ខេត្តកណ្តល៖ ជនសង្ស័យចែកចាយនិងប្រើប្រាស់គ្រឿងញៀចំនួន៧នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកអង្គស្នួលនិងក្រុងតាខ្មៅចាប់ខ្លួនជាបន្តបន្ទាប់ រួមជាមួយវត្ថុតាងជាក់ស្តែងដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។ នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦នេះ ជនសង្ស័យទាំង៧នាក់ត្រូវបាននគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកណ្តាល បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
មន្ត្រីនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបានឲ្យដឹងថា ជនសង្ស័យទី១- ឈ្មោះ ពេញ សុធារៈ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខែ្មរ មុខរបរកសិករ មានទីលំនៅភូមិតាពរ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ទី២-ឈ្មោះ ធីន ជំនោ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខែ្មរ មុខរបរជាសន្តិសុខ មានទីលំនៅភូមិទំនប់សាប ឃុំលំហាច ស្រុកអង្គស្នួល ទី៣-ឈ្មោះ សេង រតនា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខែ្មរ មុខរបរជាជាងទង មានទីលំនៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ទី៤-ឈ្មោះ សុង ចាន់សាន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខែ្មរ មុខរបរកសិករ មានទីលំនៅភូមិព្រៃគោ ឃុំលំហាច ស្រុកអង្គស្នួល ទី៥-ឈ្មោះ អ៊ីវ សេកសាន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខែ្មរ មុខរបរលក់ដូរ មានទីលំនៅភូមិត្រពាំងអំពិល ឃុំត្រពាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ ជនសង្ស័យទាំង៥នាក់នេះត្រូវបានសមត្ថកិច្ចនគរបាលស្រុកអង្គស្នួលចាប់ខ្លួនបាន កាលពីវេលាម៉ោង២០ និង០៥ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦ នៅត្រង់ចំណុចឃ្លាំងស្តុកសម្ភារៈមួយកន្លែង ស្ថិតក្នុងភូមិព្រៃគោ ឃុំលំហាច ស្រុកអង្គស្នួល ។
ប្រភពដដែលបានបន្តថា ជនសង្ស័យទី៦-ឈ្មោះ រ៉ា រដ្ឋា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី៧-ឈ្មោះ ថេន ណា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ។ ជនសង្ស័យទាំង២នាក់នេះមានទីលំនៅក្នុងភូមិព្រែកអំបិល ឃុំព្រែកអំបិល ស្រុកស្អាង ត្រូវបានសមត្ថកិច្ចនគរបាលក្រុងតាខ្មៅចាប់ខ្លួន កាលពីវេលាម៉ោង១២ និង១៥នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ២១B ស្ថិតក្នុងភូមិថ្មី សង្កាត់/ក្រុងតាខ្មៅ ។
មន្ត្រីនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបានបញ្ជាក់ថា ក្រោយពីឃាត់ខ្លួនបានជនសង្ស័យរួមជាមួយវត្ថុតាងពាក់ព័ន្ធ សមត្ថកិច្ចនគរបាលស្រុកអង្គស្នួល និងនគរបាលក្រុងតាខ្មៅ បានកសាងសំណុំរឿងបញ្ជូនខ្លួនក្រុមជនសង្ស័យមកកាន់ការិយាល័យ ហើយនៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦ នេះសមត្ថកិច្ចនគរបាលជំនាញបានបញ្ជូនខ្លួនជនសង្ស័យបន្តទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
ដោយ៖ ស្អាងជ័យ