ព្យុះខ្សាច់ទ្រង់ទ្រាយធំបានវាយប្រហារប្រទេសអុីរ៉ាក់កាលពីថ្ងៃទី១៦ខែឧសភា បណ្តាលឱ្យមនុស្សជាង៤ពាន់នាក់ត្រូវបញ្ជូនទៅកាន់មន្ទីពេទ្យ អាកាសយានដ្ឋាន សាលារៀន និងទីតាំងផ្សេងៗនៅទូទាំងប្រទេសត្រូវបិទទ្វារ។
សារព័ត៌មាន AFP បានផ្សាយថា នេះជាព្យុះខ្សាច់លើកទី៨ហើយដែលវាយប្រហារអុីរ៉ាក់ ចាប់តំាងពីពាក់កណ្តាលខែមេសា ។ ធូលីខ្សាច់យ៉ាងក្រាស់បានគ្របដណ្តប់ទីក្រុងបាដាដទាំងមូល និងទីក្រុងមួយចំនួនទៀត ដូចជា Fajaf , Sulaimaniyah ក៏រងការវាយប្រហារដោយព្យុះខ្សាច់ផងដែរ។
ខ្សាច់គ្របដណ្តប់ពេញលើដំបូលផ្ទះ រថយន្ត ហើយផ្ទះជាច្រើនក៏មានធូលីខ្សាច់ចូលផងដែរ ។ អភិបាលខេត្តចំនួន៧ ក្នុងចំណោម១៨ បានប្រកាសបិទទ្វារការិយាល័យរដ្ឋ។ ចំណែកទីតាំងសុខាភិបាលនៅតែបើកទ្វារដំណើរការធម្មតាដើម្បីជួយដល់ពលរដ្ឋ ។
អ្នកនាំពាក្យក្រសួងសុខាភិបាលអុីរ៉ាក់លោក Seif al-Badr បានប្រកាសថា មានពលរដ្ឋ៤ពាន់នាក់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយពិបាកក្នុងការដកដង្ហើម។ ផ្សែងអ័ព្ទធ្វើឲ្យអាកាសយានដ្ឋាននៅទីក្រុងបាដាដ មិនអាចមើលឃើញផ្លូវនោះឡើយ គឺអាចមើលទៅមុខបានប្រមាណ៣០០ម៉ែត្រប៉ុណ្ណោះ ។
មន្ត្រីបរិស្ថានអុីរ៉ាក់បានប្រកាសថា នៅក្នុងប្រទេសនេះនឹងមានព្យុះខ្សាច់យ៉ាងតិច២៧២លើកក្នុងមួយឆ្នាំ ក្នុងរយៈពេល២ទសវត្សរ៍ខាងមុខ ៕ ដោយធីរីណា