រថយន្តហុីយ៉ាន់ដាយធុនធំបើកបត់មិនប្រយ័ត្នទៅប៉ះប្រអប់ភ្លើងបែកអស់ចំនួន០២ តែសំណាងល្អមិនផ្ទុះឆេះ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តម៉ាកហុីយ៉ាន់ដាយធុនធំមកចូលផ្លូវតូចហើយបត់មិនប្រយ័ត្ន បណ្ដាលឱ្យប៉ះប្រអប់ភ្លើងបែកអស់ចំនួន០២រងការខូចខាត តែសំណាងល្អដែរដែលមិនឆ្លងចរន្តភ្លើងផ្ទុះឆេះ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ នៅតាមវិថី ប៊ន ស្រុី (សុខសាន្ត)កែងផ្លូវលេខ១១៩ ក្នុងភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
បើតាមសម្ដីបុរសម្នាក់ដែលជាតៃកុងរថយន្តបង្កហេតុម៉ាកហុីយ៉ាន់ដាយធុនធំ ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 3B-2119 បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានបើករថយន្តខាងលើនេះមកឃ្លាំងម្ដុំកន្លែងកើតហេតុ តែច្រឡំបើកចូលមកផ្លូវតូច ហើយពេលបត់រថយន្តមកស្ដាំដៃក៏ប៉ះប្រអប់ភ្លើងបណ្ដាលឱ្យបែកអស់ចំនួន០២ប្រអប់ធ្លាក់ដល់ដី តែមិនបង្កគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ឡើយ ។
ក្រោយកើតហេតុភ្លាមៗ ប្រជាពលរដ្ឋបានទាក់ទងទៅសមត្ថកិច្ចមូលដ្ឋាន និងមន្ត្រីជំនាញខាងអគ្គិសនីឱ្យមកពិនិត្យត្រង់ចំណុចកើតហេតុ ។ បន្ទាប់ពីទទួលបានព័ត៌មានខាងលើភ្លាម សមត្ថកិច្ចមូលដ្ឋាន និងមន្ត្រីជំនាញខាងអគ្គិសនីបានចុះមកពិនិត្យឃើញថា មានតែបែកប្រអប់ភ្លើងចំនួន០២ និងមិនឆ្លងចរន្តធ្វើឱ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋផងនោះ រួមទាំងប្រអប់ភ្លើងនេះមានម្ចាស់ផ្ទះម្នាក់ជាអ្នកគ្រប់គ្រង ទើបឱ្យភាគីខាងរថយន្តបង្កហេតុ និងម្ចាស់ប្រអប់ភ្លើងនេះដោះស្រាយគ្នា(ដោយតៃកុងរថយន្តបង្កយល់ព្រមជួសជុលប្រអប់ភ្លើងឱ្យល្អស្អាតឡើងវិញ ដើម្បីបញ្ចប់រឿង ៕

...

ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print