ភ្នំពេញ : អនុលោមតាមមាត្រា ៧៧ មាត្រា ៧៨ និងមាត្រា ៧៩ នៃច្បាប់ស្តីពីសារពើពន្ធ និងបទប្បញ្ញត្តិស្តីពីអាករលើ តម្លៃបន្ថែម ព្រមទាំងសេចក្ដីណែនាំលេខ ២៧៦១៧ អពដ ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ ស្តីពីការប្រើប្រាស់អត្រាប្តូរប្រាក់ សម្រាប់អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស និងក្នុងគោលបំណងពង្រឹងការគ្រប់គ្រងប្រមូលចំណូលពន្ធប្រកបដោយ ប្រសិទ្ធភាព តម្លាភាព និងស័ក្ដិសិទ្ធិភាព ជាពិសេសផ្តល់ភាពងាយស្រួលដល់អ្នកជាប់ពន្ធក្នុងការប្រើប្រាស់អត្រាប្តូរប្រាក់ ដែលសមស្របនឹងអត្រាប្តូរប្រាក់ទីផ្សារ។ ជាមួយគ្នានេះ ដើម្បីធានាដល់យន្តការផ្ទៀងផ្ទាត់វិក្កយបត្រឱ្យកាន់តែច្បាស់លាស់ ក៏ដូចជាជួយសម្រួលដល់ការអនុវត្តការស្នើសុំបង្វិលសង និងការប្រើប្រាស់ឥណទានអាករលើតម្លៃបន្ថែម តាមប្រព័ន្ធ អនឡាញឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត អគ្គនាយកដ្ឋានពន្ធដារ សូមធ្វើការណែនាំការប្រើប្រាស់អត្រាប្ដូរប្រាក់ ផ្លូវការ ដូចខាងក្រោម៖
១.អត្រាប្តូរប្រាក់ផ្លូវការប្រចាំថ្ងៃ
អ្នកជាប់ពន្ធត្រូវប្រើប្រាស់អត្រាប្តូរប្រាក់ផ្លូវការប្រចាំថ្ងៃដែលចេញដោយអគ្គនាយកដ្ឋានពន្ធដារ សម្រាប់រំលេច រូបិយប័ណ្ណប្រាក់រៀលលើតម្លៃសរុបក្នុងវិក្កយបត្រ។ ក្នុងករណី ការផ្គត់ផ្គង់ត្រូវធ្វើឡើងនៅថ្ងៃឈប់សម្រាក ឬមុនម៉ោង ដែលអគ្គនាយកដ្ឋានពន្ធដារមិនទាន់បានចេញអត្រាប្តូរប្រាក់ផ្លូវការ អ្នកជាប់ពន្ធត្រូវប្រើប្រាស់អត្រាប្តូរប្រាក់ផ្លូវការរបស់ អគ្គនាយកដ្ឋានពន្ធដារដែលបានចេញមុនមួយថ្ងៃ នៃថ្ងៃឈប់សម្រាក។
ចំពោះអ្នកជាប់ពន្ធអនិវាសនជនដែលបានចុះបញ្ជីអាករលើតម្លៃបន្ថែមសាមញ្ញ មិនតម្រូវឱ្យរំលេចរូបិយប័ណ្ណ ប្រាក់រៀលលើតម្លៃសរុបក្នុងវិក្កយបត្រឡើយ។ ដោយឡែក សម្រាប់គោលដៅរៀបចំលិខិតប្រកាសពន្ធជាប្រាក់រៀល និង គណនាអាករលើតម្លៃបន្ថែមត្រូវបង់ អ្នកជាប់ពន្ធអនិវាសនជនត្រូវប្រើប្រាស់អត្រាប្តូរប្រាក់ផ្លូវការប្រចាំខែ ដូចមានចែងក្នុង ចំណុចទី៣ នៃសេចក្ដីណែនាំនេះ។
២. អត្រាប្តូរប្រាក់ផ្លូវការសម្រាប់ពន្ធលើប្រាក់បៀវត្ស
