មន្ត្រីក្រុមលោក កឹម សុខា បញ្ជាក់ថាគណបក្សភ្លើងទៀនមិនជាប់ពាក់ព័ន្ធជាមួយអតីតគណបក្សសង្គ្រោះជាតិទេ

ចែករំលែក៖

ភ្នំពេញ៖ អតីត​ថ្នាក់​ដឹកនាំក៏ដូចជាអតីតមន្ត្រីសកម្មជនអតីតគណបក្ស​សង្គ្រោះ​ជាតិ អំពាវនាវ​កុំ​ឲ្យ​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចាញ់​បោក និង​បំភាន់​ចំពោះ​ការលើក​ឡើង​ថា អតីតគណបក្សសង្គ្រោះ​ជាតិ និង​គណបក្ស​ភ្លើងទៀន គឺ​តែ​មួយ។ ការ​លើក​ឡើង​បែប​នេះ នឹង​ធ្វើ​ឲ្យ​​លោក កឹម សុខា អតីតប្រធាន​អតីតគណ បក្ស​សង្គ្រោះ​ជាតិជាប់​ជំពាក់​នឹង​ផ្លូវ​ច្បាប់​ផង និង​ពិបាក​ដំណើរ​ការ​ឡើង​វិញ​អតីតគណបក្ស​សង្គ្រោះជាតិ។

អតីតថ្នាក់ដឹកនាំនិងមន្ត្រីនៃអតីតគណបក្សសង្គ្រោះជាតិបានចេញលិខិត​ចំហរ ដែលត្រូវ​បានផ្សព្វផ្សាយ​ដោយផេក​ហ្វេសប៊ុក​ឈ្មោះ យុត្តិធម៌ សង្គម ​នា​ព្រឹក​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២២ ដែលមាន​ខ្លឹមសារ​ទាំងស្រុង​ដូច​តទៅ៖

ក្នុងនាមខ្ញុំជាអតីតគណនាយកនិងជាអតីតប្រធានគណបក្សសង្គ្រោះជាតិថ្នាក់ខេត្ត និង​ដែលបានចូលរួមស្តាប់ការសំណេះសំណាលនៅពេលថ្មីៗនេះក្រោមអធិបតីភាពលោកប្រធាន កឹម សុខា ខ្ញុំសូមជំរាបជូនមកសមាជិក សមាជីកា និងបងប្អូនប្រជាពលរដ្ធដែលគាំទ្រអតីតគណបក្សសង្គ្រោះជាតិដែលមានលោក កឹម សុខា ជាប្រធាន ដូចតទៅ :

ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ និងជាពិសេសនៅក្នុងរយៈពេលនៃយុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២នេះ មានមេដឹកនាំបេក្ខជន និងសកម្មជនមួយចំនួននៃគណបក្សភ្លើងទៀន បានលួចបន្លំប្រើប្រាស់ឈ្មោះអតីតគណ​បក្ស​សង្គ្រោះជាតិដើម្បីបោកប្រាស់ ភូតកុហក និងបំភាន់ថា គណបក្សភ្លើង​ទៀន​និងអតីតគណបក្សសង្គ្រោះជាតិ «គឺតែមួយ» ពោលគឺគណបក្សភ្លើងទៀនគឺ​ជា​អតីតគណ​បក្សសង្គ្រោះជាតិ។

ជំនួសមុខអោយលោកកឹម សុខា ខ្ញុំសូមបដិសេធចោលទាំងស្រុងចំពោះ​ការលើកឡើងអះអាងបោកប្រាស់ដ៍ថោកទាប និងដោយគ្មានការអៀន​ខ្មាស់​បែបនេះ ព្រោះលោកប្រធាន កឹម សុខាកំពុងតែបន្តតស៊ូដោយមានការគាំទ្រនិងលើកទឹកចិត្តយ៉ាងសកម្មពីសហគមន៍អន្តរជាតិដើម្បីទាមទារអោយគណបក្សសង្គ្រោះជាតិអាចដំណើរការឡើងវីញបានដោយស្របច្បាប់។

