បង្អួចបន្ទប់រៀនឱ្យស្រឡះល្អ និងពេលចេញលេងឱ្យសិស្សលេងក្នុងម្លប់
– ធ្វើរបាយការណ៍បូកសរុបប្រចាំខែ ពីស្ថានភាពសិក្សាក្នុងរយៈពេលឡើងកម្ដៅ និងរបាយការណ៍ពិសេសក្នុងករណីមានប្រធានសក្តិ រួចផ្ញើជូនតាមឋានានុក្រមដើម្បីស្នើសុំអន្តរាគមន៍
-ក្នុងករណីមានរលកកម្ដៅលើសប្រក្រតី ត្រូវទាក់ទងការិយាល័យអប់រំ យុវជន និងកីឡាក្រុង ស្រុក ខណ្ឌ និងមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ដើម្បីសុំគោលការណ៍ និងវិធានការដោះស្រាយ៕
ដោយ៖ សីលា