រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងប្រធានសាលាដំបូងខេត្តត្បូងឃ្មុំ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២នេះ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងជាផ្លូវការរបស់លោកជា វណ្ណៈ ប្រធានសាលាដំបូងខេត្តត្បូងឃ្មុំ ជំនួសលោក ជុំ ស ដែលត្រូវបានផ្ទេរមុខតំណែងទៅជាប្រធានសាលាដំបូងខេត្តបាត់ដំបងវិញ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ លោក
ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌ ប្រធានសាលាឧទ្ធរណ៍ត្បូងឃ្មុំ អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ ប្រធានសាលាដំបូង ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង ព្រមទាំងចៅក្រម ព្រះរាជអាជ្ញារង និងមន្ទីរ-អង្គភាពជុំវិញខេត្ត។

ក្នុងឱកាសនោះ លោក ជុំ ស បានឡើងធ្វើរបាយការណ៍សង្ខេបពីសមិទ្ធផលអគារសាលាដំបូង និងលទ្ធផលការងារយ៉ាងច្រើនដែលសាលាដំបូងត្បូងឃ្មុំ អនុវត្តបានក្នុងវិស័យយុត្តិធម៌។

លោក ជា វណ្ណៈ បន្ទាប់ពីទទួលត្រាចូលកាន់តំណែងជាប្រធានសាលាដំបូងត្បូងឃ្មុំ បានឡើងប្តេជ្ញាចិត្តធ្វើធានាបម្រើសេវាយុត្តិធម៌ជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព ស្មារតីទទួលខុសត្រូវ សាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ ព្រមទាំងសម្រេចឱ្យបានលទ្ធផលថ្មីៗបន្ថែមទៀត។

ជាមួយគ្នានោះដែរ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានសម្ដែងនូវការកោតសរសើរ និងថ្លែងនូវការអរគុណចំពោះលោកអតីតប្រធានសាលាដំបូងខេត្តត្បូងឃ្មុំ នាពេលកន្លងមកនេះ ដែលបានសហការនិងមានទំនាក់ទំនងយ៉ាងល្អប្រសើរជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទក្នុងការដឹកនាំអនុវត្តវិស័យច្បាប់ និងវិស័យតុលាការ ដោយបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្នុងការកែទម្រង់ប្រព័ន្ធច្បាប់ និងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ជាពិសេស សង្ឃឹមថា លោកប្រធានសាលាដំបូងខេត្តត្បូងឃ្មុំថ្មីបន្តសហការ និងមានទំនាក់ទំនងល្អលើវិស័យយុត្តុិធម៌ ធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈសង្គមល្អប្រសើរ និងសម្រេចបាននូវសមិទ្ធផលល្អៗ ជាបន្តបន្ទាប់។

មានប្រសាសន៍នាឱកាសនោះ លោករដ្ឋមន្រ្តី កើត រិទ្ធ បានសម្ដែងនូវការអបអរសាទរយ៉ាងកក់ក្តៅដល់លោក ជា វណ្ណៈ អតីតប្រធានសាលាដំបូងខេត្តបាត់ដំបង ដែលត្រូវបានផ្ទេរមកជាប្រធានសាលាដំបូងខេត្តត្បូងឃ្មុំនាពេលនេះ។ ទន្ទឹមនេះលោកក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកជុំ ស ដែលបានខិតខំយកចិត្តទុកដាក់ដឹកនាំសាលាដំបូងខេត្តត្បូងឃ្មុំ ក្នុងការបម្រើសេវាយុត្តិធម៌ជូនប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវ មានសាមគ្គីភាពផ្ទៃក្នុង និងមានកិច្ចសហប្រតិបត្តិការល្អជាមួយអាជ្ញាធរអនុវត្តច្បាប់ នាពេលកន្លងមក។

លោករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ការតែងតាំង ផ្លាស់ប្តូរ និងផ្ទេរភារកិច្ចរបស់ចៅក្រម-ព្រះរាជអាជ្ញា គឺជារឿងធម្មតាក្នុងអាជីពជាចៅក្រម-ព្រះរាជអាជ្ញា ក្នុងគោលបំណងដើម្បីធានាឱ្យមានកិច្ចដំណើរការការងារកាន់តែមានភាពល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ សំដៅលើកកម្ពស់ការបម្រើសេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ ប្រកបដោយភាពមិនលម្អៀង ភាពត្រឹមត្រូវ និងភាពយុត្តិធម៌។

ឆ្លៀតក្នុងឱកាសនេះ លោក កើត រិទ្ធ ក៏បានថ្លែងអំណរគុណជូនចំពោះ អភិបាលខេត្តត្បូងឃ្មុំ ថ្នាក់ដឹកនាំខេត្ត អង្គភាពពាក់ព័ន្ធ ព្រមទាំងមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ទាំងអស់ ដែលបានផ្តល់ការគាំទ្រ និងកិច្ចសហការល្អជាមួយសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ នាពេលកន្លងមក ហើយលោករដ្ឋមន្ត្រី កើត រិទ្ធ ក៏បានស្នើឱ្យបន្តផ្តល់កិច្ចសហប្រតិបត្តិការល្អនេះជាមួយសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំបន្តទៀត ជាពិសេសជាមួយ លោក ជា វណ្ណៈ ដែលជាប្រធានសាលាដំបូងខេត្តត្បូងឃ្មុំ ទើបនឹងចូលកាន់មុខតំណែងថ្មី ឱ្យអនុវត្តតូនាទីរបស់ខ្លួនដោយរលូន និងមានប្រសិទ្ធភាព ហើយឈានទៅសម្រេចបាននូវស្នាដៃ និងជោគជ័យថ្មីៗបន្ថែមទៀត៕

...

ដោយ៖ វណ្ណៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print