ទន្ទឹមនឹងនេះដែរ លោក កឹម សុខា ក៏ធ្លាប់បានប្រកាសជា សាធារណៈរួចហើយ​ដែរថា គាត់មិនជាប់ពាក់ព័ន្ធអ្វីជាមួយ សម រង្ស៊ី ទៀតនោះទេ! ដូច្នោះសូមកុំយក ឈ្មោះរបស់គាត់ទៅបម្រើផលប្រយោជន៌របស់បក្សខ្លួនទៀតឱ្យសោះ ជាពិសេសឈ្មោះអតីតគណបក្សសង្គ្រោះជាតិ ដែលលោក កឹម សុខា ជាប្រធាន។

ម៉្យាងវិញទៀត នៅក្នុងរាល់ពិធីសំណេះសំណាលជាបន្តបន្ទាប់ជាមួយថ្នាក់ដឹកនាំនិងសកម្មជនអតីតបក្សសង្គ្រោះជាតិនៅតាមបណ្តាខេត្តលោកប្រធាន កឹម សុខា ក៏តែងតែបានលើកឡើងយ៉ាងច្បាស់ថា «គាត់មិនដែលក្បត់ឆន្ទៈរាស្ត្រ និងមិនដែលរត់ចោលស្រុកដូចអ្នកខ្លះ (ដែលគាត់ចង់សំដៅទៅលើ សម រង្ស៊ី និងបក្សពួក) ហើយបើត្រូវធ្វើអ្វី គឺគាត់ចេញមុខដឹកនាំធ្វើដោយផ្ទាល់…»។ ហើយថ្មីៗនេះ កូនស្រីរបស់លោកប្រធាន កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា ក៏បានសរសេរបង្ហោះនៅក្នុង ទ្វីធទ័រ របស់ខ្លួន ដោយបានបញ្ជាក់យ៉ាងច្បាស់ថា «ការបោះ​ឆ្នោត​ឃុំ​សង្កាត់ ឆ្មាំ២០២២នេះ គ្មានវត្តមាននៃមេដឹកនាំរបស់បក្សសង្គ្រោះជាតិដែលនៅក្នុងប្រទេសកម្ពុជាចូលរួមនោះទេ»។ 

ដូច្នេះ សូមសមាជិក,សមាជីកានិងបងប្អូនប្រជាពលរដ្ធដែលគាំទ្រអតីតគណបក្សសង្គ្រោះជាតិ ជាពិសេសគាំទ្រលោកប្រធាន កឹម សុខា សូមកុំចាញ់បោកការ ឃោសនាបោកប្រាស់របស់មេដឹកនាំ ក៏ដូចជាបេក្ខជន និងសកម្មជនបក្សភ្លើងទៀនអោយសោះដែលដើរនិយាយ​អួត​អាងថា បក្សភ្លើងទៀននិងបក្សសង្គ្រោះជាតិគឺ«តែមួយ» ព្រោះនេះគឺជាការភូតកុហកដ៍ឥតអៀនខ្មាស់និង បំភាន់ទាំងស្រុង។ 

អ្វីដែលកាន់តែធ្ងន់ធ្ងរជាងនេះទៅទៀតនោះ គឺចេតនា  ទុច្ចរិទ្ធនៃការឃោសនាថា «បក្សភ្លើងទៀននិងអតីតបក្សសង្គ្រោះជាតិគឺតែមួយ» នឹងធ្វើអោយលោកប្រធាន កឹម សុខា កាន់តែពិបាកក្នុងការប្រឈមមុខដោះស្រាយខាងផ្លូវច្បាប់ដើម្បីដោះបន្ទុកសំរាប់ខ្លួនគាត់ផង និងការដំណើរការឡើងវីញនៃអតីតបក្សសង្គ្រោះជាតិផង៕

    

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print