ភ្នំពេញ ៖ បើយោងតាមប្រភពពី(វិទ្យុមិត្តភាពកម្ពុជា-ចិន) នៅល្ងាចថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ បានបញ្ជាក់អោយដឹងថា, គិតត្រឹមព្រឹកថ្ងៃទី២៣ ឧសភា មានរយៈពេល១៦ថ្ងៃជាប់ៗគ្នាហើយ ដែលកម្ពុជាមិនមានអ្នកឆ្លងកូវីដ១៩។ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានលើកឡើងថា កម្ពុជាទទួលបានជោគជ័យលើការប្រយុទ្ធប្រឆាំងកូវីដ១៩ ដោយសារតែទទួលបានការជួយទាន់វេលាពីរដ្ឋាភិបាល និងប្រជាជនចិន ជាមួយនឹងការដឹកនាំប្រកបដោយគតិបណ្ឌិត របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
សូមបញ្ជាក់ថា, មានប្រសាសន៍ក្នុងពេលផ្តល់កិច្ចសម្ភាសន៍ ជាមួយវិទ្យុមិត្តភាពកម្ពុជា-ចិន នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២នេះ លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានមានប្រសាសន៍ថា កម្ពុជាទទួលបានជោគជ័យលើ ការប្រយុទ្ធប្រឆាំងកូវីដ១៩ រហូតដល់លែងមានករណីកូវីដ ប៉ុន្មានថ្ងៃចុងក្រោយនេះ គឺដោយសារតែកម្ពុជាទទួលបាន ការជួយទាន់ពេលវេលា ពីរដ្ឋាភិបាលនិងប្រជាជនចិន ព្រមទាំងគោលនយោបាយវ៉ាក់សាំងដ៏ត្រឹមត្រូវ របស់ប្រមុខដឹកនាំរាជរដ្ឋាភិបាល ដែលហៅថា យុទ្ធសាស្ត្រផ្ការីក។ ជោគជ័យលើបញ្ហាកូវីដ១៩នេះ គឺបង្ហាញយ៉ាងច្បាស់ពីមិត្តភាពដែកថែប រវាងប្រទេសទាំងពីរ ព្រមទាំងឆ្លុះបញ្ចាំងកាន់តែច្បាស់ដែលថា អ្វីជាឧបសគ្គរបស់កម្ពុជា គឺជាឧបសគ្គរបស់ចិន។ លោក បានលើកឡើងថា បើទោះបីជាចិនរងគ្រោះពីជំងឺរាតត្បាតខ្លួនឯងក៏ដោយ ក៏ថ្នាក់ដឹកនាំ រដ្ឋាភិបាល និងប្រជាជនចិនបានខិតខំជួយកម្ពុជា ប្រយុទ្ធប្រឆាំងកូវីដ១៩ ជាបន្តបន្ទាប់ ជាពិសេស បញ្ជូនវ៉ាក់សាំងជូនមកដល់កម្ពុជា ទាន់ពេលវេលា និងគ្រប់គ្រាន់ រហូតដល់ពេលនេះ ដែលកម្ពុជាឈានដល់ការចាកវ៉ាក់សាំង ដូសទី៥ ទៅទៀត។
លោក សូមវាយតម្លៃខ្ពស់ចំពោះ និងថ្លែងអំណរគុណ ដល់ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំចិន ជួយដល់មិត្តដែកថែប កម្ពុជា យកឈ្នះជំងឺកូវីដ១៩ ដូចនាពេលបច្ចុប្បន្ននេះ។
គួរបញ្ជាក់ថា កម្ពុជាបាននិងកំពុងប្រើប្រាស់វ៉ាក់សាំងចិន យ៉ាងច្រើនលើសលប់ ចាក់ជូនប្រជាជន ចាប់ពីវ័យ៣ឆ្នាំឡើងទៅ។
សូមជម្រាបជូនថា, ក្រសួងសុខាភិបាល នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា មិនមានអ្នកឆ្លងកូវីដ១៩នោះទេ រយៈពេល១៦ថ្ងៃជាប់ៗគ្នាហើយ ខណៈអ្នកជំងឺជាសះស្បើយ និងអ្នកស្លាប់ ក៏គ្មានដែរ។ គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៦,២៦២នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៣,២០១នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់។
កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,១៤% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០០,៥៧% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៩,០០% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ១៣២,១២% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៦៥,៣៥% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៣,៨៨% ៕
ដោយ: សិលា +ប្រភព (វិទ្យុមិត្តភាពកម្ពុជា-ចិន)