អ្នកជាប់ពន្ធត្រូវប្រើប្រាស់អត្រាប្តូរប្រាក់ផ្លូវការដែលចេញដោយអគ្គនាយកដ្ឋានពន្ធដារ រៀងរាល់ថ្ងៃទី១៥ នៃខែនីមួយៗ សម្រាប់គណនាពន្ធលើប្រាក់បៀវត្ស។ ក្នុងករណី ថ្ងៃទី១៥ នៃខែនីមួយៗ ចំថ្ងៃឈប់សម្រាក ដែល អគ្គនាយកដ្ឋានពន្ធដារមិនបានចេញផ្សាយអត្រាប្តូរប្រាក់ផ្លូវការ អ្នកជាប់ពន្ធត្រូវប្រើប្រាស់អត្រាប្តូរប្រាក់ផ្លូវការរបស់ អគ្គនាយកដ្ឋានពន្ធដារ ដែលបានចេញមុនមួយថ្ងៃ នៃថ្ងៃឈប់សម្រាក។
៣. អត្រាប្តូរប្រាក់ផ្លូវការប្រចាំខែ
អ្នកជាប់ពន្ធត្រូវប្រើប្រាស់អត្រាប្ដូរប្រាក់ផ្លូវការដែលចេញដោយអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃចុងក្រោយ នៃខែ នីមួយៗ សម្រាប់គណនាពន្ធត្រូវបង់ប្រចាំខែ ចំពោះការផ្គត់ផ្គង់ដោយអ្នកជាប់ពន្ធអនិវាសនជនដែលបានចុះបញ្ជីអាករលើ តម្លៃបន្ថែមសាមញ្ញ ឬប្រតិបត្តិការទាំងឡាយណាដែលមិនមានរំលេចរូបិយប័ណ្ណប្រាក់រៀលលើវិក្កយបត្រដូចជា ប្រតិបត្តិការ ដែលទទួលការផ្គត់ផ្គង់ពីបុគ្គលមិនស្ថិតក្នុងរបបស្វ័យប្រកាស ឬពីអនិវាសនជន ជាដើម។
៤. អត្រាប្តូរប្រាក់ផ្លូវការប្រចាំឆ្នាំ
អ្នកជាប់ពន្ធត្រូវប្រើប្រាស់អត្រាប្តូរប្រាក់ផ្លូវការដែលចេញដោយអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃចុងក្រោយ នៃ ខែធ្នូ នៃឆ្នាំនីមួយៗ សម្រាប់គណនាពន្ធត្រូវបង់ប្រចាំឆ្នាំ។
អគ្គនាយកដ្ឋានពន្ធដារនឹងចេញផ្សាយសេចក្ដីជូនដំណឹងស្តីពីអត្រាប្ដូរប្រាក់ផ្លូវការប្រចាំថ្ងៃ នៅលើគេហទំព័រ របស់អគ្គនាយកដ្ឋានពន្ធដារ https://www.tax.gov.kh ចាប់ពីខែមិថុនា ឆ្នាំ២០២២ តទៅ។ លិខិតបទដ្ឋានទាំងឡាយណា ដែលបានដាក់ឱ្យអនុវត្តទាក់ទិននឹងការប្រើប្រាស់អត្រាប្តូរប្រាក់សម្រាប់អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ត្រូវចាត់ទុក ជានិរាករណ៍។
អគ្គនាយកដ្ឋានពន្ធដារ សង្ឃឹមយ៉ាងមុតមាំថា គ្រប់សហត្រាសជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសទាំងអស់ ដែលធ្វើសកម្មភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា នឹងយកចិត្តទុកដាក់អនុវត្តតាមខ្លឹមសារនៃសេចក្ដីណែនាំនេះឱ្យមាន ប្រសិទ្ធភាពខ្ពស់ ៕
ដោយ : សិលា