នគរបាលខណ្ឌឫស្សីកែវបន្តផ្តល់សៀវភៅគ្រួសារនិងសៀវភៅស្នាក់នៅជូនពលរដ្ឋក្នុងមូលដ្ឋានដោយឥតគិតថ្លៃ

ចែករំលែក៖

ភ្នំពេញ ៖ លោកវរសេនីយ៍ឯក ហ៊ាង ថារេត អធិការនគរបាលខណ្ឌឫស្សីកែវបានបន្តផ្តល់ជូនសៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដោយឥតគិតថ្លៃ។
លោកវរសេនីយ៍ឯក ហ៊ាង ថារេត អមដោយលោកវរសេនីយ៍ទោ ថន ថេន អធិការរងខណ្ឌ លោកវរសេនីយ៍ត្រី មៀច ណូន នាយផ្នែក នាយនគរបាលប៉ុស្ដិ៍ទាំង៧ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២នេះបានបន្តចុះពិនិត្យ និងចុះហត្ថលេខាដោយផ្ទាល់លើសៀវភៅស្នាក់នៅ «ក២» សៀវភៅគ្រួសារ «ក៤» និងសំណុំឯកសារអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋនៅក្រោយឃ្លាំងសាំង ស្ថិតក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។
លោកវរសេនីយ៍ឯក ហ៊ាង ថារេត បានអំពាវនាវឱ្យប្រជាពលរដ្ឋទៅធ្វើសៀវភៅស្នាក់នៅ សៀវភៅគ្រួសារនៅតាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទាំង៧ ដែលបងប្អូនប្រជាពលរដ្ឋរស់នៅ ឬអញ្ជើញទៅទំនាក់ទំនងនៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីជួបជំនាញផ្នែកអត្តសញ្ញាណកម្មដើម្បីសាកសួរព័ត៌មាន និងបំពេញបែបបទធ្វើផ្តល់សៀវភៅស្នាក់នៅ «ក២» សៀវភៅគ្រួសារ «ក៤» និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។
ក្នុងអនុក្រឹត្យបានបញ្ជាក់ទៀតថា ជនគ្រប់រូប ដែលជាអ្នកទទួលខុសត្រូវចម្បងនៃគេហដ្ឋាននីមួយៗ ទោះជាជននោះជាម្ចាស់ផ្ទះក្តី ឬជាអ្នកជួលក្តី មានកាតព្វកិច្ចចុះក្នុងសៀវភៅស្នាក់នៅនូវឈ្មោះមនុស្សគ្រប់រូបដែលរស់នៅជាប់លាប់ជាមួយខ្លួន។ សៀវភៅទាំងពីរនេះក៏ជាឯកសារបញ្ជាក់អត្តសញ្ញាណដ៏សំខាន់ផងដែរ សម្រាប់យកទៅធ្វើជាសក្ខីកម្មក្នុងការធ្វើលិខិតស្នាមចាំបាច់ផ្សេងៗដទៃទៀត៕

...

ដោយ៖  ជីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print