ភ្នំពេញ៖ ការិយាល័យច្រកចេញចូលតែមួយខណ្ឌជ្រោយចង្វា ចាប់ផ្តើមដំណើរការផ្តល់សេវាសាធារណៈលើវិស័យសាធារណការ និងដឹកជញ្ជូន គឺសេវាកម្មចុះបញ្ជីទោចក្រយានយន្ត ជូនប្រជាពលរដ្ឋដែលមានអាសយដ្ឋានក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦នេះ។
ដំណើរការសេវាកម្មចុះបញ្ជីទោចក្រយានយន្តនោះ មានការអញ្ជើញចូលរួមពីសំណាក់ លោក ប្រាក់ ចាន់ណា ប្រធានក្រុមប្រឹក្សាខណ្ឌជ្រោយចង្វា និងលោកស្រី កែវ ច័ន្ទស៊ុនណារី អភិបាលរងខណ្ឌទទួលបន្ទុកការិយាល័យច្រកចេញចូលតែមួយខណ្ឌជ្រោយចង្វា ដោយលោកបានធ្វើការផ្ដល់ជូនផ្ទាល់នូវស្លាកលេខភ្នំពេញ 1DK-0001 ដែលជាលេខរៀងដំបូងគេបង្អស់ផងដែរ។
លោក ប្រាក់ ចាន់ណា ប្រធានក្រុមប្រឹក្សាខណ្ឌជ្រោយចង្វោបានឲ្យដឹងថា គោលនយោបាយកំណែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល បានលើកកម្ពស់គោលការណ៍អភិបាលកិច្ចល្អ កែទម្រង់ប្រព័ន្ធរដ្ឋបាលដោយពង្រីកវិសាលភាពសេវាដែលផ្ដល់ដោយរដ្ឋបាលក្រុង ស្រុក ខណ្ឌ ឱ្យបានទូលំទូលាយ តាមរយៈការប្រមូលផ្ដុំសេវាទាំងអស់ក្នុងក្របខ័ណ្ឌសមត្ថកិច្ចក្រុង ស្រុក ខណ្ឌ ដែលត្រូវផ្ដល់ជូនអតិថិជននៅកន្លែងតែមួយ។
ជាមួយគ្នានេះ រដ្ឋបាលខណ្ឌជ្រោយចង្វា សូមធ្វើការជូនដំណឹងដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វាទាំងអស់ មេត្តាជ្រាបថា ការិយាល័យច្រកចេញចូលតែមួយខណ្ឌជ្រោយចង្វា បច្ចុប្បន្នមានផ្តល់សេវាលើវិស័យចំនួន ១២ ក្នុងនោះ ១.ការងារនីត្យានុកូលកម្ម ២.ការងារអត្រានុកូលដ្ឋាន ៣.វិស័យសុរិយោដី ៤.វិស័យវប្បធម៌ និវិចិត្រសិល្បៈ ៥.វិស័យអប់រំ យុវជន និងកីឡា ៦.វិស័យទេសចរណ៍ ៧.វិស័យសំណង់ ៨.វិស័យឧស្សាហកម្ម រ៉ែ និងថាមពល ៩.វិស័យពាណិជ្ជកម្ម ១០.វិស័យសុខាភិបាល ១១.វិស័យសាធារណការ និងដឹកជញ្ជូន និង ១២.វិស័យកសិកម្ម។
គួរបញ្ជាក់ផងដែរថា ការិយាល័យច្រកចេញចូលតែមួយខណ្ឌជ្រោយចង្វា មានអាសយដ្ឋានស្ថិតនៅក្នុងបុរីរុងរឿង ក្រុមទី៥ ភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ទូរស័ព្ទទំនាក់ទំនងសាកសួរព័ត៌មាន៖ 012 594 647 / 076 333 380 2 / 010 410 400 ៕
ដោយ៖ ជ្រោយពេជ្រ
...