ភ្នំពេញ៖ ក្នុងឱកាសនៃទិវាជាតិនៃការចងចាំ ២០ឧសភា ក្នុងនាមជាប្រជាពលរដ្ឋខ្មែរមួយរូប ខ្ញុំសូមឧទ្ទិសទិវានេះចំពោះ បងប្អូនជនរួមខ្មែរទាំងអស់ដែលបានបាត់បង់ជីវិតយ៉ាងអយុត្តិធម៌ និងព្រៃផ្សៃបំផុតក្នុងរបបប្រល័យពូជសាសន៍ ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។
ថ្វីត្បិតតែយើងបានរស់រានមានជីវិតឡើងវិញ ចាប់តាំងពីថ្ងៃរំដោះ ៧ មករា ១៩៧៩ និងជាបន្តបន្ទាប់ យើងបានទទួលបាននូវសុខសន្តិភាពពេញបរិបូរណ៍អស់រយៈកាលជាង ២ទស្សវត្សរ៍ចុងក្រោយនេះក្តី ក៏យើងទាំងអស់គ្នាមិនអាចបំភ្លេចបាននូវសោកនាដកម្មដ៏អាក្រក់ និងជូរចត់បំផុតក្នុងប្រវត្តិសាស្រ្ត។
សម្រាប់យុវជនជំនាន់ក្រោយ អ្វីដែលជាការដាស់តឿនក្រើនរំឭករបស់ទិវានេះ គឺការស្វែងយល់ពីអតីតកាលរបស់ប្រទេសជាតិខ្លួន និងការរៀនសូត្រពីមេរៀនប្រវត្តិសាស្រ្តនេះ ដើម្បីចូលរួមការពារ និងកសាងសុខសន្តិភាពដែលយើងកំពុងតែមានក្នុងដៃ ឱ្យខាងតែបាន ទោះក្នុងតម្លៃណាក៏ដោយ។
ខ្ញុំសូមបងប្អូនទាំងអស់ឆ្លៀតពេល ១នាទី ស្មឹងស្មាធដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខ័ន្ធអ្នកដែលបានស្លាប់ទៅ៕
ដោយ៖ សូរិយា