AC Milan ឈ្នះពានរង្វាន់ Serie A ជាលើកដំបូងក្នុងរយៈពេល១១ឆ្នាំ

ចែករំលែក៖

ក្រុមខ្លាំង AC Milan បានឈ្នះពានរង្វាន់ Serie A លើកទី១៩ ប៉ុន្តែជាលើកទី១សម្រាប់រយៈពេល១១ឆ្នាំដោយការទទួលជ័យជម្នះលើក្រុម Sassuolo ក្នុងថ្ងៃប្រកួតបញ្ចប់រដូវកាល២០២១-២០២២នេះ។ អ្នកគាំទ្រក្រុមនេះ AC Milan ដំបូងឡើយមិនសប្បាយចិត្តនឹងការតែងតាំងលោក Stefano Pioli ក្នុងឆ្នាំ២០១៩ ដោយសារគាត់ធ្លាប់គ្រប់គ្រងគូប្រជែង Inter Milan ប៉ុន្តែគាត់បានដឹកនាំទទួលជោគជ័យដោយឈ្នះ២ពិន្ទុលើអតីតក្លិបរបស់គាត់។

ខ្សែប្រយុទ្ធ Olivier Giroud ស៊ុត​បាន២​គ្រាប់ និង១គ្រាប់ទៀតរកបានដោយ Franck Kessie ជួយឲ្យ AC Milan ឈ្នះ​យ៉ាងពេញលេញ៣ទល់០លើក្រុមម្ចាស់ផ្ទះ។ ចំណែកក្រុម Inter Milan បានយកឈ្នះ Sampdoria ៣-០ នៅថ្ងៃចុងក្រោយដែរ ប៉ុន្តែក្រុមរបស់លោកSimone Inzaghi មិនអាចគ្រងជើងឯកបានទេដោយចាញ់ក្រុម AC ២ពិន្ទុនៅរដូវកាលនេះ។ដោយឡែកក្រុម Napoli ជាប់ចំណាត់ថ្នាក់លេខ៣បន្ទាប់ពីឈ្នះ ៣-០ នៅលើទឹកដីក្រុម Spezia ខណៈដែល Juventus បានបញ្ចប់រដូវកាលដ៏ខកចិត្តរបស់ពួកគេក្រោមការដឹកនាំរបស់លោក Massimiliano Allegriដែលបានឈ្នះពានរង្វាន់ជាមួយនឹងក្រុម AC Milan ក្នុងឆ្នាំ២០១០-២០១១ ដោយបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៤ ប៉ុន្តែមានសិទ្ធិសម្រាប់ការប្រកួតក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយ។AC Milan បានទទួលរងការខកចិត្តជាង១ទសវត្សរ៍ចាប់តាំងពីការឈ្នះពានក្រោមការដឹកនាំរបស់លោក Allegri ក្នុងឆ្នាំ ២០១១ ប៉ុន្តែលោកPioli បុរសសញ្ជាតិអ៊ីតាលីបាននាំមកនូវថ្ងៃដ៏រុងរឿងមកវិញ។ អតីតកីឡាករនៅ Serie A ដូចជា Clarence Seedorf, Filippo Inzaghi, Sinisa Mihajlovic, Vincenzo Montella និង Gennaro Gattusoសុទ្ធតែបានព្យាយាមក្នុងការធ្វើឱ្យអតីតម្ចាស់ជើងឯកអឺរ៉ុបរស់ឡើងវិញ។ខ្សែប្រយុទ្ធជើងចាស់ Zlatan Ibrahimovic គឺជាផ្នែកមួយនៃក្រុម AC Milan ចុងក្រោយដែលបានឈ្នះ Serie A ហើយនៅអាយុ៤០ឆ្នាំ គាត់បានលើកពានជាមួយក្លិបជាលើកទី២។ តាមរយៈការឈ្នះពាននេះខ្សែបម្រើ Daniel Maldini ដើរតាមគន្លងឪពុករបស់គេ Paolo Maldiniដែលបានឈ្នះពានលីកចំនួន៧ជាមួយ AC Milan និងជីតា CesareMaldini ឈ្នះចំនួន៤ដង។

លោក Pioli បាននិយាយថា “ខ្ញុំមិនចាំថាយើងចាញ់ការប្រកួតចុងក្រោយនៅពេលណានោះទេ។ យើងសមនឹងទទួលបាន ជ័យជម្នះនៅពេលនេះ ពីព្រោះយើងមានភាពស៊ីសង្វាក់គ្នាជាង ហើយយើងបានឈ្នះការប្រកួតដ៏លំបាក ដោយមកពីក្រោយក្នុងការប្រកួត Derby និងឈ្នះពីរដងនៅទីក្រុងរ៉ូម។ ប្រសិនបើអ្នកឈានដល់កម្រិតនេះ គឺដោយសារតែសមាជិកម្នាក់ៗបានផ្តល់ទាំងអស់របស់យើង”។

ក្រោយចប់ការប្រកួតអ្នកគាំទ្ររបស់ក្រុម AC Milan បានចូលមកក្នុងទីលានពេញ ខណៈដែលការប្រកួតបានឈានដល់ការបញ្ចប់របស់ខ្លួន ដោយបានឱបកីឡាករ និងបុគ្គលិកក្លិបជាមួយនឹងការរង់ចាំរបស់ពួកគេសម្រាប់ពានរង្វាន់លីកដែលនៅទីបំផុតបានឈ្នះវា ៕ (រូបភាព ៖ BBC Sport/Reuters)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print