រាជធានីបាងកក ប្រទេសថៃ នឹងចាប់ផ្តើមបោះឆ្នោតជ្រើសរើសអភិបាលក្រោយរយៈពេល៩ឆ្នាំបានផ្អាក។ ការបោះឆ្នោតនឹងត្រូវចាប់ផ្តើមឡើងនៅថ្ងៃទី ២២ខែឧសភា ខាងមុខនេះ។
សារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី២០ ខែឧសភា ឆ្នាំ២០២២បានផ្សាយថា ប្រជាជនទីក្រុងបាងកក នឹងបោះឆ្នោតជ្រើសរើសអភិបាលក្រុងថ្មីរបស់ពួកគេនៅថ្ងៃអាទិត្យ ទី២២ ខែឧសភា ឆ្នាំ២០២២ខាងមុខនេះ ដែលជាលើកទី១ក្នុងរយៈពេលជាង៩ឆ្នាំ ចាប់តាំងពីការបោះឆ្នោតអភិបាលក្រុង កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៣មក។
បន្ទាប់ពីមានការធ្វើរដ្ឋប្រហារដោយយោធានៅឆ្នាំ២០១៤ រដ្ឋាភិបាលយោធាដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តីបច្ចុប្បន្ន គឺលោក ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) បានផ្អាកការបោះឆ្នោតជ្រើសរើសអភិបាលក្រុងបាងកក ហើយលោក ប្រាយុទ្ធ បានតែងតាំងអភិបាលក្រុងមួយរូប គឺ លោក អាស់វីន ក្វាន់មួង (Aswin Kwanmuang)។ នៅចុងសប្តាហ៍នេះ បេក្ខជនចំនួន ៣១រូប នឹងធ្វើការប្រកួតប្រជែង ដើម្បីក្លាយជាថ្នាក់ដឹកនាំរបស់រាជធានីនៃប្រទេសថៃសម្រាប់អាណត្តិដែលមានរយៈពេល៤ឆ្នាំ ខណៈដែលអ្នកមានសិទ្ធិបោះឆ្នោត មានចំនួន៤.៤លាននាក់។
តាមច្បាប់របស់ប្រទេសថៃ ជាធម្មតាអភិបាលខេត្តត្រូវបានតែងតាំងដោយក្រសួងមហាផ្ទៃ ប៉ុន្តែសម្រាប់ទីក្រុងបាងកក គឺជាករណីលើកលែងតែមួយគត់ ដែលទទួលសិទ្ធិបោះឆ្នោតជ្រើសរើសអភិបាលក្រុងដោយខ្លួនឯងកាលពីឆ្នាំ១៩៧៥។ បើតាមក្រុមអ្នកសង្កេតការណ៍, លទ្ធផលនៃការបោះឆ្នោតអភិបាលក្រុងថ្មីនេះ នឹងអាចចាត់ទុកជាការវាស់ស្ទង់មួយនៃប្រជាប្រិយភាពរដ្ឋាភិបាលដែលកំពុងកាន់អំណាច មុនការបោះឆ្នោតសកល ដែលរំពឹងថានឹងធ្វើឡើងនៅឆ្នាំក្រោយ៕ ដោយធីរីណា
រូបថត : AP