អង្គការសហប្រជាជាតិ​ផ្តល់​ផែនទី​១៨​ផ្ទាំង​ដល់​កម្ពុជា

ចែករំលែក៖

​ភ្នំពេញ​៖​ មន្ត្រី​អង្គការសហប្រជាជាតិ​បាន​និយាយ​ថា​ ខ្លួន​បាន​ផ្តល់​ផែនទី​ជិត​២០​ផ្ទាំង​ដល់​ប្រទេស​កម្ពុជា​ហើយ​ ដែល​ជា​ការ​ឆ្លើយ​តប​មួយ​ផ្នែក​របស់​អង្គការសហប្រជាជាតិ​(​អ​.​ស​.​ប​.)​ ក្រោយ​ពេល​ដែល​សម្តេច​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ បាន​ស្នើ​សុំ​ឲ្យ​អ​.​ស​.​ប​.​ផ្តល់​ផែនទី​ដែល​កម្ពុជា​តម្កល់​ទុក​នៅ​អ​.​ស​.​ប​.​ជូន​ដល់​កម្ពុជា​ដើម្បី​ប្រើប្រាស់​ដោះស្រាយ​បញ្ហា​ព្រំដែន​កម្ពុជា​និង​វៀតណាម​ដែល​កំពុង​ក្លាយជា​រឿង​ចម្រូងចម្រាស​។​

បន្ទាប់​ពី​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ស្នើ​សុំ​ខ្ចី​ផែនទី​កម្ពុជា​ដែល​បាន​តម្កល់​ទុក​នៅ​ឯ​អ​.​ស​.​ប​.​ដើម្បី​ដោះស្រាយ​បញ្ហា​ ព្រំដែន​កម្ពុជា​ វៀតណាម​ ដែល​កំពុង​ក្លាយជា​បញ្ហា​ដ៏​រសើប​នោះ​ មន្ត្រី​នាំពាក្យ​លោក​អគ្គលេខាធិការ​អ​.​ស​.​ប​.​ម្នាក់​គឺ​អ្នកស្រី​ Eri​ Kaneko​ បាន​ថ្លែង​ ថា​ អ​.​ស​.​ប​.​បាន​ផ្តល់​ផែនទី​ចំនួន​១៨​ផ្ទាំង​ដែល​កម្ពុជា​បាន​ស្នើ​សុំ​ហើយ​។​ អ្នកស្រី​ថ្លែង​ថា​ «​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សំណើ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ អ​.​ស​.​ប​.​បាន​ផ្តល់​ផែនទី​ចំនួន​១៨​ផ្ទាំង​ដែល​យើង​បាន​រក​ឃើញ​ក្នុង​កន្លែង​តម្កល់​ឯកសារ​របស់​យើង​ នោះ​ ជូន​ដល់​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​នៃ​ប្រទេស​កម្ពុជា​ក្នុង​បូ​រី​ញូ​វ​យ៉​ក​»​។​ មន្ត្រី​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​នៅ​អ​.​ស​.​ប​.​ក្នុង​បូ​រី​ញូ​វ​យ៉​ក​ដែល​ធ្វើ​កិច្ចការ​ជាមួយ​អ​.​ស​.​ប​.​រឿង​ផែនទី​នេះ​ បាន​អះអាង​ថា​ ខ្លួន​មិន​អាច​ធ្វើ​អត្ថាធិប្បាយ​អ្វី​បាន​ទេ​ ដោយ​គ្រាន់តែ​អះអាង​ថា​ កម្ពុជា​មិន​ទាន់​បាន​ទទួល​ផែនទី​ទាំងស្រុង​ដែល​កម្ពុជា​ស្នើ​សុំ​ពី​អ​.​ស​.​ប​.​នោះ​ទេ​។​

​ក្នុង​សារលិខិត​មួយ​កាលពី​ថ្ងៃ​ទី​៦​ ខែកក្កដា​ ឆ្នាំ​២០១៥​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​នៃ​ប្រទេស​កម្ពុជា​បាន​សរសេរ​លិខិត​ទៅ​លោក​អគ្គលេខាធិការ​អ​.​ស​.​ប​.​ បាន់​គី​ម៊ូ​ន​ ដើម្បី​ស្នើ​សុំ​ខ្ចី​ផែនទី​ខ្នាត​១/១០០.០០០​ ដែល​កម្ពុជា​បាន​យក​ទៅ​តម្កល់​ទុក​នៅ​ឯ​អ​.​ស​.​ប​.​កាលពី​ឆ្នាំ​១៩៦៤​។​ ការ​ស្នើ​សុំ​នេះ​កើតឡើង​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់​ពី​ពលរដ្ឋ​ កម្ពុជា​ និង​ពលរដ្ឋ​វៀតណាម​ហើយនឹង​ឆ្នាំ​ព្រំដែន​វៀតណាម​មានការ​ប៉ះទង្គិច​គ្នា​ ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ជាង​១០​នាក់​របួស​ក្នុង​ខេត្តស្វាយរៀង​ ៕​ ហេង​ សូ​រិ​យា​

...

20150724-093611.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print