ខេត្តកណ្តាល៖ ផ្តើមចេញពីឆ្លងចរន្តអគ្គិសនីបង្កជាគ្រោះអគ្គិភ័យឆាបឆេះលំនៅដ្ឋានប្រជាពលរដ្ឋ១ខ្នងអស់ទាំងស្រុង កាលពីវេលាម៉ោង៣និង៤០នាទីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិស្វាយអាត់ក្រោម ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ផ្ទះដែលត្រូវបានអគ្គិភ័យឆាបឆេះនោះមានទំហ៊ុំ៧ម៉ែត្រគុណ៩ម៉ែត្រ ធ្វើអំពីឈើប្រក់ក្បឿង ។ ក្រៅពីខូចខាតផ្ទះអស់ទាំងស្រុងក៏មានសម្ភារៈប្រើប្រាស់ជាច្រើនទៀតត្រូវអគ្គិភ័យឆាបឆេះ ព្រមទាំងលុយចំនួន ១ពាន់ដុល្លារសហរដ្ឋអាមេរិកផងដែរ ។ ផ្ទះដែលត្រូវបានភ្លើងឆាបឆេះនេះមានម្ចាស់ឈ្មោះ ចេង គីមស្រ៊ាន់ ភេទស្រី អាយុ៣៨ឆ្នាំ បច្ចុប្បន្នរស់នៅក្នុងភូមិស្វាយអាត់ក្រោម ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុម្ចាស់ផ្ទះមិនបាននៅផ្ទះនោះទេ ពោលគឺនៅអង្គុយលេងផ្ទះអ្នកជិតខាង ខណៈនោះស្រាប់តែឮសម្លេងផ្ទុះចេញពីលើផ្ទះនិងមានផ្សែងភ្លើងព្រមទាំងអណ្តាតភ្លើងឆាបឆេះចេញមកក្រៅ ទើបមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាងនិងសមត្ថកិច្ចនគរបាលនាំគ្នាជួយដងទឹកជះពន្លត់ភ្លើង ខ្លះទៀតតទុយោបូមទឹក ។ ទោះបីជាបែបណាការអន្តរាគមន៍នោះបានត្រឹមតែទប់ស្កាត់ភ្លើងមិនឲ្យឆាបឆេះតទៅកាន់លំនៅដ្ឋានផ្សេងទៀតតែប៉ុណ្ណោះ ខណៈដែលភ្លើងបានឆាបឆេះផ្ទះមួយខ្នងនេះអស់ទាំងស្រុង ។
មន្ត្រីនគរបាលស្រុកខ្សាច់កណ្តាលបានបញ្ជាក់ថា គ្រោះអគ្គិភ័យនេះបណ្តាលមកពីការឆ្លងចរន្តអគ្គិសនីប្រើប្រាស់នៅក្នុងផ្ទះ ៕
ដោយ៖ ស្អាងជ័យ