ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែនបានមានប្រសាសន៍ថាៈ ជួយគ្នាក្នុងគ្រាក្រ ជាពិសេសក្នុងពេលដែលប្រជាពលរដ្ឋយើងអត់ទឹកទទួលទានគឺជាការបង្ហាញអោយឃើញច្បាស់នូវក្តីស្រឡាញ់ចំពោះគ្នាទៅវិញទៅមកក្នុងនាមជាតិសាសន៌តែមួយ។ នៅពេលនេះកង្វះខាតទឹកនៅតែជាបញ្ហាចោទនៅឡើយ ទាំងនៅតាមផ្ទះប្រជាពលរដ្ឋ និងតាមសាលារៀនមួយចំនួន។
ក្នុងប៉ុន្មានថ្ងៃនេះគឺមានភ្លៀងធ្លាក់បង្អុរចុះមកតិចច្រើនទៅតាមតំបន់នីមួយៗ។ ភ្លៀងដែលធ្លាក់មកគឺមានខ្យល់កន្រ្តាក់លាយឡំ ដែលបង្កការខូចខាតដល់ផ្ទះសម្បែងប្រជាពលរដ្ឋមួយចំនួនផងដែរ។
សម្តេចសូមអោយអាជ្ញាធរមានសមត្ថកិច្ចយកចិត្តទុកដាក់ជួយប្រជាពលរដ្ឋ ជាពិសេសចំពោះស្រ្តីមេម៉ាយ កុមារកំព្រា ជនចាស់ជរា និងជនពិការ ដែលត្រូវការទឹកទទួលទានចាំបាច់បំផុត។ ហើយសូមពិនិត្យតាមសាលារៀនដែលត្រូវការទឹកសម្រាប់កូនសិស្សទទួលទាន។ សូមអាជ្ញាធរជួយបងប្អូនដែលត្រូវការជំនួយសង្រ្គោះបន្ទាន់មួយចំនួនដែលរងការខូចខាតផ្ទះសម្បែងដោយសារខ្យល់ព្យុះ និងខ្យល់កន្ត្រាក់កាលពីពេលថ្មីៗនេះ។
សម្តេចមានប្រសាសន៍បន្តថាៈ ខ្ញុំសូមអរគុណសប្បុរសជនទាំងអស់ដែលបាននិងកំពុងយកចិត្តទុកដាក់ជួយបងប្អូនរងគ្រោះ អោយទទួលបាននូវទឹកទទួលទាន និងមានជម្រកស្នាក់នៅឡើងវិញទាន់ពេលវេលា៕
ដោយ សុខ ខេមរា