ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីក្រសួងការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា លោកទន្តបណ្ឌិត ឡេង តុង ទីប្រឹក្សាអមក្រសួង និងជាប្រធាននាយកដ្ឋានពេទ្យការងារ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២នេះ បានដឹកនាំ និងមន្រ្តីក្រោមឱវាទ ចូលរួមកិច្ចប្រជុំពិភាក្សាអំពីគម្រោង និងផែនការនៃការបង្កើតច្បាប់ស្ដីពីសុវត្ថិភាព និងសុខភាពការងារ និងការបង្កើតមជ្ឈមណ្ឌលជាតិបណ្ដុះបណ្ដាលសុវត្ថិភាព និងសុខភាពការងារ ជាមួយតំណាងទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េ(KOSHA) តាមរយៈប្រព័ន្ធអនឡាញ។
កិច្ចប្រជុំនេះបានពិភាក្សាទៅលើគម្រោងចំនួនពីរ គឺគម្រោងនៃការបង្កើតច្បាប់ស្ដីពីសុវត្ថិភាព និងសុខភាពការងារ និងមជ្ឈមណ្ឌលជាតិបណ្ដុះបណ្ដាលសុវត្ថិភាព និងសុខភាពការងារនៅកម្ពុជា។
ជាលទ្ធផលនៃកិច្ចពិភាក្សានេះសម្រចបានរួមមាន៖
១. នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ក្រុមប្រឹក្សាពិគ្រោះយោបល់កូរ៉េនឹងផ្ញើនូវរបាយការណ៍ដែលជាសំណួរពាក់ព័ន្ធនឹងសេចក្ដីព្រាងច្បាប់ស្ដីពីសុវត្ថិភាព និងសុខភាពការងារ មកនាយកដ្ឋានពេទ្យការងារ ដើម្បីរៀបចំធ្វើការឆ្លើយតប។
២. នៅថ្ងៃទី១៨-២៤ ខែកក្កដា ឆ្នាំ២០២២ តំណាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចំនួន០៦រូប នឹងធ្វើដំណើរទៅទស្សនៈកិច្ចនៅសាធារណៈកូរ៉េ ដើម្បីពិភាក្សា និងពន្យល់ពីសេចក្ដីព្រាងច្បាប់ស្ដីពីសុវត្ថិភាព និងសុខភាពការងារ។
៣. នៅថ្ងៃទី២២-២៧ ខែកក្កដា ឆ្នាំ២០២២ តំណាងទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េ នឹងមកធ្វើដំណើរទស្សនៈកិច្ចនៅប្រទេសកម្ពុជា។
ក្នុងនោះដែរ ភាគីកូរ៉េបានស្នើឱ្យមានការរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងមជ្ឈមណ្ឌលជាតិបណ្ដុះបណ្ដាលសុវត្ថិភាព និងសុខភាពការងារ និងមានកិច្ចប្រជុំរៀងរាល់ ២សប្តាហ៍ម្តង ដើម្បីពិភាក្សាលើដំណើរការនៃការអនុវត្តគម្រោង៕
ដោយ៖សហការី